១ ធីម៉ូថេ 4:1-16

១ ធីម៉ូថេ 4:1-16 គកស១៦

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស ដោយ‌សារ​ពុត​ត្បុត​របស់​ពួកមនុស្ស​កុហក ដែល​មន‌សិការ​របស់​គេ​ស្ពឹក គេ​ហាម​ប្រាម​មិន​ឲ្យ​យក​ប្តី​ប្រពន្ធ ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អស់​អ្នកដែល​ជឿ និង​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ។ ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក សុទ្ធ​តែ​ល្អ​ទាំង​អស់ ហើយ​មិន​ត្រូវ​ចោល​មួយ​ណា​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ ព្រោះ​អាហារ​ទាំង​នោះ​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល​របស់ព្រះ និង​សេចក្ដី​អធិស្ឋាន។ ប្រសិន‌បើ​អ្នក​បង្ហាញ​សេចក្ដី​ទាំង​នេះ ឲ្យ​ពួក​បង‌ប្អូន​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​អ្នក​បម្រើដ៏​ល្អ​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ‌បន្ទូល​នៃ​ជំនឿ និង​សេចក្ដី​បង្រៀនដ៏​ត្រឹម​ត្រូវ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម។ កុំ​រវល់​នឹង​រឿង​ព្រេង​ឥត​ខ្លឹម​សារ​របស់​ស្ត្រី​ចាស់ៗ​ឡើយ តែ​ត្រូវ​បង្ហាត់​ខ្លួន​ខាង​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ក៏​មាន​សេចក្ដី​សន្យា ទាំង​សម្រាប់​ជីវិត​នៅ​បច្ចុប្បន្ន ទាំង​សម្រាប់​ជីវិត​នៅ​បរលោក។ ពាក្យ​នេះ​ពិត​ប្រាកដ​មែន ហើយ​គួរ​ទទួល​យក​ទាំង​ស្រុង។ ដ្បិត​គឺ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយ​ហត់ ហើយ​តយុទ្ធ ព្រោះ​យើង​មាន​សង្ឃឹម​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​ទាំង‌អស់ ជា​ពិសេស​របស់​អស់​អ្នក​ដែល​ជឿ។ ចូរ​បង្គាប់ ហើយ​បង្រៀន​សេចក្ដី​ទាំង​នេះ​ចុះ។ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​ចិត្ត​បរិសុទ្ធ។ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ដាស់​តឿន និង​បង្រៀន​ពួក​បង‌ប្អូន ទម្រាំ​ខ្ញុំ​មក​ដល់។ កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ‌ទាន​ដែល​នៅ​ក្នុង​អ្នក ជា​អំណោយ​ទាន​ដែល​អ្នក​បាន​ទទួលដោយ​សារ​ទំនាយ កាល​ក្រុម‌ប្រឹក្សា​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ។ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ហើយ​បំពេញ​មុខ​ងារ​នេះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទាំ​ងអស់‌បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំងពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។

អាន ១ ធីម៉ូថេ 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ធីម៉ូថេ 4:1-16