២ កូរិនថូស 10:4-18

២ កូរិនថូស 10:4-18 គកស១៦

ដ្បិត​គ្រឿង​សស្ត្រា‌វុធ​របស់​យើង មិន​មែន​ខាង​សាច់​ឈាម​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ចេស្ដា​មក​ពី​ព្រះ ដែល​អាច​នឹង​រំលំ​ទី​មាំ‌មួន​នានា ហើយ​រំលំ​អស់​ទាំង​គំនិត​ដែល​រិះ​គិត និង​គ្រប់​ទាំង​អំនួត​ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​របស់​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ។ យើង​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ធ្វើ​ទោស​អ្នក​ឯទៀត​ដែល​មិន​ស្ដាប់​បង្គាប់ ពេល​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ពេញ​លេញ។ អ្នក​រាល់​គ្នា​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ។ ប្រសិន‌បើ​អ្នក​ណា​ជឿ​ប្រាកដ​ថា ខ្លួន​ជា​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​ត្រូវ​ពិចារណា​សេចក្តី​នេះ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត​ថា យើង​ក៏​ជា​របស់​ព្រះ‌គ្រីស្ទ ដូច​អ្នក​នោះ​ដែរ។ ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ជ្រុល​បន្តិច​ពី​អំណាច ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ ដ្បិត​សម្រាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ។ ដើម្បី​កុំ​ឲ្យ​មើល​ទៅ ហាក់​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយ​សារ​សំបុត្រ​របស់​ខ្ញុំ។ ដ្បិត​គេ​ថា «សំបុត្រ​របស់​គាត់​មាន​ពាក្យ​ធ្ងន់ ហើយ​ខ្លាំង តែ​ពេល​គាត់​នៅ​ជា​មួយ នោះ​គាត់​ខ្សោយ ហើយ​ពាក្យ​សម្ដី​របស់​គាត់​ក៏​គួរ​ឲ្យ​មើល​ងាយ​ដែរ» ។ ត្រូវ​ឲ្យ​មនុស្ស​បែប​នោះ​យល់​ថា ពេល​យើង​មិន​នៅ​ជា​មួយ យើង​សរសេរ​នៅ​ក្នុង​សំបុត្រ​យ៉ាង​ណា នោះ​ពេល​នៅ​ជាមួយ យើង​ក៏​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ។ ដ្បិត​យើង​មិន​ហ៊ាន​រាប់​ខ្លួន ឬ​ផ្ទឹម​ខ្លួន​នឹង​អ្នក​ខ្លះ​ដែល​លើក​តម្កើង​ខ្លួន​នោះ​ឡើយ ប៉ុន្តែ ពេល​អ្នក​ទាំង​នោះ​វាស់​ខ្លួន​ឯង​នឹង​គ្នា​ឯង ហើយ​ផ្ទឹម​ខ្លួន​ឯង​នឹង​គ្នា​ឯង នោះ​គេ​គ្មាន​ប្រាជ្ញា​ទេ។ រីឯ​យើង​វិញ យើង​មិន​អួត​ហួស​កម្រិត​ឡើយ គឺ​ធ្វើ​តាម​តែ​ខ្នាត​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង​ប៉ុណ្ណោះ ជា​ខ្នាត​ដែល​បាន​ឈាន​រហូត​មក​ដល់​អ្នក​រាល់​គ្នា​នេះ។ ដ្បិត​យើង​មិន​បាន​ឈាន​រំលង​ហួស​ខ្នាត​របស់​យើង ទុក​ដូច​ជា​យើង​ឈាន​មិន​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​យើង​បាន​នាំ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ មក​ដល់​អ្នក​រាល់​គ្នា​មុន​គេ។ យើង​មិន​អួត​ហួស​កម្រិត គឺ​មិន​អួត​ពី​ការ​នឿយ​ហត់​របស់​អ្នក​ដទៃ​នោះ​ឡើយ ដ្បិត​យើង​សង្ឃឹម​ថា ពេល​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចម្រើន​ឡើង នោះ​កិច្ច‌ការ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​ទូលំ​ទូលាយ​ជា​បរិបូរ​ឡើង​ដែរ ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​ដំណឹង​ល្អ​តាម​តំបន់​នានា នៅ​ខាង​នាយ​អ្នក​រាល់​គ្នា ដោយ​មិន​អួត​ពី​កិច្ច‌ការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ហើយ​នោះ​ឡើយ។ «អ្នក​ណា​ដែល​អួត ត្រូវ​អួត​ពី​ព្រះ‌អម្ចាស់» ។ ដ្បិត​មិន​មែន​ជា​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ ដែល​គេ​ទុក​ចិត្ត គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​លើក​តម្កើង​នោះ​វិញ។