២ សាំយូអែល 23
23
ពាក្យបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ
1នេះជាបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ ជាពាក្យទំនាយរបស់ព្រះបាទដាវីឌ បុត្ររបស់លោកអ៊ីសាយ ជាពាក្យទំនាយរបស់មនុស្សដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់ ជាអ្នកដែលព្រះរបស់លោកយ៉ាកុបបានចាក់ប្រេងតាំង ជាអ្នកតែងទំនុកយ៉ាងពីរោះក្នុងសាសន៍អ៊ីស្រាអែល ទ្រង់ថ្លែងថា៖
2ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា
បានមានព្រះបន្ទូលតាមរយៈខ្ញុំ
ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។
3ព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល
គឺថ្មដានៃសាសន៍អ៊ីស្រាអែល
បានមានព្រះបន្ទូលមកខ្ញុំថា
អ្នកណាដែលគ្រប់គ្រងលើប្រជាជន
ដោយសុចរិត
ហើយគ្រប់គ្រងដោយកោតខ្លាចព្រះ
4អ្នកនោះប្រៀបដូចជាពន្លឺនៅពេលព្រលឹមស្រាង
ពេលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ
ដែលមានស្មៅពន្លកពីដីឡើង
ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់។
5តើវង្សរបស់ខ្ញុំមិនមែនដូច្នេះ
នៅចំពោះព្រះទេឬ?
ដ្បិតព្រះអង្គបានតាំងសញ្ញានឹងខ្ញុំ
ឲ្យនៅជាប់អស់កល្បជានិច្ច
ជាសញ្ញាដែលមានរបៀបរៀបរយ
ហើយពិតប្រាកដ។
តើមិនមែនព្រះអង្គ
ដែលប្រទានឲ្យខ្ញុំបានចម្រើនឡើង
ហើយជួយខ្ញុំឲ្យមានសេចក្ដីប៉ងប្រាថ្នាគ្រប់យ៉ាង?
6ប៉ុន្តែ ពួកមនុស្សអាក្រក់វិញ
ប្រៀបដូចជាបន្លាដែលគេបោះចោល
ព្រោះគេមិនអាចលូកដៃចាប់កាន់បានឡើយ។
7អ្នកណាដែលប៉ះវា គឺត្រូវតែមានដែក
និងដងលំពែងផង
គេនឹងប្រមូលវាដុតឲ្យឆេះសុសនៅទីនោះ។
ទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ
8ទាំងនេះជាឈ្មោះទាហានខ្លាំងពូកែរបស់ព្រះបាទដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សម្លាប់មនុស្សអស់ប្រាំបីរយនាក់ក្នុងមួយពេល។
9បន្ទាប់មក អេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំងបីនាក់ ដែលនៅជាមួយព្រះបាទដាវីឌ ក្នុងគ្រាដែលពួកភីលីស្ទីនលើកគ្នាមកច្បាំង ហើយពួកអ៊ីស្រាអែលដកថយនោះ។ 10ប៉ុន្តែ លោកបានក្រោកឡើងប្រហារពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ ហើយបណ្ដាទ័ពក៏ត្រឡប់មករកលោកវិញ គ្រាន់តែប្រមូលជ័យភណ្ឌប៉ុណ្ណោះ។
11បន្ទាប់ពីលោកនោះមក គឺសាំម៉ាជាកូនអ័កេ ពួកហារ៉ារី។ នៅគ្រាដែលពួកភីលីស្ទីនបាននាំគ្នាមួយកង នៅត្រង់ចម្ការសណ្តែកមួយកន្លែង ហើយពួកពលទ័ពបានរត់ចេញពីមុខពួកភីលីស្ទីនទៅ។ 12តែលោកនៅឈរកណ្ដាលចម្ការ ការពារដីនោះ ហើយសម្លាប់ពួកភីលីស្ទីន។ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ។
13ថ្ងៃក្រោយទៀត នៅដើមរដូវចម្រូត មានបីនាក់ ក្នុងចំណោមពួកប្រធានសាមសិបនាក់ បានទៅគាល់ព្រះបាទដាវីឌនៅក្នុងរអាងអាឌូឡាម ខណៈពេលពួកភីលីស្ទីនបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម។ 14នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ ហើយមានពួកទ័ពភីលីស្ទីននៅត្រង់ភូមិបេថ្លេហិម។ 15ព្រះបាទដាវីឌនឹកស្រេកទឹក ហើយមានរាជឱង្ការថា៖ «អូ គួរមានអ្នកណាម្នាក់ ដងទឹកអណ្តូងដែលនៅមាត់ទ្វារភូមិបេថ្លេហិមឲ្យយើងផឹក!»។ 16ចំណែកពួកអ្នកខ្លាំងពូកែទាំងបីនាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារភូមិបេថ្លេហិម យកទឹកមកថ្វាយព្រះបាទដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ។ 17ស្តេចទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមឲ្យការនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?» ហេតុនោះហើយបានជាស្ដេចមិនព្រមសោយទឹកនោះ។ នេះហើយជាស្នាដៃរបស់អ្នកខ្លាំងពូកែទាំងបីនាក់បានធ្វើ។
18អ័ប៊ីសាយជាប្អូនយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប នោះ លោកបានលើកលំពែងសម្លាប់សត្រូវអស់បីរយនាក់ ហើយលោកក៏មានឈ្មោះល្បីដូចអ្នកទាំងបីរូបនោះដែរ។ 19លោកមានកេរ្តិ៍ឈ្មោះខ្លាំងជាងគេ ក្នុងចំណោមអ្នកទាំងសាមសិប រូប ហើយលោកបានក្លាយជាមេបញ្ជាការលើពួកគេ តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។
20បេណាយ៉ា កូនយេហូយ៉ាដា ជាកូនដែលខ្លាំងពូកែម្នាក់ នៅកាបសៀល ជាអ្នកដែលមានស្នាដៃល្អៗជាច្រើន។ លោកបានសម្លាប់កូនទាំងពីររបស់អ័រាល សាសន៍ម៉ូអាប់ ហើយបានចុះទៅក្នុងរណ្តៅសម្លាប់សត្វសិង្ហមួយ នៅថ្ងៃមានធ្លាក់ព្រឹល 21ហើយលោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ដែលមានមាឌធំខ្ពស់ សាសន៍អេស៊ីព្ទម្នាក់នោះកាន់លំពែងនៅដៃ ប៉ុន្តែ បេណាយ៉ាប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកកន្ត្រាក់យកលំពែងពីដៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សម្លាប់នឹងលំពែងរបស់គេនោះទៅ។ 22នេះហើយជាស្នាដៃរបស់បេណាយ៉ា កូនយេហូយ៉ាដាបានធ្វើ ដែលនាំឲ្យលោកមានឈ្មោះល្បីដូចអ្នកខ្លាំងពូកែទាំងបីរូបនោះដែរ។ 23លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកឲ្យត្រួតលើពួកកងអង្គរក្សរបស់ស្ដេច។
24ក្នុងចំណោមសាមសិបរូប មានអេសាអែលប្អូនយ៉ូអាប់ អែលហាណានកូនដូដូរ ពីភូមិបេថ្លេហិម 25សាំម៉ាជាពួកហារ៉ូដ អេលីកាជាពួកហារ៉ូដ 26ហេលែសជាពូកប៉ាលធី អ៊ីរ៉ាកូនអ៊ីកកែស ពីក្រុងត្កូអា 27អ័បៀស៊ើរពីអាណាថោត មប៊ូណាយជាពួកហ៊ូសាយ 28សាលម៉ូនជាពួកអ័ហូអា ម៉ាហារ៉ាយពីស្រុកនថូផា 29ហេលែបកូនប្អាណា ពីស្រុកនថូផា អ៊ីតតាយកូនរីបាយ ពីស្រុកគីបៀរ ក្នុងពូជកូនចៅបេនយ៉ាមីន 30បេណាយ៉ាពីស្រុកពីរ៉ាថូន ហ៊ីដាយពីស្រុកណាហាលេ-កាអាស 31អ័ប៊ី-អាលបូនពីស្រុកអើរ៉ាបា អាសម៉ាវែតពីស្រុកបាហ៊ូរីម 32អេលីយ៉ាបាពីស្រុកស្អាឡាប៊ីន ពួកកូនប្រុសយ៉ាសេន យ៉ូណាថាន 33កូនប្រុស សាំម៉ា ពីស្រុកស្អាហារ៉ារី អ័ហ៊ីយ៉ាមកូនសារ៉ើរ ពីស្រុកហារ៉ារី 34អេលីផាលេតកូនអ័ហាសបាយ កូនរបស់ម្នាក់ក្នុងពួកម៉ាកាធី អេលាមកូនអ័ហ៊ីថូផែល ពីស្រុកគីឡោ 35ហែស្រូ ជាពួកកើមែល ប្អារ៉ាយជាអ្នកមកពីអារ៉ាប 36យីកាលកូនណាថាន់ពីស្រុកសូបា បានីជាពួកកាដ 37សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយពីស្រុកប្អៀរ៉ុត ជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់យ៉ូអាប់ ជាកូនរបស់សេរូយ៉ា 38អ៊ីរ៉ាជាពួកយេធើ ការេបជាពួកយេធើ 39និងអ៊ូរី ជាសាសន៍ហេត។ សរុបទាំងអស់មានសាមសិបប្រាំពីររូប។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 23: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies