២ ពង្សាវ‌តារ‌ក្សត្រ 20

20
ស្តេច​ហេ‌សេ‌គា​ប្រឈួន
1នៅ​គ្រា​នោះ ស្ដេច​ហេ‌សេ‌គា​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ​ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់ ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ"»។ 2ពេល​នោះ ទ្រង់​បែរ​ព្រះ‌ភក្ត្រ​ទៅ​ជញ្ជាំង អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ 3«ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ល្អ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​យ៉ាង​ណា» រួច​ស្ដេច​ហេ‌សេ‌គា​ព្រះ‌កន្សែង​ជា​ខ្លាំង។ 4នៅ​ពេល​លោក​អេសាយ​ចេញ​ទៅ មិន​ទាន់​ដល់​ទី​ធ្លា​កណ្ដាល​នៅ​ឡើយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា៖ 5«ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេ‌សេ‌គា ជា​មេ​លើ​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ដាវីឌ​បុព្វ‌បុរស​ឯង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​ឯង​ហើយ យើង​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា ដល់​ថ្ងៃ​ទី​បី ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។ 6យើង​នឹង​ចម្រើន​អាយុ​ឯង​ឡើង​ដប់ប្រាំ​ឆ្នាំ​ទៀត ហើយ​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ការពារ​ទី​ក្រុង​នេះ រក្សា​ទុក​សម្រាប់​យើង គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង"»។ 7ហោរា​អេសាយ​បាន​ទូល​ថា៖ «សូម​យក​ផ្លែ​ល្វា​មួយ​ផែន​មក​បិទ​លើ​បូស​នោះ នោះ​ទ្រង់​នឹង​បាន​ជា»។
8ស្ដេច​ហេ‌សេ‌គា​មាន​រាជ‌ឱអង្ការ​សួរ​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​បី​បាន?» 9ហោរា​អេសាយ​ទូល​តប​ថា៖ «នេះ​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​ដែល​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?» 10ស្ដេច​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ដែល​ស្រមោល​ជ្រេ​ទៅ​មុខ​ដប់​កាំ​នោះ​ងាយ​ទេ ដូច្នេះ សូម​ឲ្យ​បាន​ថយ​មក​ក្រោយ​ដប់​កាំ​វិញ»។ 11ដូច្នេះ ហោរា​អេសាយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​បាន​ជ្រេ​ទៅ នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​ក្រោយ​វិញ​ដប់​កាំ។
ស្តេច​ហេ‌សេ‌គា​ទទួល​ទូត​របស់​ស្រុក​បាប៊ី‌ឡូន
12នៅ​គ្រា​នោះ ម្រដាក់-បាឡា‌ដាន​ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ស្ដេច​ហេ‌សេ‌គា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ស្ដេច​ហេ‌សេ‌គា​ប្រឈួន។ 13ស្ដេច​ហេ‌សេ‌គា​បាន​ទទួល​ពួក​គេ គឺ​ទ្រង់​បង្ហាញ​ឃ្លាំង​របស់​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​មាន​មាស ប្រាក់ គ្រឿង​ក្រអូប និង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ និង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​របស់​ទ្រង់​ទាំង​អស់​ដែល​ស្ដេច​ហេ‌សេ‌គា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ។ 14នោះ​ហោរា​អេសាយ លោក​មក​គាល់​ស្តេច​ហេ‌សេ‌គា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​ដូច្នេះ»។ ស្ដេច​ហេ‌សេ‌គា​តប​ថា៖ «គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន»។ 15រួច​លោក​ទូល​សួរ​ទៀត​ថា៖ «គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង?»។ ស្ដេច​ហេ‌សេ‌គា​ឆ្លើយ​ថា៖ «គេ​បាន​ឃើញ​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ដំណាក់​យើង ហើយ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​អម្បាល‌ម៉ាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ»។
16ពេល​នោះ ហោរា​អេសាយ​ទូល​ស្ដេច​ហេ‌សេ‌គា​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន 17នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​បុព្វ‌បុរស​របស់​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ 18ឯ​ពួក​បុត្រា​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​នឹង​ត្រូវ​គេ​នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​របស់​ស្តេច​ស្រុក​បាប៊ី‌ឡូន»។ 19ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ទៅ​លោក​អេសាយ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ» រួច​មាន​រាជឱអង្ការ​ទៀត​ថា៖ «បើ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ?»
ស្ដេច​ហេសេគា​សុគត
20រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្ដេច​ហេ‌សេ‌គា និង​ពី​អំណាច​របស់​ទ្រង់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក និង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ 21ព្រះបាទ​ហេ‌សេ‌គា​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​ម៉ាណា‌សេ ជា​បុត្រា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល