បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។ ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។ ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។ កុំឲ្យពន្លត់ព្រះវិញ្ញាណ កុំមើលងាយសេចក្ដីទំនាយ ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។ សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង។ សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយការថើបបរិសុទ្ធ។ ខ្ញុំសូមបង្គាប់អ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យពួកបងប្អូនទាំងអស់ស្តាប់កុំខាន។ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚
អាន ១ ថែស្សាឡូនីច 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថែស្សាឡូនីច 5:14-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ