កិច្ចការ 22

22
1«អ្នក​រាល់​គ្នា​ជា​បង‌ប្អូន និងជា​ឪពុក​អើយ សូម​ស្តាប់​ពាក្យ​ស្រាយ​បំភ្លឺ​របស់​ខ្ញុំ​សិន!»។
2កាល​គេ​ឮ​លោក​និយាយ​ជា​ភាសា​ហេព្រើរ នោះ​គេ​រឹត​តែ​នៅ​ស្ងៀម។ លោក​មាន​ប្រសាសន៍​ថា៖
3«ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលី‌គា តែ​បាន​មក​រស់​នៅ​ទី​ក្រុង​នេះ បាន​ទទួល​ការ​អប់​រំ តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វ‌បុរស​របស់​យើងយ៉ាង​តឹង​រឹង នៅ​ទៀប​ជើង​របស់​លោក​កាម៉ា‌លាល ហើយ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ព្រះ ដូច​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។ 4ខ្ញុំ​បាន​បៀត​បៀន​អ្នក​ដែល​ដើរ​តាម​ផ្លូវ​នេះ រហូត​ដល់​សម្លាប់​គេ ដោយ​ចាប់​ចង​គេ​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក​ទៀត​ផង 5ដូច​មាន​សម្តេច​សង្ឃ និង​ក្រុម‌ប្រឹក្សា​របស់​ពួក​ចាស់​ទុំ​ទាំង​មូល ជា​បន្ទាល់​ពី​ខ្ញុំ​ស្រាប់។ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នោះ យក​ទៅ​ជូន​ពួក​បង‌ប្អូន​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅចាប់​ចង​អស់​អ្នក​ដែល​នៅ​ទី​នោះ ហើយ​នាំ​ពួក​គេ​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូ‌សាឡិម»។
លោក​ប៉ុល​រៀបរាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក
6«ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃចាំង​មក​ជុំ​វិញ​ខ្ញុំ។ 7ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា៖ "សុលអើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?"។ 8ខ្ញុំ​បាន​ឆ្លើយ​ថា៖ "ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ជា​អ្នក​ណា?" ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ខ្ញុំ​ជា​យេស៊ូវ អ្នក​ស្រុក​ណា‌សារ៉ែត ដែល​អ្នក​កំពុង​តែ​បៀត​បៀន"។ 9ពេល​នោះ អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ ក៏​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ​ទេ។ 10ខ្ញុំ​ក៏​សួរ​ថា "ព្រះ‌អម្ចាស់​អើយ តើ​ទូល​បង្គំ​ត្រូវ​ធ្វើ​ដូច​ម្តេច?" ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាសទៅ ដ្បិត​នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នកពី​កិច្ច‌ការ​ដែល​ព្រះ​តម្រូវឲ្យ​អ្នក​ធ្វើ"។ 11ដោយ​ខ្ញុំ​មើល​អ្វី​មិន​ឃើញ​សោះ ដោយ​សារ​រស្មី​ដ៏​រុង​រឿង​នៃ​ពន្លឺ​នោះ អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំក៏​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ចូល​ទៅ​ក្រុង​ដាម៉ាស។
12មាន​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ ស្រប​តាម​ក្រឹត្យ‌វិន័យ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​សាសន៍​យូដា​ទាំង​អស់​ដែល​រស់​នៅ​ទីនោះ 13គាត់​បាន​មក​ជួប​ខ្ញុំ ហើយ​ឈរ​ជិត​ខ្ញុំ​និយាយ​ថា "សុល​អើយ សូម​ឲ្យ​ភ្នែក​បង​បាន​ភ្លឺ​ឡើង​វិញ​ចុះ!" នៅ​វេលា​នោះឯង ភ្នែក​ខ្ញុំ​ក៏​ភ្លឺ ហើយ​មើល​ឃើញ​គាត់។ 14គាត់​និយាយ​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង បាន​តម្រូវ​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អង្គ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​ព្រះ​សូរ​សៀង​ចេញ​ពី​ព្រះ‌ឱស្ឋរបស់​ព្រះ‌អង្គ​ផ្ទាល់ 15ដ្បិត​បង​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ទាំង​អស់ ពី​ហេតុ‌ការណ៍​ដែលបង​បាន​ឃើញ និង​បាន​ឮ។ 16ឥឡូវ​នេះ តើ​បង​នៅ​ចាំ​អ្វីទៀត? ចូរ​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​អំពាវ​នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដើម្បី​លាង​បាប​របស់​បង​ទៅ!"។
គេ​បញ្ជូន​លោក​ប៉ុល​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ
17កាល​ខ្ញុំ​បាន​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ ខ្ញុំ​ក៏​លង់​ស្មាតី​ទៅ 18ហើយ​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ទេ"។ 19ខ្ញុំ​ក៏​ទូល​ថា "ព្រះ‌អម្ចាស់​អើយ អ្នក​ទាំង​នោះ​ដឹង​ស្រាប់​ហើយ​ថា នៅ​តាម​សាលា​ប្រជុំ ទូល​បង្គំ​បាន​ចាប់​អស់​អ្នក​ដែល​បាន​ជឿ​ដល់ព្រះ‌អង្គ​ដាក់​គុក ហើយ​វាយ​ដំទៀត​ផង។ 20កាល​ឈាម​របស់​លោក​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​បាន​ខ្ចាយ នោះ​ទូល​បង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ ទាំង​យល់​ព្រមឲ្យ​គេ​សម្លាប់​គាត់ ដោយ​នៅ​យាម​អាវ​របស់​ពួក​អ្នកដែល​សម្លាប់​គាត់ផង​ដែរ"។ 21ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ"»។
លោក​ប៉ុល និង​មេទ័ព​រ៉ូម
22ពេល​បណ្តាជន​ស្តាប់​លោក​មាន​ប្រសាសន៍​ដល់​ត្រឹម​នោះ គេ​ក៏​ស្រែក​ឡើង​ថា «ចូរ​សម្លាប់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ!»។ 23ពេល​គេ​កំពុង​ស្រែក ទាំងគ្រវែង​អាវ​របស់​គេ​ចោល ហើយ​បាច​ធូលី​ដី​ទៅ​លើ 24នោះ​មេទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ ដោយ​ប្រាប់​គេ​ឲ្យ​វាយ​សួរ​ចម្លើយ ដើម្បី​ចង់​ដឹង​ពី​ហេតុ​ដែល​គេ​ស្រែក​ទាស់​នឹងលោក​បែប​នេះ។ 25ប៉ុន្តែ នៅ​ពេល​គេ​យក​ខ្សែ​មក​ចង​សន្ធឹង​លោក​ប៉ុល នោះ​លោក​ក៏​មាន​ប្រសាសន៍​ទៅ​មេទ័ព​រង​ដែល​ឈរ​នៅ​ជិត​នោះ​ថា៖ «តើ​ច្បាប់អនុញ្ញាតឲ្យ​វាយ​សាសន៍​រ៉ូម​នឹង​រំពាត់ ដោយ​មិន​បាន​កាត់​ទោស​ដូច្នេះ​ឬ?» 26ពេល​មេទ័ព​រង​ឮ​ដូច្នេះ គាត់​ក៏​ទៅ​ជម្រាប​មេទ័ព​ធំ​ថា៖ «តើ​លោក​គិត​ធ្វើ​អ្វី​ហ្នឹង? ដ្បិត​អ្នកនេះ​ជា​សាសន៍​រ៉ូម​ទេ​តើ»។ 27មេទ័ព​ធំ​ក៏​ចូល​មក​សួរ​លោក​ប៉ុល​ថា៖ «ចូរ​ប្រាប់​ខ្ញុំ​មក៍ តើ​អ្នក​ជា​សាសន៍​រ៉ូម​មែន​ឬ?» លោក​ឆ្លើយ​ថា៖ «បាទ!» 28មេទ័ព​ធំ​ពោល​ថា៖ «ខ្ញុំ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម​នេះ»។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម​តាំង​ពី​កំណើត​មក​ម៉្លេះ»។ 29ដូច្នេះ អស់​អ្នក​បម្រុង​នឹង​សួរ​ចម្លើយ​លោក​ប៉ុល ក៏​ដក​ខ្លួនថយ​ចេញ​ពី​លោក​ភ្លាម ហើយ​មេទ័ព​ធំ​ក៏​ភិត​ភ័យ​ដែរ ដ្បិត​គាត់​ដឹង​ថា លោក​ប៉ុលមានសញ្ជាតិ​រ៉ូម ព្រោះគាត់​បាន​ជ្រុល​ចង​លោក​ទៅ​ហើយ។
លោក​ប៉ុល​នៅ​មុខ​ក្រុម​ប្រឹក្សា
30ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ចង់​ដឹង​ច្បាស់​ពី​មូល​ហេតុ ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​លោក​ប៉ុល លោក​មេទ័ព​ក៏​ស្រាយ​ចំណង ហើយ​បង្គាប់​ឲ្យ​ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូលមក​ជួប​ជុំ​គ្នា រួចក៏​នាំ​លោក​ប៉ុល​ចុះ​មក ហើយ​ឲ្យឈរ​នៅ​មុខ​ពួកគេ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល