១ ធីម៉ូថេ 4:1-16

១ ធីម៉ូថេ 4:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អារក្ស។ គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អារក្ស ។ ពួក​គេ​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ មិន​ឲ្យ​បរិភោគ​អាហារ​ខ្លះ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​ព្រះ‌គុណ។ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ទាំង​អស់ មិន​ត្រូវ​ចោល​ណា​មួយ​ឡើយ គឺ​ត្រូវ​ទទួល ទាំង​អរ​ព្រះ‌គុណ​វិញ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ និង​ពាក្យ​អរ​ព្រះ‌គុណ បាន​ធ្វើ​ឲ្យ​អាហារ​ទាំង​អស់​ទៅ​ជា​វិសុទ្ធ​ហើយ។ បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ​ទៅ​ពន្យល់​បងប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។ កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម‌សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។ ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្តួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ មាន​ប្រយោជន៍​គ្រប់​ចំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​ព្រះ‌បន្ទូល​សន្យា។ ពាក្យ​ដូច​ត​ទៅ​នេះ​គួរ​ឲ្យ​ជឿ សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា: យើង​ធ្វើ​ការ​នឿយ‌ហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។ អ្នក​ត្រូវ​ដាស់‌តឿន និង​បង្រៀន​សេចក្ដី​ទាំង​នេះ។ កុំ​បណ្ដោយ​ឲ្យ​នរណា​មើល‌ងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្ដី កិរិយា​មារយាទ​ក្ដី ចិត្ត​ស្រឡាញ់​ក្ដី ជំនឿ​ក្ដី និង​ចិត្ត​បរិសុទ្ធ​ក្ដី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ឧស្សាហ៍​ដាស់‌តឿន និង​បង្រៀន​បងប្អូន​កុំ​ខាន ទម្រាំ​ខ្ញុំ​មក​ដល់។ កុំ​ធ្វេស‌ប្រហែស​នឹង​ព្រះ‌អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​ព្រះ‌អំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​ព្រះ‌អម្ចាស់ និង​ដោយ​ក្រុម​ព្រឹទ្ធា‌ចារ្យ*​បាន​ដាក់​ដៃ*​លើ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ​នេះ និង​ព្យាយាម​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ពិត​ជា​បាន​ចម្រើន​ឡើង​មែន។ ត្រូវ​ប្រយ័ត្ន‌ប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្ន‌ប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បងប្អូន​ដែល​ស្ដាប់​អ្នក​ផង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

១ ធីម៉ូថេ 4:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស ដោយ‌សារ​ពុត​ត្បុត​របស់​ពួកមនុស្ស​កុហក ដែល​មន‌សិការ​របស់​គេ​ស្ពឹក គេ​ហាម​ប្រាម​មិន​ឲ្យ​យក​ប្តី​ប្រពន្ធ ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អស់​អ្នកដែល​ជឿ និង​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ។ ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក សុទ្ធ​តែ​ល្អ​ទាំង​អស់ ហើយ​មិន​ត្រូវ​ចោល​មួយ​ណា​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ ព្រោះ​អាហារ​ទាំង​នោះ​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល​របស់ព្រះ និង​សេចក្ដី​អធិស្ឋាន។ ប្រសិន‌បើ​អ្នក​បង្ហាញ​សេចក្ដី​ទាំង​នេះ ឲ្យ​ពួក​បង‌ប្អូន​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​អ្នក​បម្រើដ៏​ល្អ​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ‌បន្ទូល​នៃ​ជំនឿ និង​សេចក្ដី​បង្រៀនដ៏​ត្រឹម​ត្រូវ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម។ កុំ​រវល់​នឹង​រឿង​ព្រេង​ឥត​ខ្លឹម​សារ​របស់​ស្ត្រី​ចាស់ៗ​ឡើយ តែ​ត្រូវ​បង្ហាត់​ខ្លួន​ខាង​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ក៏​មាន​សេចក្ដី​សន្យា ទាំង​សម្រាប់​ជីវិត​នៅ​បច្ចុប្បន្ន ទាំង​សម្រាប់​ជីវិត​នៅ​បរលោក។ ពាក្យ​នេះ​ពិត​ប្រាកដ​មែន ហើយ​គួរ​ទទួល​យក​ទាំង​ស្រុង។ ដ្បិត​គឺ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយ​ហត់ ហើយ​តយុទ្ធ ព្រោះ​យើង​មាន​សង្ឃឹម​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​ទាំង‌អស់ ជា​ពិសេស​របស់​អស់​អ្នក​ដែល​ជឿ។ ចូរ​បង្គាប់ ហើយ​បង្រៀន​សេចក្ដី​ទាំង​នេះ​ចុះ។ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​ចិត្ត​បរិសុទ្ធ។ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ដាស់​តឿន និង​បង្រៀន​ពួក​បង‌ប្អូន ទម្រាំ​ខ្ញុំ​មក​ដល់។ កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ‌ទាន​ដែល​នៅ​ក្នុង​អ្នក ជា​អំណោយ​ទាន​ដែល​អ្នក​បាន​ទទួលដោយ​សារ​ទំនាយ កាល​ក្រុម‌ប្រឹក្សា​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ។ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ហើយ​បំពេញ​មុខ​ងារ​នេះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទាំ​ងអស់‌បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំងពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

១ ធីម៉ូថេ 4:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​បន្ទូល​យ៉ាង​ជាក់​ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លាក‌ចាក‌ចេញ​ពី​សេចក្ដី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស ដោយ‌សារ​ពុត​មាយា​របស់​ពួក​អ្នក ដែល​ពោល​តែ​ពាក្យ​កុហក ទាំង​មាន​បញ្ញា​ចិត្ត​រលាក ព្រម​ទាំង​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ ហើយ​ឲ្យ​ត្រូវ​តម​អាហារ ដែល​ព្រះ​បាន​បង្កើត​មក សំរាប់​ពួក​អ្នក​ជឿ នឹង​ពួក​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត ឲ្យ​បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ ដ្បិត​សត្វ​ទាំង​អស់​ដែល​ព្រះ‌ទ្រង់​បង្កើត​មក នោះ​សុទ្ធ​តែ​ល្អ ហើយ​មិន​ត្រូវ​ចោល​១​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ ដ្បិត​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល ហើយ​សេចក្ដី​អធិស្ឋាន។ បើ​អ្នក​សំដែង​សេចក្ដី​ទាំង​នេះ ដល់​ពួក​បង​ប្អូន​ឲ្យ​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​ជំនួយ​យ៉ាង​ល្អ របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​បង្រៀន​ដ៏​ល្អ បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម​ស្មោះ​ចំពោះ​មែន កុំ​ឲ្យ​ព្រម​ស្តាប់​អស់​ទាំង​រឿង​ល្បែង​របស់​ស្រី​ចាស់ៗ​ឡើយ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង ដ្បិត​គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​ខំ​ធ្វើ​ការ ទាំង​ត្រូវ​គេ​ត្មះ‌តិះដៀល ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​ជា​ព្រះ‌អង្គ​សង្រ្គោះ​នៃ​មនុស្ស​ទាំង‌ឡាយ មាន​មនុស្ស​ដែល​ជឿ​ជា​ដើម ចូរ​ផ្តាំ​គេ​ពី​សេចក្ដី​ទាំង​នេះ ហើយ​បង្ហាត់​បង្រៀន​ចុះ កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ នឹង​សេចក្ដី​បរិសុទ្ធ ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន នឹង​បង្រៀន​គេ ដរាប​ដល់​ខ្ញុំ​មក កុំ​ឲ្យ​ធ្វេស​នឹង​អំណោយ​ទាន ដែល​សណ្ឋិត​លើ​អ្នក ដែល​បាន​ប្រទាន​មក​អ្នក​ដោយ​សេចក្ដី​ទំនាយ ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ឡើយ ចូរ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ ហើយ​កាន់​ខ្ជាប់​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​ឃើញ​សេចក្ដី​ជំនឿន​របស់​អ្នក ចូរ​ប្រុង​ប្រយ័ត​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4