២ សាំ‌យូ‌អែល 24

24
ព្រះបាទ​ដាវីឌ​ជំរឿន​ប្រជាជន​អ៊ីស្រា‌អែល និង​យូដា
1ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែលមាន​ម្ដង​ទៀត ដែល​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ដាវីឌ​ប្រព្រឹត្ត​ទាស់​នឹង​គេ ដោយ​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ចុះ»។ 2ដូច្នេះ ស្តេច​បាន​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​ដើរ​ទៅ​សព្វ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា ហើយ​រាប់​ចំនួន​ប្រជាជន ដើម្បី​ឲ្យ​យើង​បាន​ដឹង​ថា​មាន​ប៉ុន្មាន​នាក់»។ 3ប៉ុន្តែ យ៉ូអាប់​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ឲ្យ​មាន​ប្រជាជន​ចំនួន​មួយរយ​ដង​លើស​ទៅ​ទៀត ហើយ​សូម​ព្រះ‌នេត្រ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ទត​ឃើញ​ផង។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ សព្វ​ព្រះ‌ហឫ‌ទ័យ​ធ្វើ​ការ​នេះ?» 4ប៉ុន្តែ ព្រះបន្ទូល​របស់​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ និង​ពួក​មេ‌ទ័ព រួច​យ៉ូអាប់ និង​ពួក​មេ‌ទ័ព ក៏​ចេញ​ពី​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រា‌អែល។ 5ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ចាប់​ផ្ដើម​ពីក្រុង​អារ៉ូ‌អ៊ើរ និងពី​ទី​ក្រុង​ដែល នៅ​កណ្ដាល​ជ្រលង​ភ្នំ ឆ្ពោះ​ទៅ​ស្រុក​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។ 6បន្ទាប់​មក ពួក​គេ​បាន​មក​ដល់​ស្រុក​កាឡាត ហើយ​មក​ដល់​ក្រុង​កាដេស ក្នុង​ស្រុក​របស់​សាសន៍​ហេត រួច​គេ​មក​ដល់​ស្រុក​ដាន់ ហើយ​ចេញ​ពី​ស្រុក​ដាន់​វាង​ទៅស្រុក​ស៊ីដូន 7គេ​មក​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​តំបន់​ណេកិប​ស្រុក​យូដា ត្រង់​បៀប-សេបា។ 8ដូច្នេះ ពេល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​មូល អស់​រយៈ​ពេល​ប្រាំបួន​ខែ​ម្ភៃ​ថ្ងៃ​មក គេ​បាន​វិល​មក​ដល់​ក្រុង​យេរូ‌សាឡិម​វិញ។ 9យ៉ូអាប់​បាន​ទូល​ស្ដេចពី​ចំនួនប្រជា​ជន គឺ​មាន​មនុស្ស​ខ្លាំង​ពូកែ​ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រា‌អែល​ចំនួន​ប្រាំបី​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​ប្រាំ​សែន​នាក់។
ការ​កាត់​ទោស​ចំពោះ​អំពើ​បាប​របស់​ស្ដេច​ដាវីឌ
10ក្រោយ​ដែល​រាប់​ចំនួន​ប្រជាជន​ហើយ នោះ​ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​លែង​ទោស​នៃ​ការ​អា‌ក្រក់​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់»។ 11ព្រឹក​ឡើង ពេល​ព្រះបាទ​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ហោរា​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ 12ឲ្យ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​ដាក់​សេចក្ដី​ទាំង​បី​នេះ​ឲ្យអ្នក ចូរ​រើស​យក​មួយ​ចុះ ឲ្យ​យើង​បាន​ធ្វើ​យ៉ាង​នោះ​ដល់​អ្នក"»។ 13ដូច្នេះ កាដ​ក៏​ទៅ​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស​បី​ឆ្នាំ នៅ​ក្នុង​ស្រុក? ឬព្រះ‌ករុណា​ត្រូវ​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​បី​ខែ ដែល​គេ​ដេញ​តាម? ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​បី​ថ្ងៃ​នៅ​ក្នុង​ស្រុក​វិញ? សូម​ពិចារ‌ណា​ឥឡូវ​ចុះ ហើយ​មាន​រាជ‌ឱង្ការ​មក ឲ្យ​ទូល‌បង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទូល‌បង្គំ​មក»។ 14ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ឡើយ»។
15ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់​នោះ ហើយ​មាន​មនុស្ស​ស្លាប់​តាំង​តែ​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា អស់​ចំនួន​ប្រាំពីរ​ម៉ឺន​នាក់។ 16ប៉ុន្តែ កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត ហើយ​ក៏​បញ្ឈប់​សេចក្ដី​ឃោរឃៅ​នោះ​ទៅ ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​ប្រជាជន​ថា៖ «ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ»។ ខណៈ​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា សាសន៍​យេប៊ូស។ 17ពេល​ព្រះបាទ​ដាវីឌ​បាន​ទត​ឃើញ​ទេវតា ដែល​បាន​ប្រហារ​ប្រជាជន នោះ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ ទូល‌បង្គំ​បាន​ធ្វើ​បាប គឺ​ទូល‌បង្គំ​ដែល​ត្រូវ​មាន​ទោស តែ​ឯ​តួ​ចៀម​ទាំង​នេះ តើ​បាន​ធ្វើ​អ្វី? សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ទាស់​នឹង​ទូល‌បង្គំ ហើយ​នឹង​ពួក​វង្ស​របស់​ទូល‌បង្គំ​វិញ​ចុះ»។
ព្រះបាទ​ដាវីឌ​សង់​អាសនា​ថ្វាយ​ព្រះ‌អម្ចាស់
18នៅ​ថ្ងៃ​នោះ កាដ​បាន​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស​ទៅ»។ 19ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាដ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ 20ពេល​អ័រ៉ៅ‌ណា​បាន​ក្រឡេក​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​រក​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី។ 21អ័រ៉ៅ‌ណា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ តើ​ទ្រង់​យាង​មក​រក​ទូល‌បង្គំ​មាន​ការ​អ្វី?» ព្រះបាទ​ដាវីឌ​ឆ្លើយ​ថា៖ «មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​ដក​សេចក្ដី​វេទនា​នេះ​ចេញ​ពី​ប្រជាជន​ទៅ»។ 22អ័រ៉ៅ‌ណា​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ហឫ‌ទ័យ នៅ​ទី​នេះ មាន​គោ​សម្រាប់​តង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់។ 23អ័រ៉ៅ‌ណា​សូម​ថ្វាយ​ទាំង​អស់​នេះ​ដល់​ស្តេច» ហើយ​អ័រ៉ៅ‌ណា​បាន​ពោល​ទៅ​ស្ដេច​ទៀត​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ទទួល​ទ្រង់​ផង»។ 24ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័រ៉ៅ‌ណា​ថា៖ «ទេ គឺ​យើង​ចង់​ទិញ​ពី​ឯង​ពេញ​តម្លៃ យើង​មិន​ព្រម​យក​របស់​ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ តម្លៃ​ជា​ប្រាក់​ហាសិប​សេកែល។ 25ព្រះបាទ​ដាវីឌ​បាន​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ផង នោះ​ព្រះ‌យេហូវ៉ា​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​រួច​ផុត​ពី​គ្រោះ​កាច​នោះ​ទៅ។:៚

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល