២ សាំ‌យូ‌អែល 3

3
អ័ប៊ី‌នើរ​ចុះ​ចូល​ជា​មួយ​ព្រះបាទ​ដាវីឌ
1នៅ​គ្រា​នោះ មាន​ចម្បាំង​យ៉ាង​យូរ​រវាង​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​ស្តេច​សូល​កាន់​តែ​ខ្សោយ​ទៅ។
2ព្រះបាទ​ដាវីឌ​បង្កើត​បាន​បុត្រា​ខ្លះ​នៅ​ក្រុង​ហេប្រុន បុត្រ​ច្បង គឺ​អាំណូន ដែល​ប្រសូត្រ​ពី​នាង​អ័ហ៊ី‌ណោម​ជា​អ្នក​ស្រុក​យេស‌រាល 3បុត្រ​បន្ទាប់ គឺ​គី‌លាប ដែល​ប្រសូត្រ​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ប្រពន្ធ​របស់​ខ្មោច​ណា‌បាល បុត្រ​ទី​បី គឺ​អាប់សា‌ឡុម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​របស់​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី 4បុត្រ​ទី​បួន គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត បុត្រ​ទី​ប្រាំ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល។ 5បុត្រ​ទី​ប្រាំមួយ គឺ​យីតរាម ប្រសូត្រ​ពី​នាង​អេកឡា ជា​ភរិយា​របស់​ព្រះបាទ​ដាវីឌ បុត្រ​ទាំង​អស់​នេះ​បាន​ប្រសូត្រ​នៅ​ក្រុង​ហេប្រុន។
6នៅ​គ្រា​ដែល​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ​កំពុង​តែ​មាន​ចម្បាំង​នឹង​គ្នា នោះ​អ័ប៊ី‌នើរ​ក៏​ចម្រើន​កម្លាំង​ខាង​រាជ‌វង្ស​ស្តេច​សូល។ 7រីឯ​ស្តេច​សូល មាន​អ្នក​ម្នាង​ម្នាក់​ឈ្មោះ​រីសប៉ា ជា​កូន​អ័យ៉ា ពេល​នោះ អ៊ីស-បូសែត​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ទៅ​ស្ត្រី​អ្នក​ម្នាង​របស់​បិតា​របស់​យើង​ដូច្នេះ?» 8នោះ​អ័ប៊ី‌នើរ​ក៏​មាន​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា៖ «ទូល‌បង្គំ​ជា​ក្បាល​ឆ្កែ​របស់​ពួក​យូដា​ឬ? សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​កំពុង​តែ​សម្ដែង​គុណ​ដ​ល់​រាជ‌វង្ស​ស្តេច​សូល ជា​បិតា​របស់​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស និង​មិត្ត​សម្លាញ់​របស់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូល‌បង្គំ​ពី​រឿង​ស្រី​នោះ 9ប្រសិន‌បើ​ទូល‌បង្គំ​មិន​លើក​ព្រះបាទ​ដាវីឌ​ឡើង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ទ្រង់​នោះ សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​អ័ប៊ី‌នើរ​ខ្ញុំ​នេះ​យ៉ាង​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង 10គឺ​ទូល‌បង្គំ​នឹង​ផ្ទេរ‌រាជ្យ ពី​រាជ‌វង្ស​ស្តេច​សូល ទៅ​លើ​ដាវីឌ ឲ្យ​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា »។ 11ព្រះបាទ​អ៊ីស-បូសែត មិន​អាច​ឆ្លើយ​តប​នឹង​អ័ប៊ី‌នើរ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ដោយ​ព្រោះ​ខ្លាច​លោក។
12នោះ​អ័ប៊ី‌នើរ​ចាត់​សារ​ឲ្យ​ទៅ​ព្រះបាទ​ដាវីឌ ដោយ​នូវ​ឈ្មោះ​ខ្លួន ដើម្បី​ទូល​ថា៖ «តើ​អ្នក​ណា​ជា​ស្តេច​ផែនដី? សូម​តាំង​សញ្ញា​នឹង​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​ចូល​ដៃ​ខាង​ទ្រង់ ដើម្បី​នឹង​នាំ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​វិល​មក​ខាង​ទ្រង់»។ 13ដាវីឌ​ក៏​តប​ថា៖ «យើង​យល់​ព្រម​ចុះ​សញ្ញា​នឹង​អ្នក ប៉ុន្តែ យើង​មាន​សំណូម​ពរ​មួយ គឺ​អ្នក​មិន​ឃើញ​មុខ​យើង​ឡើយ ទាល់​តែ​បាន​នាំ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល​មក នៅ​ពេល​ដែល​អ្នក​មក​ជួប​យើង»។ 14ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​អ៊ីស-បូសែត​បុត្រា​របស់​ស្តេច​សូល​ថា៖ «ចូរ​ឲ្យ​មីកាល​ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​ពួក​ភីលី‌ស្ទីន​មួយរយ​នាក់​នោះ​មក​ខ្ញុំ​វិ​ញ»។ 15នោះ​អ៊ីស-បូសែត​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​ពី​ប៉ាល‌ធាល ជា​កូន​ឡាអ៊ីស ប្តី​នាង​មក 16ឯ​ប្តី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា៖ «ចូរ​វិល​ទៅ​វិញ​ចុះ» នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។
17គ្រា​នោះ អ័ប៊ី‌នើរ​មាន​ប្រ‌សាសន៍​ទៅ​កាន់​ពួក​ចាស់​ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​ថា៖ «កាល​ពី​ដើម អ្នក​រាល់​គ្នា​ចង់​បាន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា 18ឥឡូវ​នេះ ចូរ​តាំង​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ដាវីឌ​ហើយ​ថា "យើង​នឹង​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន និង​ពី​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់ ដោយ‌សារ​ដៃ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង"»។ 19អ័ប៊ី‌នើរ​ក៏​មាន​ប្រ‌សាសន៍​ទៅ​ពួក​បេនយ៉ាមីន​ដែរ រួច​លោក​ទៅ​ក្រាប​ទូល​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ពេញ​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល និង​គ្រួសារ​បេនយ៉ាមីន​ទាំង​អស់។ 20ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​ម្ភៃ​នាក់​មក​ជា‌មួយ​ផង ឯ​ព្រះបាទ​ដាវីឌ​បាន​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ និង​ពួក​មនុស្ស​ដែល​មក​ជា‌មួយ។ 21នោះ​អ័ប៊ី‌នើរ​ទូល​ទៅ​ដាវីឌ​ថា៖ «ទូល‌បង្គំ​នឹង​ឡើង​ចេញ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ជួប​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​ចុះ​សញ្ញា​នឹង​ទ្រង់ ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​គ្រប់​ទាំង​អស់ តាម​ព្រះ‌ហឫ‌ទ័យ»។ ដូច្នេះ ដាវីឌ​បាន​ឲ្យ​អ័ប៊ី‌នើរ​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​ដោយ​សុខ‌សាន្ត។
យ៉ូអាប់​ធ្វើ​ឃាត​អ័ប៊ី‌នើរ
22ខណៈ​នោះ យ៉ូអាប់ និង​ពួក​ពល​របស់​ដាវីឌ ត្រឡប់​មក​ពី​លុក‌លុយ​ស្រុក​ក្រៅ​វិញ ក៏​នាំ​យក​របឹប​ជា​ច្រើន​មក​ជា‌មួយ​ដែរ តែ​ចំណែក​អ័ប៊ី‌នើរ​មិន​នៅ​ជា‌មួយ​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ដ្បិត​ទ្រង់​បាន​ឲ្យ​លោក​ទៅ​ផុត​ហើយ លោក​ក៏​បាន​ទៅ​ដោយ​សុខ‌សាន្ត។ 23កាល​យ៉ូអាប់ និង​ពួក​ពល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​លោក បាន​មក​ដល់​ហើយ នោះ​គេ​ជម្រាប​យ៉ូអាប់​ថា៖ «អ័ប៊ី‌នើរ​ជា​កូន​នើរ បាន​ឡើង​មក​គាល់​ស្តេច ហើយ​ទ្រង់​បាន​ឲ្យ​ទៅ​វិញ​ដោយ​សុខ‌សាន្ត»។ 24នោះ​យ៉ូអាប់​លោក​ចូល​ទៅ​គាល់​ស្តេច ទូល​សួរ​ថា៖ «តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដូច្នេះ? មើល៍ អ័ប៊ី‌នើរ​បាន​មក​គាល់​ទ្រង់ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ចេញ​ទៅ ហើយ​វា​ទៅ​បាត់​ដូច្នេះ? 25ទ្រង់​ស្គាល់​អ័ប៊ី‌នើរ​ជា​កូន​នើរ​ហើយ ថា​គេ​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល និង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង»។
26ពេល​យ៉ូអាប់​បាន​ចេញ​ពី​ដាវីឌ​ទៅ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​តាម​ហៅ​អ័ប៊ី‌នើរ​មក គេ​នាំ​លោក​ពី​ត្រង់​អណ្តូង​ស៊ីរ៉ា​មក​វិញ តែ​ព្រះបាទ​ដាវីឌ​មិន​ជ្រាប​ទេ។ 27កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក​ទៅ​កណ្ដាល​ទ្វារ​កំផែង​ក្រុង​ដោយ​ឡែក ដើម្បី​មាន​ប្រ‌សាសន៍​នឹង​លោក​ដោយ​សម្ងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេ‌សា‌អែល ជា​ប្អូន​ខ្លួន។ 28កាល​ដាវីឌ​បាន​ជ្រាប ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យើង និង​រាជ្យ​របស់​យើង​ឥត​មាន​ទោស​ខាង​ឯ​ឈាម​អ័ប៊ី‌នើរ ជា​កូន​នើរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ទៅ។ 29សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ និង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើយ»។ 30គឺ​យ៉ាង​នោះ ដែល​យ៉ូអាប់ និង​អ័ប៊ី‌សាយ​ជា​ប្អូន​លោក បាន​សម្លាប់​អ័ប៊ី‌នើរ​ទៅ ដោយ​ព្រោះ​សម្លាប់​អេ‌សា‌អែល​ជា​ប្អូន នៅ​ក្នុង​ចម្បាំង​ត្រង់​គីបៀន។
31គ្រា​នោះ ព្រះបាទ​ដាវីឌ​បាន​ត្រាស់​បង្គាប់​ដល់​យ៉ូអាប់ និង​បណ្ដា​ទ័ព​រាល់​គ្នា ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ហែក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ រួ​ច​យំ​សោក​នៅ​ចំពោះ​សព​អ័ប៊ី‌នើរ​ទៅ»។ ឯ​ព្រះបាទ​ដាវីឌ​ក៏​យាង​តាម​ក្តារ​មឈូស​ដែរ។ 32គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ​នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ។ 33ស្ដេច​ទួញ​ទំនួញ​នឹង​អ័ប៊ី‌នើរ​ថា៖
«តើ​គួរ​ឲ្យ​អ័ប៊ី‌នើរ​ស្លាប់
ដូច​ជា​មនុស្ស​លី‌លា​ដូច្នេះ​ឬ?
34ដៃ​ឯង​ឥត​ជាប់​ចំណង
ហើយ​ជើង​ក៏​ឥត​ជាប់​ច្រវាក់​ដែរ
ដូច​ជា​មនុស្ស​ដែល​ត្រូវ​ដួល​ស្លាប់
នៅ​មុខ​ពួកមនុស្ស​ទុច្ចរិត»។
ហើយ​ប្រជាជន​ទាំង​អស់​ក៏​យំ​ស្ដាយ​ស្រណោះ​លោក​ម្តង​ទៀត។ 35ពេល​នោះ ប្រជាជន​ទាំង​ប៉ុន្មាន​ក៏​មូល​មក ដើម្បី​នឹង​តឿន​ឲ្យ​ព្រះបាទ​ដាវីឌ​សោយ​ព្រះ‌ស្ងោយ ក្នុង​ពេល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ ប៉ុន្តែ ព្រះបាទ​ដាវី​ឌ​ស្បថ​ថា៖ «បើ​យើង​គ្រាន់​តែ​ភ្លក់​អាហារ ឬ​អ្វី​ទៀត​មុន​ដែល​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​យើង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង​ចុះ»។ 36ពួក​ប្រជាជន​ក៏​ឃើញ ហើយ​ការ​នោះ​បាន​ពេញ​ចិត្ត​ដល់​គេ ដូច​ជា​គ្រប់​ការ​ទាំង​អស់​ដែល​ស្តេច​ធ្វើ ក៏​ត្រូវ​ចិត្ត​គេ​ដែរ។ 37ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជាជន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​យល់​ឃើញ​ថា ដែល​គេ​បាន​សម្លាប់​អ័ប៊ី‌នើរ ជា​កូន​នើរ​ទៅ នោះ​មិន​មែន​មក​ពី​ស្តេច​ទេ។ 38ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ថា៖ «តើ​មិន​ដឹង​ទេ​ថា នៅ​ថ្ងៃ​នេះ មាន​មេ​ជា​អ្នក​ធំ​ម្នាក់ ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ដួល​ស្លាប់​ហើយ? 39នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង​ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ»។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល