កូឡុស 4

4
1ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​ខ្លួន​ដោយ​សុចរិត និង​យុត្តិ‌ធម៌​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅ‌ហ្វាយ​ម្នាក់​នៅ​ស្ថាន‌សួគ៌​ដែរ។
ពាក្យ​ដាស់​តឿន​ផ្សេងៗ
2ចូរ​ព្យាយាម​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះ‌គុណ 3ហើយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​សារ​ការ​នេះ​ឯង 4ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​សម្ដែង​សេចក្ដី​អាថ៌​កំបាំង​នេះ តាម​ដែល​ខ្ញុំ​ត្រូវនិយាយ។ 5ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​ចេះ​ប្រើ​ពេល​វេលា​ផង។ 6ចូរ​ឲ្យ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​ជា‌និច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​គួរ​ឆ្លើយ​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​ណា។
ពាក្យ​ជម្រាប​សួរ និង​ពាក្យ​ប្រសិទ្ធពរ​ចុង​ក្រោយ
7លោក​ទីឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់ និង​ជា​អ្នក​បម្រើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់​អំពី​ខ្ញុំ។ 8ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា​សម្រាប់​គោល​បំណង​នេះ​ឯង គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​សុខ​ទុក្ខ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា 9ខ្ញុំ​ចាត់​ឲ្យ​គាត់​មក​ជា​មួយ​លោក​អូនេ‌ស៊ីម ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​មនុស្ស​ស្មោះ​ត្រង់ ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​ទាំង​ពីរ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​គ្រប់​ការ​ទាំង​អស់​នៅ​ទី​នេះ។
10លោក​អើរី‌ស្តាក ដែល​ជាប់​គុក​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា ហើយ​លោក​ម៉ាកុស ជា​ក្មួយ​លោក​បាណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា ប្រសិន‌បើ​គាត់​មក សូម​អ្នក​រាល់​គ្នា​ទទួល​គាត់​ចុះ។ 11រីឯ​លោក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក មាន​តែ​អ្នក​ទាំង​នេះ​ទេ​ដែល​បាន​រួម​ការ​ងារ​ជា​មួយ​ខ្ញុំ​សម្រាប់​ព្រះរាជ​របស់​ព្រះ ហើយ​គេ​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ។ 12លោក​អេប៉ា‌ប្រាស ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ គាត់​ខំ​ប្រឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជា‌និច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​មាំមួន ពេញ​វ័យ ហើយ​យល់​ច្បាស់​ពី​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​គ្រប់​ជំពូក។ 13ដ្បិត​ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​ខំ​ប្រឹង​ប្រែង​ណាស់​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​អស់​អ្នក​នៅ​ក្រុង​ឡៅ‌ឌីសេ និង​ក្រុង​ហេរ៉ា‌ប៉ូល។ 14លោក​លូកា ជា​គ្រូ​ពេទ្យ​ស្ងួន​ភ្ងា និង​លោក​ដេ‌ម៉ាស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ 15សូម​ជម្រាប​សួរ​ដល់​ពួក​បង‌ប្អូន​នៅ​ក្រុង​ឡៅ‌ឌីសេ និង​ដល់​នាង​នីម‌ផាស ព្រម​ទាំង​ក្រុម​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់​ផង។ 16ពេល​អាន​សំបុត្រ​នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅ‌ឌីសេ​អាន​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅ‌ឌីសេ​វិញ​ដែរ។ 17សូម​ប្រាប់​លោក​អើ‌ឃីព​ថា «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​បំពេញ​ការ‌ងារ​ដែល​អ្នក​បាន​ទទួល​ក្នុង​ព្រះ‌អម្ចាស់​ឲ្យ​បាន​សម្រេច​ចុះ»។
18ខ្ញុំ ប៉ុល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ចំណង​របស់​ខ្ញុំ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

កូឡុស 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល