១ សាំ‌យូ‌អែល 30

30
ដាវីឌ​សងសឹក​ចំពោះ​ការ​ដុត​កម្ទេច​ក្រុង​ស៊ីក‌ឡាក់
1នៅ​ថ្ងៃ​ទី​បី ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ ពេល​នោះពួក​អាម៉ាឡេក​បាន​លុក​ចូល​តំបន់​ណេកិប ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់ គេ​បាន​វាយ​ក្រុង​ស៊ីក‌ឡាក់ និង​ដុត​កម្ទេច​ចោល​អស់​រលីង​ហើយ 2ក៏​ចាប់​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ ទាំង​តូច​ទាំង​ធំ នាំ​ទៅ​ជា​ឈ្លើយ។ គេ​មិន​បាន​សម្លាប់​អ្នក​ណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​នាំ​យក​ពួកគេ​ទៅជា‌មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ។ 3ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់ ឃើញ​ទី​លំ‌នៅ​បាន​ឆេះ​អស់ ឯ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ដែរ។ 4ពេល​នោះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ក៏​ស្រែក​យំ​ជា​ខ្លាំង រហូត​ដល់​គ្មាន​កម្លាំង​នឹង​យំ​ទៀត។ 5ឯ​ប្រពន្ធ​ដាវីឌ​ទាំង​ពីរ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណា‌បាល​ជា​អ្នក​ស្រុក​កើមែល​នោះ ក៏​ត្រូវ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​ដែរ។ 6ចំណែក​ដាវីឌ លោក​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់ ដ្បិត​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​លោក គេ​ចង់​យក​ដុំ​ថ្ម​គប់​លោក ព្រោះ​គ្រប់​គ្នា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​សារ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​វិញ។
7ដាវីឌ​បាន​និយាយ​ទៅ​អ័បៀ‌ថើរ​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯណេះ» នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក 8រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ដេញ​តាម​ពួក​នោះ​ឬ​ទេ? តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន»។ 9ដូច្នេះ ដាវីឌ និង​ពួក​ប្រាំ​មួយ‌រយ​នាក់​ដែល​នៅ​ជា‌មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ 10ប៉ុន្តែ ដាវីឌ និង​បួនរយ​នាក់​ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត ទុក​ពីរ​រយ​នាក់​ឲ្យ​នៅ ដោយ​គេ​ល្វើយ និង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន។
11នៅ​វាល គេ​ប្រទះ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ ហើយ​នាំ​វា​មក​ជួប​ដាវីឌ ពួក​គេ​បាន​ឲ្យ​នំបុ័ង និង​ទឹក​បរិ‌ភោគ 12ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​មួយ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​ពីរ​ចង្កោម​ដែរ ពេល​បាន​បរិ‌ភោគ​ហើយ ក៏​មាន​កម្លាំង​ឡើង​វិញ ព្រោះ​មិន​បាន​បរិ‌ភោគ​អាហារ និង​ទឹក​អស់​បី​ថ្ងៃ​បី​យប់​មក​ហើយ។ 13ដាវីឌ​សួរ​គាត់​ថា៖ «តើ​ឯង​ជា​អ្នក​បម្រើ​របស់​អ្នក​ណា? តើ​អ្នក​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បម្រើ​របស់​សាសន៍​អាម៉ាឡេក​ម្នាក់ ចៅ‌ហ្វាយ​ខ្ញុំ​បាន​បោះ​បង់​ខ្ញុំ​ចោល​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​មាន​ជំងឺ។ 14យើង​ខ្ញុំ​បាន​លុក​ចូល​តំបន់​ណេកិប​របស់​ពួក​កេរេ‌ធីម ស្រុក​របស់​ពួក​យូដា និង​តំបន់​ណេកិប ជា​ស្រុក​របស់​កាលែប ហើយ​ដុត​ក្រុង​ស៊ីក‌ឡាក់​ចោល​ផង»។ 15ដាវីឌ​សួរ​គាត់​ថា៖ «តើ​ឯង​នឹង​នាំ​យើង​ចុះ​ទៅ​រក​ពួក​នោះ​បាន​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ ថា​លោក​មិន​សម្លាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅ‌ហ្វាយ​របស់​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​រក​គេ»។
16ពេល​គាត់​បាន​នាំ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត​កព្ឆោង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលី‌ស្ទីន និង​ស្រុក​យូដា​នោះ។ 17ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួនរយ​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ។ 18ដាវីឌ​ចាប់​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ាឡេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​ពីរ​មក​វិញ​ដែ​រ។ 19គ្មាន​បាត់​អ្វី​ឡើយ ទោះ​តូច ឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ ដាវីឌ​បាន​យក​មក​វិញ​ទាំង​អស់។ 20ដាវីឌ​ក៏​បាន​ចាប់​យក​ហ្វូង​ចៀម និង​ហ្វូង​គោ​ដែរ ដែល​ពួក​គង្វាល​ដេញ​សត្វ​ទាំង​នោះ​នៅ​មុខ​គេ ក៏​និយាយ​ថា៖ «នេះ​ជា​របឹប​របស់​ដាវីឌ»។
21ដាវីឌ​បាន​ត្រឡប់​មក​ដល់​ពួក​ពីររយ​នាក់ ដែល​ឥត​មាន​កម្លាំង​នឹង​តាម​ទៅ គឺ​ជា​ពួក​អ្នក​ដែល​គេ​បាន​ទុក​នៅ​ត្រង់​ជ្រោះ​បេសោរ​នោះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ទទួល​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ ពេល​ដាវីឌ​ចូល​ទៅ​ជិត នោះ​ក៏​សួរ​គេ​ពី​សុខ​ទុក្ខ 22ឯ​អ្នក​ដែល​មាន​ចិត្ត​អាក្រក់ និង​មនុស្ស​ចោល‌ម្សៀត ក្នុង​ពួក​អ្នក​ដែល​បាន​ទៅ​ជា‌មួយ​ដាវីឌ គេ​និយាយ​ថា៖ «យើង​មិន​ព្រម​ចែក​របឹប​ដែល​យើង​បាន​ចាប់​យក​មក​វិញ ឲ្យ​ដល់​អ្នក​ទាំង​នោះ​ទេ ឲ្យ​តែ​ប្រពន្ធ​កូន​គេ​ប៉ុណ្ណោះ នោះ​ឲ្យ​គេ​នាំ​ទៅ​ចុះ ព្រោះ​គេ​មិន​បាន​ទៅ​ជា‌មួយ​យើង​ទេ»។ 23តែ​ដាវីឌ​ប្រកែក​ថា៖ «បង‌ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ចំពោះ​របស់​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​យើង​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ការពារ​យើង ហើយ​ប្រគល់​ពួក​អ្នក​ដែល​បាន​ញាំ‌ញី​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ 24តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា»។ 25នោះ​ក៏​បាន​ដូច្នោះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ដាវីឌ​ក៏​តាំង​សេចក្ដី​នោះ​ទុក​ជា​ច្បាប់ ជា​បញ្ញត្តិ​សម្រាប់​សាសន៍​អ៊ីស្រា‌អែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
26ពេល​ដាវីឌ​បាន​ត្រឡប់​មក​ដល់​ស៊ីក‌ឡាក់​វិញ នោះ​ក៏​ផ្ញើ​របឹប​ខ្លះ​ទៅ​ជូន​ដល់​ពួក​ចាស់​ទុំ​នៅ​ស្រុក​យូដា ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក ដោយ​ពាក្យ​ថា «នេះ​ជា​ចំណែក​របឹប ដែល​ចាប់​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ផ្ញើ​មក​ជូន​ដល់​លោក​រាល់​គ្នា» 27គឺ​ផ្ញើ​ទៅ​ដល់​ពួក​ចាស់​ទុំ​នៅ​បេត-អែល នៅ​រ៉ាម៉ូត​ខាង​ត្បូង នៅ​យ៉ាទារ 28នៅ​អារ៉ូ‌អ៊ើរ នៅ​ស៊ីពម៉ូត នៅ​អែល‌ធេម៉ូរ 29នៅ​រ៉ាកាល នៅ​ទី​ក្រុង​របស់​ពួក​យេរ៉ា‌ម្អែល នៅ​ទី​ក្រុង​របស់​ពួក​កែន 30នៅ​ហោ‌ម៉ាកោរ-អាសាន នៅ​អា‌ថាក 31នៅ​ហេប្រុន និង​នៅ​គ្រប់​កន្លែង​ដែល​ដាវីឌ និង​ពួក​លោក​ធ្លាប់​ដើរ​ឆ្លង​កាត់។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 30: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល