២ ពេត្រុស 1:3-11

២ ពេត្រុស 1:3-11 គកស១៦

ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ បាន​ប្រទាន​ឲ្យ​យើង​មានអ្វីៗ​ទាំង​អស់ខាង​ឯ​ជីវិត និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ តាម​រយៈ​ការ​ស្គាល់​ព្រះ‌អង្គ​ដែល​បានត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌ល្អ និង​សេចក្ដី​ល្អ​របស់​ព្រះ‌អង្គ ដោយ‌សារ​សេចក្ដី​ទាំង​នេះ ព្រះ‌អង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស និង​ធំ​បំផុត​ដល់​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ​សារ​សេចក្ដី​នោះ​ឯង ទាំង​បាន​រួច​ផុត​ពី​សេចក្ដី​ពុក​រលួយដែល​នៅ​ក្នុង​លោកីយ៍​នេះ ដោយ​សារ​សេចក្តី​ប៉ង​ប្រាថ្នា។ ហេតុ​នេះ ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព ដើម្បី​បន្ថែម​កិរិយា​ល្អ​ពី​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ពីលើ​កិរិយាល្អ បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ពីលើ​ការ​ស្គាល់​ព្រះ បន្ថែម​សេចក្ដី​ខ្ជាប់​ខ្ជួន​ពី​លើ​ការ​គ្រប់​គ្រង​ចិត្ត បន្ថែម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ពី​លើ​សេចក្ដី​ខ្ជាប់​ខ្ជួន បន្ថែម​ការ​រាប់​អាន​ជា​បង‌ប្អូន​ពីលើ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពីលើ​ការ​រាប់​អាន​គ្នា​ជា​បង‌ប្អូន។ ដ្បិត​បើ​គុណ​សម្បត្តិ​ទាំងនេះ​មាន​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ចម្រើន​ឡើង គុណ​សម្បត្តិ​ទាំង​នោះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សកម្មភាព និង​បង្កើត​ផល​ខាងឯ​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា​ពិត។ ប៉ុន្ដែ បើ​អ្នក​ណា​ដែលគ្មាន​គុណ​សម្បត្តិ​ទាំង​នេះ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​ឆ្ងាយ​ទេ ទាំង​ភ្លេច​ថា ព្រះ​បាន​សម្អាត​អំពើ​បាប​របស់​ខ្លួន​កាល​ពី​ដើម​ទៀត​ផង។ ដូច្នេះ បង‌ប្អូន​អើយ ចូរមាន​ចិត្ត​សង្វាត​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ដែល​ព្រះ​រើស​តាំង​អ្នក​រាល់​គ្នា​បាន​ពិត​ប្រាកដ​ឡើង ព្រោះ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដែល​ជំពប់​ដួល​ឡើយ។ ដ្បិត​យ៉ាង​នេះនឹង​មាន​ផ្លូវ​បើក​ចំហ​ឲ្យ​អ្នក​រាល់​គ្នា ចូល​ទៅ​ក្នុង​ព្រះរាជ្យ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។

អាន ២ ពេត្រុស 1