១ ថែស្សាឡូនីច ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្រុង​ថែស្សា‌ឡូនីច៖ សព្វ​ថ្ងៃ​ក្រុង​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រិក។ នៅ​ជំនាន់​លោក​ប៉ុល ក្រុង​ថែស្សា‌ឡូនីច​នេះ​ធំ​ណាស់ មាន​ប្រជា‌ជន​ប្រមាណ​បីសែន​នាក់។ អ្នក​ក្រុង​ជា​ច្រើន​ប្រកប​របរ​ពាណិជ្ជ‌កម្ម​តាម​កំពង់​ផែ។ មាន​មនុស្ស​ជា​ច្រើន​សាសន៍​ស្នាក់​នៅ​ក្រុង​នោះ មាន​ជន​ជាតិ​យូដា​ជា​ដើម។ សាវក​ប៉ុល​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុង​ថែស្សា‌ឡូនីច​ក្នុង​គ.ស. ៥០(កិច្ច‌ការ ១៧.១-១០)។ លោក​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ជន​ជាតិ​យូដា​មុន​គេ មាន​អ្នក​ខ្លះ​ជឿ ហើយ​អ្នក​ខ្លះ​ប្រឆាំង​នឹង​គ្រីស្ទ‌បរិស័ទ​ដែល​ទើប​នឹង​ជឿ​ថ្មីៗ។ ពួក​គេ​បង្ខំ​លោក​ប៉ុល​ឲ្យ​ចាក​ចេញ​ពី​ក្រុង​នោះ ហើយ​លោក​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​អាថែន និង​ក្រុង​កូរិន‌ថូស។ ដោយ​លោក​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​ថែស្សា‌ឡូនីច​លះ‌បង់​ជំនឿ លោក​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​លើក​ទឹក​ចិត្ដ​ពួក​គេ​នៅ​គ.ស. ៥១។
គោល​សំខាន់ៗ
ក្នុង​សំបុត្រ​នេះ លោក​ប៉ុល​បាន​សម្តែង​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​គ្រីស្ទ‌បរិស័ទ ដែល​លោក​ចាត់​ទុក​ដូច​ជា​កូន​របស់​លោក​ផ្ទាល់។ លោក​ដាស់‌តឿន​គេ​ឲ្យ​កាន់​តាម​ការ​ប្រៀន​ប្រដៅ​របស់​លោក​យ៉ាង​ខ្ជាប់‌ខ្ជួន ទោះ‌បី​ពួក​គេ​ជួប​ប្រទះ​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ។
នៅ​សម័យ​នោះ គ្រីស្ទ‌បរិស័ទ​ជា​ច្រើន​ស្មាន​ថា​ព្រះ‌គ្រីស្ទ​ត្រូវ​យាង​មក​វិញ​ក្នុង​ពេល​ឆាប់ៗ។ មាន​អ្នក​ខ្លះ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ស្លាប់ មុន​ពេល​ឃើញ​ព្រះ‌យេ‌ស៊ូវ​យាង​ត្រឡប់​មក​វិញ។ ដូច្នេះ លោក​ប៉ុល​ប្រៀន​ប្រដៅ​គេ​ថា ទោះ‌បី​ពួក​គេ​ស្លាប់​ហួស​ហើយ​ក៏​ដោយ ក៏​ព្រះ‌គ្រីស្ទ​នឹង​ប្រោស​គេ​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​គេ​មាន​សិរី‌ល្អ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ (១ ថែស្សា‌ឡូនីច ៤.១៣-៥.១១)។ ប៉ុន្តែ មាន​គ្រីស្ទ‌បរិស័ទ​ខ្លះ​ទៀត​យល់​ច្រឡំ ហើយ​មិន​យក​ចិត្ដ​ទុក​ដាក់​នឹង​ការ​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​ទេ ដោយ​សំអាង​ថា ព្រះ‌គ្រីស្ទ​ជិត​យាង​មក​វិញ ឬ​យាង​មក​វិញ​រួច​ស្រេច​ហើយ (២ ថែស្សា‌ឡូនីច ២.១-២)។ ដូច្នេះ លោក​ប៉ុល (ឬ​កូន​ចៅ​របស់​លោក​មួយ​រូប) បាន​សរសេរ​សំបុត្រ​មួយ​ទៀត (ថែស្សា‌ឡូនីច​ទី​២) ដើម្បី​ប្រៀន​ប្រដៅ​ពួក​គេ​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រគត់​ស្រគំ ទម្រាំ​ដល់​ព្រះ‌គ្រីស្ទ​យាង​មក។
គម្រោង​គម្ពីរ​ថែស្សា‌ឡូនីច៖
១ ថែស្សា‌ឡូនីច
• សេចក្ដី​ផ្ដើម ១.១
• ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ ១.២-៣.១៣
• ពាក្យ​ដាស់‌តឿន​អំពី​របៀប​រស់​នៅ​ស្រប​តាម​ជំនឿ ៤.១-១២
• ការ​បង្រៀន​ស្ដី​អំពី​ព្រះ‌អម្ចាស់​យាង​មក​វិញ ៤.១៣-៥.១១
• ពាក្យ​ទូន្មាន​ផ្សេងៗ ៥.១២-២២
• អវសាន‌កថា ៥.២៣-២៨
២ ថែស្សា‌ឡូនីច
• សេចក្ដី​ផ្ដើម ១.១-២
• ពាក្យ​សរសើរ និង​ពាក្យ​ទូន្មាន​ផ្សេងៗ ១.៣-១២
• ការ​បង្រៀន​ស្ដី​អំពី​ព្រះ‌អម្ចាស់​យាង​មក​វិញ ២.១-១៧
• ពាក្យ​ដាស់‌តឿន​អំពី​របៀប​រស់​នៅ​របស់​គ្រីស្ទ‌បរិស័ទ ៣.១-១៥
• អវសាន‌កថា ៣.១៦-១៨

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល