ណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយ ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោសឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ ។ គ្រានោះ ពួកទ័ពស៊ីរីបានចេញទៅដោយកងៗ ហើយចាប់បានក្មេងស្រីម្នាក់មកពីស្រុកអ៊ីស្រាអែល នាងនោះក៏មកបម្រើប្រពន្ធណាម៉ាន់។ នាងនិយាយទៅចៅហ្វាយស្រីរបស់ខ្លួនថា៖ «ប្រសិនបើលោកប្រុស ជាចៅហ្វាយនាងខ្ញុំ នៅជាមួយហោរាដែលនៅក្រុងសាម៉ារីនោះ លោកនឹងមើលរោគឃ្លង់នេះឲ្យជាហើយ!»។ ណាម៉ាន់បានចូលទៅក្នុង ហើយជម្រាបចៅហ្វាយរបស់គាត់ ពីអ្វីដែលក្មេងស្រីមកពីស្រុកអ៊ីស្រាអែលបាននិយាយ។ ស្តេចស៊ីរីមានរាជឱង្ការថា៖ «ចូរទៅចុះ យើងនឹងធ្វើសំបុត្រមួយផ្ញើទៅស្តេចអ៊ីស្រាអែលដែរ»។ លោកបានចេញទៅ នាំយកទាំងប្រាក់ដប់ហាប និងមាសប្រាំមួយពាន់សេកែល ហើយសម្លៀកបំពាក់ដប់បន្លាស់ផង។ លោកយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា៖ «កាលណាទ្រង់ទទួលសំបុត្រនេះ សូមជ្រាបថា ទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់ជាពីរោគឃ្លង់ផង»។ ពេលស្តេចអ៊ីស្រាអែលបានអានសំបុត្រនោះរួចហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ដោយមានព្រះបន្ទូលថា៖ «តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់មនុស្សឃ្លង់នេះមកឲ្យយើងមើលរោគឲ្យជាដូច្នេះ? ចូរពិចារណាមើលរបៀបដែលគេរករឿងនឹងយើង»។ ប៉ុន្តែ ពេលអេលីសេអ្នកសំណព្វរបស់ព្រះបានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រដូច្នោះ លោកក៏ចាត់គេឲ្យទៅទូលសួរស្តេចថា៖ «ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ? សូមឲ្យលោកនោះមកជួបទូលបង្គំចុះ នោះលោកនឹងបានជ្រាបថា មានហោរាមួយនៅស្រុកអ៊ីស្រាអែលមែន»។ ដូច្នេះ ណាម៉ាន់បានមកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានសេះ និងរទេះផង។ អេលីសេបានចាត់អ្នកបម្រើម្នាក់ ឲ្យទៅជម្រាបថា៖ «សូមលោកទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ»។ តែណាម៉ាន់មានកំហឹង ហើយក៏ចេញទៅ ដោយពោលថា៖ «ខ្ញុំស្មានថាប្រាកដជាលោកចេញមកជួបខ្ញុំ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់លោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា។ ឯទន្លេអាបាណា និងទន្លេផើផើរ ជាទន្លេស្រុកដាម៉ាស តើមិនល្អជាងទឹក នៅស្រុកអ៊ីស្រាអែលទេឬ? បើខ្ញុំមុជទឹកទន្លេនោះ តើមិនបានស្អាតទេឬ?»។ ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅទាំងកំហឹង។ ប៉ុន្តែ ពួកអ្នកបម្រើរបស់លោកក៏អែបចូលជិត ជម្រាបថា៖ «លោកឪពុកអើយ ប្រសិនបើហោរានោះប្រាប់ឲ្យលោកធ្វើអ្វីដែលពិបាក តើលោកមិនធ្វើតាមទេឬ? បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត?» ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដង តាមពាក្យអ្នកសំណព្វរបស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត។
អាន ២ ពង្សាវតារក្សត្រ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពង្សាវតារក្សត្រ 5:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ