២ កូរិនថូស 10:4-18

២ កូរិនថូស 10:4-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​លោកីយ៍​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធា‌នុភាព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា ។ យើង​រំលំ​ការ​រិះគិត និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ត​វិញ។ នៅ​ពេល​ណា​បងប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។ សុំ​បងប្អូន​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់! ប្រសិន​បើ​នរណា​ម្នាក់​ជឿ​ជាក់​ថា ខ្លួន​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ត អ្នក​នោះ​តោង​គិត​ឲ្យ​ច្បាស់​ថា បើ​ខ្លួន​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ត យើង​ក៏​ជា​កូន​ចៅ​របស់​ព្រះអង្គ​ដូច​គាត់​ដែរ។ ព្រះ‌អម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បងប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បងប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្តិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។ ខ្ញុំ​មិន​ចង់​ឲ្យ​បងប្អូន​ស្មាន​ថា ខ្ញុំ​មាន​បំណង​បំភ័យ​បងប្អូន​តាម​សំបុត្រ​ទាំង​នេះ​ឡើយ ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ »។ អ្នក​ដែល​និយាយ​ដូច្នេះ​ត្រូវ​គិត​ថា ពេល​យើង​មិន​នៅ យើង​និយាយ​បែប​ណា ពេល​យើង​នៅ​ជា​មួយ យើង​ក៏​នឹង​ប្រព្រឹត្ត​បែប​នោះ​ដែរ។ យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់​សម្រាប់​វាស់​ខ្លួន​ឯង ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ! រីឯ​យើង​វិញ យើង​មិន​អួត​ខ្លួន​ហួស​កម្រិត​ទេ គឺ​យើង​ធ្វើ​តាម​កម្រិត​នៃ​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ប្រទាន​ឲ្យ​យើង​បាន​មក​ដល់​ស្រុក​បងប្អូន​នេះ។ បងប្អូន​ស្ថិត​នៅ​ក្នុង​ព្រំ‌ដែន ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង ដូច្នេះ នៅ​ពេល​យើង​បាន​មក​ដល់​ទី​នេះ​មុន​គេ ដើម្បី​នាំ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត យើង​មិន​ធ្វើ​អ្វី​ហួស​កំណត់​ព្រំ‌ដែន​នេះ​ទេ។ យើង​មិន​អួត​ខ្លួន​ហួស​កម្រិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បងប្អូន​នឹង​ចម្រើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បងប្អូន តាម​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង។ បន្ទាប់​មក យើង​នឹង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​នៅ​តាម​តំបន់​នានា នៅ​ខាង​នាយ​ស្រុក​បងប្អូន ដោយ​មិន​អួត​ខ្លួន​អំពី​កិច្ចការ ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ស្រេច​មក​ហើយ​ក្នុង​តំបន់​របស់​គេ​ឡើយ។ អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ។ អ្នក​ដែល​គួរ​ឲ្យ​គេ​ទុក​ចិត្ត មិន​មែន​អ្នក​ដែល​តែង‌តាំង​ខ្លួន​ឯង​ទេ គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​តែង‌តាំង​នោះ​វិញ។

២ កូរិនថូស 10:4-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​គ្រឿង​សស្ត្រា‌វុធ​របស់​យើង មិន​មែន​ខាង​សាច់​ឈាម​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ចេស្ដា​មក​ពី​ព្រះ ដែល​អាច​នឹង​រំលំ​ទី​មាំ‌មួន​នានា ហើយ​រំលំ​អស់​ទាំង​គំនិត​ដែល​រិះ​គិត និង​គ្រប់​ទាំង​អំនួត​ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​របស់​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ។ យើង​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ធ្វើ​ទោស​អ្នក​ឯទៀត​ដែល​មិន​ស្ដាប់​បង្គាប់ ពេល​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ពេញ​លេញ។ អ្នក​រាល់​គ្នា​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ។ ប្រសិន‌បើ​អ្នក​ណា​ជឿ​ប្រាកដ​ថា ខ្លួន​ជា​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​ត្រូវ​ពិចារណា​សេចក្តី​នេះ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត​ថា យើង​ក៏​ជា​របស់​ព្រះ‌គ្រីស្ទ ដូច​អ្នក​នោះ​ដែរ។ ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ជ្រុល​បន្តិច​ពី​អំណាច ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ ដ្បិត​សម្រាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ។ ដើម្បី​កុំ​ឲ្យ​មើល​ទៅ ហាក់​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយ​សារ​សំបុត្រ​របស់​ខ្ញុំ។ ដ្បិត​គេ​ថា «សំបុត្រ​របស់​គាត់​មាន​ពាក្យ​ធ្ងន់ ហើយ​ខ្លាំង តែ​ពេល​គាត់​នៅ​ជា​មួយ នោះ​គាត់​ខ្សោយ ហើយ​ពាក្យ​សម្ដី​របស់​គាត់​ក៏​គួរ​ឲ្យ​មើល​ងាយ​ដែរ» ។ ត្រូវ​ឲ្យ​មនុស្ស​បែប​នោះ​យល់​ថា ពេល​យើង​មិន​នៅ​ជា​មួយ យើង​សរសេរ​នៅ​ក្នុង​សំបុត្រ​យ៉ាង​ណា នោះ​ពេល​នៅ​ជាមួយ យើង​ក៏​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ។ ដ្បិត​យើង​មិន​ហ៊ាន​រាប់​ខ្លួន ឬ​ផ្ទឹម​ខ្លួន​នឹង​អ្នក​ខ្លះ​ដែល​លើក​តម្កើង​ខ្លួន​នោះ​ឡើយ ប៉ុន្តែ ពេល​អ្នក​ទាំង​នោះ​វាស់​ខ្លួន​ឯង​នឹង​គ្នា​ឯង ហើយ​ផ្ទឹម​ខ្លួន​ឯង​នឹង​គ្នា​ឯង នោះ​គេ​គ្មាន​ប្រាជ្ញា​ទេ។ រីឯ​យើង​វិញ យើង​មិន​អួត​ហួស​កម្រិត​ឡើយ គឺ​ធ្វើ​តាម​តែ​ខ្នាត​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង​ប៉ុណ្ណោះ ជា​ខ្នាត​ដែល​បាន​ឈាន​រហូត​មក​ដល់​អ្នក​រាល់​គ្នា​នេះ។ ដ្បិត​យើង​មិន​បាន​ឈាន​រំលង​ហួស​ខ្នាត​របស់​យើង ទុក​ដូច​ជា​យើង​ឈាន​មិន​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​យើង​បាន​នាំ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ មក​ដល់​អ្នក​រាល់​គ្នា​មុន​គេ។ យើង​មិន​អួត​ហួស​កម្រិត គឺ​មិន​អួត​ពី​ការ​នឿយ​ហត់​របស់​អ្នក​ដទៃ​នោះ​ឡើយ ដ្បិត​យើង​សង្ឃឹម​ថា ពេល​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចម្រើន​ឡើង នោះ​កិច្ច‌ការ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​ទូលំ​ទូលាយ​ជា​បរិបូរ​ឡើង​ដែរ ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​ដំណឹង​ល្អ​តាម​តំបន់​នានា នៅ​ខាង​នាយ​អ្នក​រាល់​គ្នា ដោយ​មិន​អួត​ពី​កិច្ច‌ការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ហើយ​នោះ​ឡើយ។ «អ្នក​ណា​ដែល​អួត ត្រូវ​អួត​ពី​ព្រះ‌អម្ចាស់» ។ ដ្បិត​មិន​មែន​ជា​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ ដែល​គេ​ទុក​ចិត្ត គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​លើក​តម្កើង​នោះ​វិញ។

២ កូរិនថូស 10:4-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រោះ​គ្រឿង​សស្ត្រា‌វុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ‌ឫទ្ធិ​ដែល​មក​ពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំ‌មួន​វិញ ដែល​អាច​នឹង​រំលាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះ‌គិត នឹង​គ្រប់​ទាំង​សេចក្ដី​យ៉ាង​ខ្ពង់‌ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ ក៏​ប្រុង​ប្រៀប​ទុក​ជា​ស្រេច នឹង​ធ្វើ​ទោស​ដល់​គ្រប់​ទាំង​សេចក្ដី​រឹង‌ចចេស ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ហើយ។ អ្នក​រាល់​គ្នា​មើល​តែ​ឫកពា​ខាង​ក្រៅ​ឬ​អី បើ​អ្នក​ណា​ជឿ​ប្រាកដ​ថា ខ្លួន​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​ពិចារណា​សេចក្ដី​នេះ ដោយ​ខ្លួន​ឯង​ទៀត គឺ​ថា យើង​ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ​ដូច​ជា​អ្នក​នោះ​ដែរ ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ខ្លួន​ហួស​បន្តិច ពី​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ខ្ញុំ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​សំរាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ នោះ​គង់​តែ​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ ក្រែង​មើល​ទៅ​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយ‌សារ​សំបុត្រ ដ្បិត​គេ​ថា «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើល‌ងាយ​ដែរ» ត្រូវ​ឲ្យ​មនុស្ស​យ៉ាង​នោះ​បាន​យល់​ថា កាល​ណា​យើង​ខ្ញុំ​នៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ប្រព្រឹត្ត ដូច​ជា​យើង​ខ្ញុំ​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ពី​កាល​ដែល​មិន​បាន​នៅ​ជា​មួយ​ដែរ ដ្បិត​យើង​ខ្ញុំ​មិន​ហ៊ាន​រាប់​ខ្លួន​ជា​មួយ​នឹង​ពួក​អ្នក​នោះ​ខ្លះ ឬ​ផ្ទឹម​ខ្លួន​នឹង​គេ ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​គេ​នោះ​ឡើយ ពួក​អ្នក​នោះ​ដែល​គេ​វាស់ ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ រីឯ​យើង​ខ្ញុំៗ​មិន​ព្រម​អួត​ពី​ការ​ក្រៅ​ខ្នាត​របស់​យើង​ខ្ញុំ​ឡើយ គឺ​អួត​តាម​តែ​មាត្រា​ខ្នាត ដែល​ព្រះ​ដ៏​ជា​ម្ចាស់​នៃ​ខ្នាត ទ្រង់​បាន​ចែក​មក​យើង​ខ្ញុំ ជា​ខ្នាត​ដែល​បាន​លូក​មក​រហូត​ដល់​អ្នក​រាល់​គ្នា​ផង ដ្បិត​យើង​ខ្ញុំ​មិន​មែន​លូក​រំលង​ហួស​ខ្នាត​យើង​ខ្ញុំ ទុក​ដូច​ជា​ខ្នាត​នោះ​មិន​ដល់​អ្នក​រាល់​គ្នា​នោះ​ទេ ពី​ព្រោះ​យើង​ខ្ញុំ​បាន​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ដែរ ហើយ​យើង​ខ្ញុំ​មិន​អួត​ពី​ការ​អ្វី​ក្រៅ​ខ្នាត ដែល​មនុស្ស​ឯ​ទៀត​បាន​ធ្វើ​នោះ​ឡើយ ដ្បិត​យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ថា កាល​ណា​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​ឡើង នោះ​យើង​ខ្ញុំ​នឹង​បាន​ដំកើង​ធំ​ឡើង​ជា​បរិបូរ ក្នុង​ពួក​អ្នក​រាល់​គ្នា តាម​មាត្រា​របស់​យើង​ខ្ញុំ​ដែរ ប្រយោជន៍​ឲ្យ​បាន​ផ្សាយ​ដំណឹង​ល្អ ទៅ​ខាង​នាយ​អ្នក​រាល់​គ្នា​ទៅ​ទៀត ឥត​អួត​ពី​ការ​អ្វី​ដែល​រៀបចំ​ជា​ស្រេច ក្នុង​មាត្រា​នៃ​មនុស្ស​ឯ​ទៀត​ឡើយ ឯ​អ្នក​ណា​ដែល​អួត នោះ​ត្រូវ​អួត​តែ​ក្នុង​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដ្បិត​មិន​មែន​ជា​អ្នក​ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​ឯង ដែល​បាន​លើក​តាំង​នោះ​ទេ គឺ​ជា​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ផ្ទុក‌ផ្តាក់​វិញ​ទេ​តើ។

២ កូរិនថូស 10:4-18

២ កូរិនថូស 10:4-18 គខប២ កូរិនថូស 10:4-18 គខប