១ ថែស្សាឡូនីច 5:14-28

១ ថែស្សាឡូនីច 5:14-28 គកស១៦

បង‌ប្អូន​អើយ យើង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​បន្ទោស​អស់​អ្នក​ដែល​ខ្ជិល​ច្រអូស លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ពួក​អ្នក​ដែល​ទន់​ខ្សោយ ហើយ​អត់​ធ្មត់ចំពោះ​មនុស្ស​ទាំង​អស់។ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​សង្វាត​ធ្វើ​អំពើ​ល្អ​ជា‌និច្ច ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​គ្រប់​គ្នា។ ចូរ​អរ​សប្បាយ​ជា‌និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ កុំ​មើល​ងាយ​សេចក្ដី​ទំនាយ ចូរ​ល្បង​មើល​អ្វីៗ​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។ ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ។ បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង។ សូម​ជម្រាប​សួរ​ពួក​បង‌ប្អូន​ទាំង​អស់ ដោយ​ការ​ថើប​បរិសុទ្ធ។ ខ្ញុំ​សូម​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ថា សូមអាន​សំបុត្រ​នេះ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​ស្តាប់​កុំ​ខាន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ អាម៉ែន។:៚

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ថែស្សាឡូនីច 5:14-28