២ ពង្សាវ‌តារ‌ក្សត្រ 2

2
ព្រះ‌អម្ចាស់​លើក​ហោរា​អេលីយ៉ា​ទៅ​ស្ថាន​សួគ៌
1នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​លើក​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌​ដោយ​ខ្យល់​កួច​នោះ លោក​អេលីយ៉ា និង​អេលី‌សេ​បាន​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា‌មួយ​គ្នា។ 2លោក​អេលីយ៉ា​បាន​ប្រាប់​ដល់​អេលី‌សេ​ថា៖ «ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​បេត-អែល»។ ប៉ុន្តែ អេលី‌សេ​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ចុះ​ទៅ​បេត-អែល។ 3រីឯ​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល​បាន​ចេញ​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។
4លោក​អេលីយ៉ា​បាន​ប្រាប់​គាត់​ថា៖ «អេលី‌សេ​អើយ ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូរ»។ តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ទៅ​ដល់​យេរីខូរ។ 5ពួក​ហោរា​ដែល​នៅ​ក្រុង​យេរីខូរ​បាន​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។
6បន្ទាប់​មក លោក​អេលីយ៉ា​ប្រាប់​គាត់​ថា៖ «ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ» ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ដើរ​ទៅ​មុខ​ទៀត។ 7មាន​ពួក​ហោរា​ហាសិប​នាក់​ដើរ​តាម ទៅ​ឈរ​មើល​ពី​ចម្ងាយ តែ​អ្នក​ទាំង​ពីរ​បាន​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់។ 8ពេល​នោះ លោក​អេលីយ៉ា​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​ពីរ​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក។
9ពេល​ឆ្លង​ទៅ​ផុត​ហើយ លោក​អេលីយ៉ា​បាន​ប្រាប់​អេលី‌សេ​ថា៖ «ចូរ​អ្នក​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សម្រាប់​អ្នក មុន​ពេល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ»។ អេលី‌សេ​ឆ្លើយ​ថា៖ «សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ មួយ​ទ្វេ​ជា​ពីរ​ដង!»។ 10លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​សូម​ការ​យ៉ាង​ពិបាក​ណាស់ ប៉ុន្តែ បើ​អ្នក​ឃើញ​ខ្ញុំ ក្នុង​កាល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ នោះ​មិន​បាន​ទេ»។ 11ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​ទៅ ហើយ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​លោក​អេលីយ៉ា​ក៏​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច។ 12អេលី‌សេ​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា៖ «ឱ​លោក​ឪពុក! លោក​ឪពុក​ខ្ញុំ​អើយ! ន៎ុះន៏ ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល!»។ លោក​មិន​បាន​ឃើញ​លោក​អេលីយ៉ា​ទៀត​ឡើយ លោក​បាន​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​ពីរ។ 13រួច​រើស​យក​ក្រមា​របស់​លោក​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក​នោះ វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់ 14ហើយ​យក​ក្រមា​របស់​លោក​អេលីយ៉ា ដែល​ជ្រុះ​មក​នោះ ទៅ​វាយ​ទឹក ដោយ​ពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​អេលីយ៉ា ព្រះ‌អង្គ​គង់​នៅ​ឯ​ណា?» ពេល​បាន​វាយ​ទឹក​ហើយ ទឹក​ក៏​បាន​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។
15ពេល​ពួក​ហោរា​ពី​ក្រុង​យេរីខូរ​ឈរ​មើល​ឃើញ​ពី​ត្រើយ​ម្ខាង គេ​ពោល​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា​បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ» ពួក​គេ​បាន​មក​ទទួល​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក។ 16គេ​ជម្រាប​លោក​ថា៖ «មើល៍! មាន​មនុស្ស​ខ្លាំង​ពូកែ​ហាសិប​នាក់ នៅ​ជា‌មួយ​យើង​ខ្ញុំ​ប្របាទ​នេះ ដូច្នេះ សូម​ឲ្យ​គេ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​លើក​លោក​ទៅ​បោះ​ចោល​លើ​ភ្នំ​ណា ឬ​ក្នុង​ច្រក​ណា​មួយ» តែ​លោក​ប្រកែក​ថា៖ «កុំ​ប្រើ​គេ​ទៅ​អី»។ 17ប៉ុន្តែ ពេល​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ ដោយ​ពោល​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ចុះ» ដូច្នេះ គេ​ក៏​ប្រើ​ហាសិប​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​រយៈ​ពេល​បី​ថ្ងៃ តែ​ឥត​ឃើញ​សោះ។ 18ពេល​គេ​វិល​ត្រឡប់​មក​ជួប​អេលី‌សេ​វិញ ដែល​លោក​រង់‌ចាំ​នៅ​ក្រុង​យេរីខូរ ហើយ​លោក​មាន​ប្រសាសន៍​ថា៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​ថា "កុំ​ឲ្យ​ទៅ​អី"ឬ​ទេ?»។
ហោរា​អេលី‌សេ​ធ្វើ​អព្ភូតហេតុ
19មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​និយាយ​ទៅ​កាន់​អេលី‌សេ​ថា៖ «សូម​លោក​មើល​កន្លែង​សង់​ទី​ក្រុង​នេះ​ល្អ​ណាស់ ដូច​ជា​លោក​បាន​ឃើញ​ស្រាប់​ហើយ ប៉ុន្តែ ទឹក​មិន​ល្អ​ទេ ហើយ​ដី​ក៏​មិន​កើត​ផល​ដែរ»។ 20លោក​ប្រាប់​ថា៖ «ចូរ​យក​ក្អម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង» គេ​ក៏​យក​មក​ជូន​លោក។ 21បន្ទាប់​មក លោក​ចេញ​ទៅ​ចាក់​អំបិល​នោះ​ទៅ​ក្នុង​រន្ធ​ទឹក ដោយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​បាន​កែ​ទឹក​នេះ​ឲ្យ​បាន​ល្អ​ឡើង​វិញ​ហើយ ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​អ្វី​ស្លាប់ ឬ​ឥត​ផល ដោយ​ព្រោះ​ទឹក​នេះ​ទៀត​ឡើយ"»។ 22ដូច្នេះ ទឹក​នោះ​ក៏​បាន​ប្រែ​ជា​ល្អ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច​ជា​ពាក្យ​ដែល​អេលី‌សេ​បាន​ពោល។
23លោក​បាន​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ក្រុង​បេត-អែល ពេល​លោក​កំពុង​តែ​ទៅ​តាម​ផ្លូវ​នោះ មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ​ចេញ​ពី​ទី​ក្រុង​មក ពោល​ពាក្យ​មើល‌ងាយ​ដល់​លោក​ថា៖ «អា​តម្ពែក​អើយ ឡើង​ទៅ! អា​តម្ពែក​អើយ ឡើង​ទៅ​ចុះ!»។ 24លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្ដាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ស្រាប់​តែ​មាន​ខ្លា​ឃ្មុំ​ញី​ពីរ​ក្បាល ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​សែសិប​ពីរ​នាក់​ទៅ។ 25លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ភ្នំ​កើមែល ហើយ​ពី​នោះ​ទៀត លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល