១ ថេស្សាឡូនិក 5:14-28

១ ថេស្សាឡូនិក 5:14-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ យើង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​បន្ទោស​អស់​អ្នក​ដែល​ខ្ជិល​ច្រអូស លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ពួក​អ្នក​ដែល​ទន់​ខ្សោយ ហើយ​អត់​ធ្មត់ចំពោះ​មនុស្ស​ទាំង​អស់។ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​សង្វាត​ធ្វើ​អំពើ​ល្អ​ជា‌និច្ច ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​គ្រប់​គ្នា។ ចូរ​អរ​សប្បាយ​ជា‌និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ កុំ​មើល​ងាយ​សេចក្ដី​ទំនាយ ចូរ​ល្បង​មើល​អ្វីៗ​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។ ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ។ បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង។ សូម​ជម្រាប​សួរ​ពួក​បង‌ប្អូន​ទាំង​អស់ ដោយ​ការ​ថើប​បរិសុទ្ធ។ ខ្ញុំ​សូម​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ថា សូមអាន​សំបុត្រ​នេះ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​ស្តាប់​កុំ​ខាន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ អាម៉ែន។:៚

១ ថេស្សាឡូនិក 5:14-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់‌ធ្នាប់ ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រ‌ទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជានិច្ច គឺ​ធ្វើ​ចំពោះ​បងប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។ ចូរ​មាន​អំណរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បងប្អូន ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​ធ្វើ​ដូច្នេះ​ឯង។ កុំ​រារាំង​សកម្ម‌ភាព​របស់​ព្រះ‌វិញ្ញាណ​ឡើយ កុំ​មើល‌ងាយ​ការ​ថ្លែង​ព្រះ‌បន្ទូល ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។ ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ សូម​ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ប្រោស​បងប្អូន​ឲ្យ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែ‌រក្សា​ខ្លួន​បងប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំ‌ខាន។ បងប្អូន​អើយ សូម​អធិស្ឋាន*​ឲ្យ​យើង​ផង។ សូម​ជម្រាប​សួរ​ពួក​បងប្អូន​ទាំង​អស់ ដោយ​ស្និទ្ធ‌ស្នាល។ ខ្ញុំ​សូម​អង្វរ​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។ សូម​ឲ្យ​បងប្អូន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង។

១ ថេស្សាឡូនិក 5:14-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ យើង​ខ្ញុំ​ទូន្មាន​ឲ្យ​អ្នក​រាល់​គ្នា​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​សណ្តាប់‌ធ្នាប់ ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់ ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង‌ឡាយ​ដែរ ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ កុំ​ឲ្យ​មើល‌ងាយ​ការ​អធិប្បាយ​ឡើយ ចូរ​ល​មើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង។ សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប‌កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅ‌ហ្មង ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការ​នោះ។ បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ថើប​បរិសុទ្ធ​ដែរ ខ្ញុំ​ផ្តាំ​មក​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌អម្ចាស់​ថា សូម​អាន​មើល​សំបុត្រ​នេះ ឲ្យ​ពួក​បង​ប្អូន​បរិសុទ្ធ​គ្រប់​គ្នា​ស្តាប់​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚

១ ថេស្សាឡូនិក 5:14-28

១ ថេស្សាឡូនិក 5:14-28 គខប១ ថេស្សាឡូនិក 5:14-28 គខប