កិច្ចការ 21

21
លោក​ប៉ុល​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរ៉ូសាឡិម
1កាល​យើង​បាន​លា​ពួក​គេ​ចេញ​ទៅ យើង​បាន​ចេញ​សំពៅ​តម្រង់​ទៅ​កោះ​កូស ហើយ​នៅ​ថ្ងៃ​បន្ទាប់ យើង​មក​ដល់​កោះ​រូដូស រួច​ចេញ​ពី​ទី​នោះ ទៅ​ក្រុង​ប៉ា‌តារ៉ា។ 2កាល​បាន​ឃើញ​សំពៅ​មួយ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ 3ពេល​យើង​មក​ជិត​ដល់​កោះ​គីប្រុស យើង​ក៏​ធ្វើ​ដំណើរ​វាង​ទៅ​ខាង​ស្ដាំ ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី រួច​ចូល​ចត​នៅ​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​រើ​ទំនិញ​ចេញ​នៅ​ទី​នោះ។ 4យើង​បាន​ជួប​ពួក​សិស្ស​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជាមួយ​ពួក​គេ​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ តាម​រយៈ​ព្រះ‌វិញ្ញាណ គេ​បាន​ឃាត់​លោក​ប៉ុលមិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ឡើយ។ 5លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​គេ​ទាំង​អស់គ្នា ព្រម​ទាំង​ប្រពន្ធ និង​កូន​របស់​គេ​ផង បាន​ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី​ក្រុង។ យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ 6ហើយ​ជម្រាប​លា​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក យើង​ក៏​ចុះ​សំពៅ រី​ឯ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។
7យើង​បាន​បញ្ចប់​ដំណើរ​តាម​សំពៅ​ពី​ក្រុង​ទីរ៉ុស នៅ​ពេល​យើង​បាន​មក​ដល់​ក្រុង​ផ្ទលេ‌មេ។ យើង​បាន​ជម្រាប​សួរ​ពួក​បង‌ប្អូន ហើយ​បាន​ស្នាក់​នៅ​ជា‌មួយ​គេ​អស់​មួយ​ថ្ងៃ។ 8នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ចេញ​ទៅ​ដល់​ក្រុង​សេ‌សារា ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព ជា​អ្នក​ប្រកាស​ដំណឹង​ល្អ ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំពីរ ហើយ​យើង​ក៏​ស្នាក់​នៅ​ជាមួយ​គាត់។ 9លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ។ 10កាល​យើង​កំពុង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ មាន​ហោរា​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ចុះ​មក​ពី​ស្រុក​យូដា។ 11គាត់​បាន​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​របស់​លោក​ប៉ុល​មកចង​ជើង​ចង​ដៃ​របស់​ខ្លួន រួច​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "ពួក​សាសន៍​យូដា​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ"» 12កាល​យើង​ឮដូច្នេះ នោះ​ទាំង​យើង ទាំង​ប្រជាជនដែល​នៅ​ទី​នោះ ក៏​អង្វរ​លោក​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌ឡិម​ឡើយ។ 13ពេល​នោះ លោក​ប៉ុល​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ធ្វើ​អ្វី? ដ្បិត​ខ្ញុំ​បាន​ប្រុង​ប្រៀប​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត​ផង ដើម្បី​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ»។ 14ដោយ​លោក​មិន​យល់​ព្រម​តាម​ពាក្យ​អង្វរ​របស់​យើង យើង​ក៏​នៅ​ស្ងៀម ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អម្ចាស់​ចុះ»។
15ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក យើង​រៀប​ចំ​ខ្លួន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។ 16មាន​សិស្ស​ខ្លះ​ពី​ក្រុង​សេ‌សារា​បាន​រួម​ដំណើរ​ជា‌មួយ​យើង ហើយ​នាំ​យើង​ទៅ​ផ្ទះ​របស់​លោក​ម៉្នាសុន ជា​អ្នកកោះ​គីប្រុស និង​ជា​សិស្ស​ចាស់ ដែល​យើង​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់។
លោក​ប៉ុល​សួរ​សុខទុក្ខ​លោក​យ៉ាកុប​នៅ​ក្រុង​យេរូ‌សាឡិម
17ពេល​យើង​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ពួក​បង‌ប្អូនបាន​ទទួល​យើង​ដោយ​អំណរ។ 18នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ុល​បានទៅ​ផ្ទះ​របស់​លោក​យ៉ាកុប​ជា‌មួយ​យើង ឯ​ពួក​ចាស់​ទុំ​ទាំង​អស់​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។ 19កាល​បាន​ជម្រាប​សួរ​អ្នក​ទាំង​នោះ​រួច​ហើយ លោក​ប៉ុល​ក៏​បាន​រៀប​រាប់​ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ម្ដង​មួយៗ តាម​រយៈ​ការ​ងារ​របស់​លោក។ 20កាល​បាន​ឮដូច្នេះ គេ​ក៏​លើក​តម្កើង​ព្រះ ហើយពោល​មកកាន់​លោក​ថា៖ «បង​អើយ បង​ឃើញស្រាប់​ហើយ ក្នុង​ចំណោម​សាសន៍​យូដា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​គេ​សុទ្ធ​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ក្រឹត្យ‌វិន័យគ្រប់​គ្នា។ 21គេ​បាន​ឮ​ដំណឹង​ពី​បង​ថា បង​បង្រៀន​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា‌មួយ​សាសន៍​ដទៃ ឲ្យ​គេ​បោះ​បង់​ចោល​លោក​ម៉ូសេ ព្រម​ទាំង​ហាម​ប្រាម​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​កូនចៅ ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ផ្សេងៗ​ឡើយ។ 22ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច? គេ​ច្បាស់​ជា​នឹង​ឮ​ថា បងបាន​មក​ដល់ទី​នេះ​មិន​ខាន។ 23ដូច្នេះ សូម​បង​ធ្វើ​តាម​ពាក្យ​ដែល​យើង​បាន​ប្រាប់​ចុះ ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​ដែល​នៅ​ជាប់​បំណន់។ 24សូម​បង​នាំ​អ្នក​ទាំង​នេះ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ជា‌មួយ​គេ រួច​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង។ យ៉ាង​នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា ដំណឹង​ដែល​គេ​ឮ​អំពី​បង នោះ​មិន​ពិត​ទេ គឺ​ថា ខ្លួន​បង​ក៏​រស់​នៅ​ទាំង​កាន់​តាម​ក្រឹត្យ‌វិន័យ​ដែរ។ 25តែ​ឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សម្រេច​ថា គេ​ត្រូវ​ចៀស​វាង​កុំ​បរិ‌ភោគ​អាហារ​ដែល​សែនដល់​រូប​ព្រះ កុំ​បរិ‌ភោគ​ឈាម កុំ​បរិ‌ភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់» ។ 26បន្ទាប់​មក លោក​ប៉ុល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ ហើយ​នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា‌មួយ​អ្នក​ទាំង​នោះ រួច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​បញ្ជាក់​ពី​ថ្ងៃ​ដែល​ពិធី​ជម្រះ​កាយ​ត្រូវ​បញ្ចប់ និង​តង្វាយ​ដែល​គេ​ម្នាក់ៗ​ត្រូវ​ថ្វាយ។
លោក​ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ព្រះ‌វិហារ
27កាល​ជិត​គ្រប់​រយៈ​ពេល​ប្រាំពី​រថ្ងៃ​នោះ​ហើយ មាន​សាសន៍​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​ប៉ុល​នៅ​ក្នុង​ព្រះ‌វិហារ គេ​ក៏​ញុះ‌ញង់​បណ្តា​ជន​ទាំង​អស់​ឲ្យ​ចាប់លោក 28ដោយ​ស្រែក​ថា៖ «សាសន៍​អ៊ីស្រា‌អែល​អើយ មក​ជួយ​គ្នា! អ្នក​នេះ​ហើយ​ដែល​បង្រៀន​មនុស្ស​គ្រប់​គ្នា នៅ​គ្រប់​ទី​កន្លែង ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង ទាស់​នឹង​ក្រឹត្យ‌វិន័យ ហើយ​ទាស់​នឹង​កន្លែង​នេះ។ លើស​ពី​នេះ​ទៀត គាត់​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​បង្អាប់​បង្ឱន​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង»។ 29ដ្បិត​ពីមុន គេឃើញ​លោក​ទ្រភីម ជា​អ្នក​ស្រុក​អេភេ‌សូរ នៅ​ជា‌មួយ​លោក​ក្នុង​ទី​ក្រុង ហើយ​គេ​ស្មាន​ថា លោក​ប៉ុល​បាន​នាំ​សាសន៍​ក្រិក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ។ 30ពេល​នោះ ទី​ក្រុង​ទាំង​មូល​ក៏​ជ្រួល​ប្របល់ ហើយ​ប្រជាជន​រត់​មក​ជួប​ជុំ​គ្នា។ គេ​បាន​ចាប់​លោក​ប៉ុល ហើយ​អូស​លោក​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម។ 31កាល​គេ​បម្រុង​នឹង​សម្លាប់​លោក ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​មេទ័ព​ធំ​ថា ក្រុង​យេរូ‌សាឡិម​ទាំង​មូល​កំពុង​កើត​វឹក​វរ។ 32លោក​ក៏​យក​ទាហាន និង​មេទ័ព​រង រត់​ចុះ​ទៅរក​ពួក​គេ​ភ្លាម។ កាលប្រជា​ជន​ឃើញ​មេទ័ព​ធំ និងពួក​ទាហាន​មក​ដល់ គេ​ក៏​ឈប់​វាយ​លោក​ប៉ុល។ 33ពេល​នោះ មេទ័ព​ធំ​ក៏​ចូល​ទៅ​ជិត ហើយ​ចាប់​លោក​ប៉ុល ព្រម​ទាំងបញ្ជា​ឲ្យ​គេ​ចង​លោក​ដោយ​ច្រវាក់​ពីរ​ខ្សែ រួច​សួរថា​លោក​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ។ 34ប៉ុន្ដែ ក្នុង​ចំណោម​បណ្តាជន មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ហើយ​ដោយ​លោក​ពុំ​អាច​ដឹង​រឿង​ហេតុ​ពិត​ប្រាកដ ព្រោះ​តែ​មាន​សំឡេង‌អឺង‌កង​ខ្លាំងពេក លោកក៏បញ្ជា​ឲ្យគេ​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ។ 35ពេល​លោក​ប៉ុល​មក​ដល់​ជណ្តើរ​បន្ទាយ ពួក​ទាហាន​ក៏​ជ្រោង​លោក​ឡើង ព្រោះ​តែ​អំពើ​ហិង្សា​របស់​បណ្ដាជន 36ដ្បិត​មាន​មនុស្ស​ប្រសេច​ប្រសាចបាន​ដើរ​តាម ទាំង​ស្រែក​ថា៖ «សម្លាប់​វាទៅ!»។
លោក​ប៉ុល​ឆ្លើយ​ការពារ​ខ្លួន
37កាល​គេ​រៀប​នឹង​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ លោកមាន​ប្រសាសន៍​ទៅ​មេទ័ព​ធំ​ថា៖ «តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​លោក​បន្តិច​បាន​ឬ​ទេ?» មេទ័ព​ធំ​តប​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរឬ? 38ដូច្នេះ អ្នក​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ ដែល​បាននាំ​ការ​បះបោរ​ថ្មីៗ​នេះ ហើយ​នាំ​ឃាតក​បួន​ពាន់​នាក់ចូល​ទៅ​ក្នុង​ទី​ហោរ‌ស្ថាន​នោះ​ទេ​ឬ?» 39លោក​ប៉ុល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​សាសន៍​យូដា មកពី​ក្រុង​តើ‌សុស ស្រុក​គីលី‌គា មិន​មែន​ជាពល​រដ្ឋ​ដែល​មក​ពី​ទី​ក្រុង​ឥត​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។ 40កាល​លោក​មេទ័ព​ធំ​បាន​អនុញ្ញាត​ឲ្យ លោក​ប៉ុល​ក៏​ឈរ​លើ​ជណ្តើរ ធ្វើ​ដៃ​ជា​សញ្ញា​ទៅ​កាន់ប្រជាជន។ លុះ​បាន​ស្ងប់​ស្ងាត់​ហើយ លោកមានប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា៖

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល