២ សាំយូអែល 4
4
ស្តេចអ៊ីសបាលត្រូវគេធ្វើគុត
1ពេលស្តេចអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូលបានជ្រាបថា អ័ប៊ីនើរស្លាប់នៅក្រុងហេប្រុនដូច្នោះ ទ្រង់ក៏ថយកម្លាំងទៅ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាក៏មានចិត្តរន្ធត់។ 2ព្រះបាទអ៊ីស-បូសែតមានមេទ័ពពីរនាក់ មួយឈ្មោះប្អាណា ហើយមួយទៀតឈ្មោះរេកាប ទាំងពីរនោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុតក៏រាប់ទុកជារបស់ពួកបេនយ៉ាមីនដែរ។ 3(ពួកប្អៀរ៉ុតនោះបានរត់ទៅតាំងទីលំនៅ នៅគីថែមវិញ ដរាបដល់សព្វថ្ងៃនេះ)។
4ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
5រីឯរេកាប និងប្អាណា ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះគេក៏ទៅដំណាក់អ៊ីស-បូសែត ក្នុងពេលប្រហែលជាថ្ងៃពេញកម្ដៅ កំពុងដែលទ្រង់ផ្ទំនៅវេលាថ្ងៃត្រង់ 6គេចូលទៅក្នុងដំណាក់ ធ្វើដូចជាចូលទៅយកស្រូវភោជ្ជសាលី ក៏ចាក់ទ្រង់ត្រង់ឧទរសម្លាប់ទ្រង់ទៅ រួចនាំគ្នារត់ទៅបាត់។ 7រីឯកាលគេបានចូលទៅក្នុងដំណាក់ កំពុងដែលទ្រង់ផ្ទំនៅលើព្រះទែន ក្នុងបន្ទប់សម្រាប់ផ្ទំ នោះគេបានធ្វើគុតស្ដេចទៅ រួចកាត់យកព្រះសិរ ចេញ ទៅតាមផ្លូវស្រុកវាលអស់មួយយប់នោះ 8គេនាំយកព្រះសិររបស់អ៊ីស-បូសែត ទៅថ្វាយព្រះបាទដាវីឌនៅក្រុងហេប្រុន ទូលថា៖ «បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្ររបស់ស្តេចសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងស្ដេចសូល ព្រមទាំងវង្សារបស់ព្រះអង្គ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ»។
9ប៉ុន្តែ ដាវីឌមានរាជឱង្ការឆ្លើយទៅរេកាប និងប្អាណាប្អូនគាត់ ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើងចេញពីគ្រប់ទាំងសេចក្ដីវេទនាថា 10ពេលមានម្នាក់មកប្រាប់យើងពីស្តេចសូលបានសុគតហើយ ដោយស្មានថា ខ្លួននាំដំណឹងល្អណាមួយមកប្រាប់ដល់យើង នោះយើងបានចាក់សម្លាប់វា នៅត្រង់ស៊ីកឡាក់ទៅ ទុកជារង្វាន់ដល់វា ដោយព្រោះដំណឹងដែលនាំមកនោះ។ 11ដូច្នេះ ចំណង់បើមនុស្សអាក្រក់បានសម្លាប់មនុស្សសុចរិត នៅលើដំណេក ក្នុងលំនៅរបស់ខ្លួន នោះតើមិនឲ្យយើងសងសឹកជំនួសឈាមអ្នកនោះ ដោយដកឯងចេញពីផែនដីទៅ លើសជាងទៅទៀតទេឬ?» 12ព្រះបាទដាវីឌបញ្ជាពួកយុវជនរបស់ខ្លួន ហើយគេក៏សម្លាប់អ្នកទាំងពីរនោះទៅ ព្រមទាំងកាត់ដៃកាត់ជើងយកទៅព្យួរនៅក្បែរស្រះ ត្រង់ហេប្រុន តែគេនាំយកព្រះសិររបស់ព្រះបាទអ៊ីស-បូសែត ទៅបញ្ចុះនៅក្នុងផ្នូររបស់អ័ប៊ីនើរ នៅក្រុងហេប្រុន។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies