២ ពេត្រុស 1:3-11

២ ពេត្រុស 1:3-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ ឫទ្ធា‌នុភាព​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុងរឿង​របស់​ព្រះអង្គ​ផ្ទាល់ និង​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ដោយ‌សារ​សិរី‌រុងរឿង និង​ព្រះ‌បារមី​នេះ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះ‌បន្ទូល​សន្យា ដើម្បី​ឲ្យ​បងប្អូន​មាន​លក្ខណៈ​ជា​ព្រះ‌ជា‌ម្ចាស់ រួម​ជា​មួយ​ព្រះអង្គ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។ ហេតុ​នេះ បងប្អូន​ត្រូវ​ខ្នះ‌ខ្នែង​ឲ្យ​អស់​ពី​សមត្ថ‌ភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះ ពី​លើ​ជំនឿ បន្ថែម​ការ​ស្គាល់​ព្រះអង្គ​ពី​លើ​កិរិយា​ល្អ បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះអង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ បន្ថែម​ភាតរ‌ភាព​ពី​លើ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពី​លើ​ភាតរ‌ភាព។ ប្រសិន​បើ​បងប្អូន​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បងប្អូន​ឲ្យ​មាន​សកម្ម‌ភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថា​ព្រះ‌ជា‌ម្ចាស់​បាន​លាង​ជម្រះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​អតីតកាល។ ហេតុ​នេះ បងប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​រើស​របស់​ព្រះ‌ជា‌ម្ចាស់ បាន​កាន់​តែ​ខ្ជាប់ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បងប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។ ដូច្នេះ បងប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំ‌ទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ* ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:3-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ បាន​ប្រទាន​ឲ្យ​យើង​មានអ្វីៗ​ទាំង​អស់ខាង​ឯ​ជីវិត និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ តាម​រយៈ​ការ​ស្គាល់​ព្រះ‌អង្គ​ដែល​បានត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌ល្អ និង​សេចក្ដី​ល្អ​របស់​ព្រះ‌អង្គ ដោយ‌សារ​សេចក្ដី​ទាំង​នេះ ព្រះ‌អង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស និង​ធំ​បំផុត​ដល់​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ​សារ​សេចក្ដី​នោះ​ឯង ទាំង​បាន​រួច​ផុត​ពី​សេចក្ដី​ពុក​រលួយដែល​នៅ​ក្នុង​លោកីយ៍​នេះ ដោយ​សារ​សេចក្តី​ប៉ង​ប្រាថ្នា។ ហេតុ​នេះ ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព ដើម្បី​បន្ថែម​កិរិយា​ល្អ​ពី​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ពីលើ​កិរិយាល្អ បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ពីលើ​ការ​ស្គាល់​ព្រះ បន្ថែម​សេចក្ដី​ខ្ជាប់​ខ្ជួន​ពី​លើ​ការ​គ្រប់​គ្រង​ចិត្ត បន្ថែម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ពី​លើ​សេចក្ដី​ខ្ជាប់​ខ្ជួន បន្ថែម​ការ​រាប់​អាន​ជា​បង‌ប្អូន​ពីលើ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពីលើ​ការ​រាប់​អាន​គ្នា​ជា​បង‌ប្អូន។ ដ្បិត​បើ​គុណ​សម្បត្តិ​ទាំងនេះ​មាន​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ចម្រើន​ឡើង គុណ​សម្បត្តិ​ទាំង​នោះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សកម្មភាព និង​បង្កើត​ផល​ខាងឯ​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា​ពិត។ ប៉ុន្ដែ បើ​អ្នក​ណា​ដែលគ្មាន​គុណ​សម្បត្តិ​ទាំង​នេះ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​ឆ្ងាយ​ទេ ទាំង​ភ្លេច​ថា ព្រះ​បាន​សម្អាត​អំពើ​បាប​របស់​ខ្លួន​កាល​ពី​ដើម​ទៀត​ផង។ ដូច្នេះ បង‌ប្អូន​អើយ ចូរមាន​ចិត្ត​សង្វាត​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ដែល​ព្រះ​រើស​តាំង​អ្នក​រាល់​គ្នា​បាន​ពិត​ប្រាកដ​ឡើង ព្រោះ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដែល​ជំពប់​ដួល​ឡើយ។ ដ្បិត​យ៉ាង​នេះនឹង​មាន​ផ្លូវ​បើក​ចំហ​ឲ្យ​អ្នក​រាល់​គ្នា ចូល​ទៅ​ក្នុង​ព្រះរាជ្យ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:3-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ‌ចេស្តា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​របស់​ទាំង​អស់ ខាង​ឯ​ជីវិត នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដោយ​យើង​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយ‌សារ​សិរី‌ល្អ នឹង​សគុណ​របស់​ទ្រង់ ដែល​ដោយ‌សារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា ហើយ​ដោយ​ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្ដី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្ដី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្ដី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ឲ្យ​សេចក្ដី​គោរព​ប្រតិ‌បត្តិ បាន​ចេះ​រាប់​អាន​គ្នា​ជា​បង​ប្អូន ហើយ​ឲ្យ​សេចក្ដី​រាប់​អាន​គ្នា​បាន​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ដ្បិត​បើ​មាន​សេចក្ដី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ ពី​ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ទាំង​នោះ គឺ​ឈ្មោះ​ថា​ជា​អ្នក​ខ្វាក់ មើល​ទៅ​ឆ្ងាយ​មិន​ឃើញ ព្រម​ទាំង​ភ្លេច​ថា ព្រះ​បាន​សំអាត​បាប​ដែល​ខ្លួន​ធ្វើ​ពី​ដើម​ផង ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ ដ្បិត​យ៉ាង​នោះ​នឹង​មាន​ផ្លូវ​បើក​ចំហ ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​នគរ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:3-11

២ ពេត្រុស 1:3-11 គខប២ ពេត្រុស 1:3-11 គខប