២ ពង្សាវតារក្សត្រ 1
1
លោកអេលីយ៉ាបរិហារព្រះបាទអ័ហាស៊ីយ៉ា
1ក្រោយពីព្រះបាទអ័ហាប់សុគតទៅ សាសន៍ម៉ូអាប់បានបះបោរនឹងពួកអ៊ីស្រាអែល។
2ព្រះបាទអ័ហាស៊ីយ៉ាបានធ្លាក់ចុះពីរានហាលនៃដំណាក់ជាន់លើ នៅក្រុងសាម៉ារី ហើយទ្រង់ក៏ប្រឈួន ទ្រង់បានចាត់អ្នកនាំសារឲ្យទៅ ដោយបង្គាប់ថា៖ «ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន តើយើងនឹងជាពីជំងឺនេះឬទេ?» 3ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាបានមកប្រាប់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបពួកអ្នកនាំសាររបស់ស្តេចក្រុងសាម៉ារី ហើយសួរគេថា "តើដោយព្រោះតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬ បានជាអ្នករាល់គ្នាទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុនដូច្នេះ?" 4ហេតុនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះថា "ទ្រង់នឹងមិនក្រោកពីដំណេក ដែលទ្រង់បានផ្ទំនោះឡើយ គឺពិតជាត្រូវសុគត"»។ រួចលោកអេលីយ៉ាក៏ចេញបាត់ទៅ។
5ពួកអ្នកនាំសារបានវិលត្រឡប់មកគាលស្ដេចវិញ ហើយទ្រង់មានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាវិលមកវិញដូច្នេះ?» 6ពួកគេទូលឆ្លើយថា៖ «មានបុរសម្នាក់បានមកជួបយើងខ្ញុំ ហើយប្រាប់ថា "ចូរវិលទៅទូលស្តេចដែលចាត់អ្នករាល់គ្នាមកនោះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬ បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន? ហេតុនេះ ព្រះករុណានឹងមិនក្រោកពីដំណេកដែលបានផ្ទំឡើយ គឺត្រូវសុគត"»។ 7ស្ដេចមានរាជឱង្ការសួរគេថា៖ «តើបុរសដែលមកជួបនឹងអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងយ៉ាងដូចម្ដេច?» 8គេទូលតបថា៖ «បុរសនោះពាក់អាវធ្វើពីរោម ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ » ទ្រង់មានរាជឱង្ការថា៖ «នោះពិតជាអេលីយ៉ា អ្នកស្រុកធេសប៊ី»។
9បន្ទាប់មក ស្ដេចបានចាត់មេទ័ពម្នាក់ និងពួកទាហានហាសិបនាក់ ឲ្យទៅរកលោកអេលីយ៉ា គេបានឡើងទៅរកលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយទៅកាន់លោកថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ ស្តេចបានបង្គាប់ឲ្យអ្នកចុះមក»។ 10លោកអេលីយ៉ាឆ្លើយទៅមេទ័ពនោះថា៖ «ប្រសិនបើខ្ញុំជាអ្នកសំណព្វរបស់ព្រះពិតមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះអ្នក និងពួកហាសិបនាក់នេះទៅ!» ពេលនោះ ក៏មានភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះមេទ័ព និងពួកហាសិបនាក់នោះមែន។
11ស្ដេចបានចាត់មេទ័ពម្នាក់ទៀត និងពួកហាសិបនាក់របស់គាត់ឲ្យទៅរកលោកអេលីយ៉ា ។ មេទ័ពនោះក៏ឡើងទៅ ហើយនិយាយទៅកាន់លោកថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ ស្តេចមានរាជឱង្ការដូច្នេះថា "ចូរប្រញាប់ចុះមក!"»។ 12លោកអេលីយ៉ាបានឆ្លើយទៅគេថា៖ «ប្រសិនបើខ្ញុំជាអ្នកសំណព្វរបស់ព្រះពិតមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះអ្នក និងពួកហាសិបនាក់នេះទៅ!» ពេលនោះ ក៏មានភ្លើងរបស់ព្រះធ្លាក់ពីលើមេឃមកបញ្ឆេះមេទ័ពនោះ និងពួកហាសិបនាក់នោះមែន។
13ស្ដេចបានចាត់មេទ័ពទីបី និងពួកហាសិបនាក់ ឲ្យទៅថែមទៀត មេទ័ពទីបីនោះបានឡើងទៅលុតជង្គង់ក្រាបនៅមុខលោកអេលីយ៉ា អង្វរថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងជីវិតរបស់ហាសិបនាក់នេះផងចុះ។ 14មានភ្លើងធ្លាក់ចុះពីលើមេឃមកបញ្ឆេះមេទ័ពទាំងពីរនាក់ និងពួកហាសិបនាក់របស់គេ ដែលមកមុននោះទៅហើយ តែឥឡូវនេះ សូមទុកជីវិតឲ្យខ្ញុំប្របាទផង!»។ 15ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាបានប្រាប់លោកអេលីយ៉ាថា៖ «ចូរចុះទៅជាមួយគេចុះ កុំខ្លាចឡើយ» ដូច្នេះ លោកក៏ក្រោកឡើង ហើយចុះទៅជាមួយគេ ចូលទៅគាល់ស្តេច 16លោកទូលស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដែលអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុននោះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលអាចសួរទ្រង់បានឬ? ហេតុនេះ ទ្រង់នឹងមិនអាចក្រោកពីដំណេក ដែលទ្រង់ផ្ទំនេះឡើយ គឺពិតជាត្រូវសុគត"»។
17ដូច្នេះ ទ្រង់ក៏សុគត ស្របតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលលោកអេលីយ៉ាបានថ្លែង។ ស្ដេចយេហូរ៉ាមជាអនុជ បានស្នងរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចយេហូរ៉ាម ជាបុត្ររបស់យេហូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានបុត្រាទេ។ 18រីឯកិច្ចការផ្សេងៗទៀត ដែលព្រះបាទអ័ហាស៊ីយ៉ាបានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies