២ សាំ‌យូ‌អែល 4

4
ស្តេច​អ៊ីស​បាល​ត្រូវ​គេ​ធ្វើ​គុត
1ពេល​ស្តេច​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល​បាន​ជ្រាប​ថា អ័ប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេប្រុន​ដូច្នោះ ទ្រង់​ក៏​ថយ​កម្លាំង​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​មាន​ចិត្ត​រន្ធត់។ 2ព្រះបាទ​អ៊ីស-បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ មួយ​ឈ្មោះ​ប្អាណា ហើយ​មួយ​ទៀត​ឈ្មោះ​រេកាប ទាំង​ពីរ​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដ្បិត​ស្រុក​ប្អៀរ៉ុត​ក៏​រាប់​ទុក​ជា​របស់​ពួក​បេនយ៉ាមីន​ដែរ។ 3(ពួក​ប្អៀរ៉ុត​នោះ​បាន​រត់​ទៅ​តាំង​ទី​លំ‌នៅ នៅ​គីថែម​វិញ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)។
4ចំណែក​យ៉ូណា‌ថាន​ជា​បុត្រា​របស់​ស្ដេចសូល​មាន​បុត្រា​មួយ នាម​ថា មេភី‌បូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះ‌ជន្ម​ប្រាំ​ឆ្នាំ ក្នុង​ខណៈ​ដែល​ឮ​ដំណឹង​មក​ពី​យេស‌រាល ពី​ដំណើរ​ស្ដេចសូល និង​យ៉ូណា‌ថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់‌ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។
5រីឯ​រេកាប និង​ប្អាណា ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​គេ​ក៏​ទៅ​ដំណាក់​អ៊ីស-បូសែត ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ពេញ​កម្ដៅ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​វេលា​ថ្ងៃ​ត្រង់ 6គេ​ចូល​ទៅ​ក្នុង​ដំណាក់ ធ្វើ​ដូច​ជា​ចូល​ទៅ​យក​ស្រូវ​ភោជ្ជ‌សាលី ក៏​ចាក់​ទ្រង់​ត្រង់​ឧទរ​សម្លាប់​ទ្រង់​ទៅ រួច​នាំ​គ្នា​រត់​ទៅ​បាត់។ 7រីឯ​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ដំណាក់ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ទែន ក្នុង​បន្ទប់​សម្រាប់​ផ្ទំ នោះ​គេ​បាន​ធ្វើ​គុត​ស្ដេច​ទៅ រួច​កាត់​យក​ព្រះ‌សិរ ចេញ ទៅ​តាម​ផ្លូវ​ស្រុក​វាល​អស់​មួយ​យប់​នោះ 8គេ​នាំ​យក​ព្រះ‌សិរ​របស់​អ៊ីស-បូសែត ទៅ​ថ្វាយ​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា នេះ​ព្រះ‌សិរ​របស់​អ៊ីស-បូសែត បុត្រ​របស់​ស្តេច​សូល ជា​ខ្មាំង​សត្រូវ ដែល​ស្វែង​រក​ជីវិត​ទ្រង់ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ស្ដេចសូល ព្រម​ទាំង​វង្សា​របស់​ព្រះ‌អង្គ ជំនួស​ព្រះ‌ករុណា​ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ហើយ»។
9ប៉ុន្តែ ដាវីឌ​មាន​រាជ‌ឱង្ការ​ឆ្លើយ​ទៅ​រេកាប និង​ប្អាណា​ប្អូន​គាត់ ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង​ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ថា 10ពេល​មាន​ម្នាក់​មក​ប្រាប់​យើង​ពី​ស្តេច​សូល​បាន​សុគត​ហើយ ដោយ​ស្មាន​ថា ខ្លួន​នាំ​ដំណឹង​ល្អ​ណា​មួយ​មក​ប្រាប់​ដល់​យើង នោះ​យើង​បាន​ចាក់​សម្លាប់​វា នៅ​ត្រង់​ស៊ីក‌ឡាក់​ទៅ ទុក​ជា​រង្វាន់​ដល់​វា ដោយ​ព្រោះ​ដំណឹង​ដែល​នាំ​មក​នោះ។ 11ដូច្នេះ ចំណង់​បើ​មនុស្ស​អាក្រក់​បាន​សម្លាប់​មនុស្ស​សុចរិត នៅ​លើ​ដំណេក ក្នុង​លំ‌នៅ​របស់​ខ្លួន នោះ​តើ​មិន​ឲ្យ​យើង​សង‌សឹក​ជំនួស​ឈាម​អ្នក​នោះ ដោយ​ដក​ឯង​ចេញ​ពី​ផែនដី​ទៅ លើស​ជាង​ទៅ​ទៀត​ទេ​ឬ?» 12ព្រះបាទ​ដាវីឌ​បញ្ជា​ពួក​យុវជន​របស់​ខ្លួន ហើយ​គេ​ក៏​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​ទៅ ព្រម​ទាំង​កាត់​ដៃ​កាត់​ជើង​យក​ទៅ​ព្យួរ​នៅ​ក្បែរ​ស្រះ ត្រង់​ហេប្រុន តែ​គេ​នាំ​យក​ព្រះ‌សិរ​របស់​ព្រះបាទ​អ៊ីស-បូសែត ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​អ័ប៊ី‌នើរ នៅ​ក្រុង​ហេប្រុន។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល