១ សាំ‌យូ‌អែល 29

29
ពួក​ភីលី‌ស្ទីន​ដេញ​ដាវីឌ​ចេញ​ពី​កង‌ទ័ព​របស់​ពួក​គេ
1ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ពល​ទ័ព​ទាំង​អស់​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល។ 2រីឯ​ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​បាន​នាំ​ពល​ទ័ព​របស់​គេ​ទាំង​រយ ទាំង​ពាន់​ទៅ​ខាង​មុខ ហើយ​ដាវីឌ និង​ពួក​លោក បាន​នាំ​គ្នា​ដើរ​តាម​ក្រោយ​ទៅ​ជា‌មួយ​ព្រះបាទ​អ័គីស 3ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​កំពុង​ធ្វើ​អី?»។ អ័គីស​ឆ្លើយ​តប​ថា៖ «តើ​នេះ​មិន​មែន​ជា​ដាវីឌ អ្នក​បម្រើ​របស់​ស្តេច​សូល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ? ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ ចាប់​តាំង​ពី​ពេល​ដែល​គាត់​មក រហូត​ដល់​ថ្ងៃ​នេះ»។ 4តែ​ពួក​មេ​ដឹកនាំ​របស់​ពួក​ភីលី‌ស្ទីន​ខឹង​នឹង​ទ្រង់ រួច​ទូល​ថា៖ «ចូរ​ឲ្យ​មនុស្ស​នេះ​ទៅ​វិញ​ទៅ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដែល​ទ្រង់​បាន​ឲ្យ​នៅ​នោះ​ទៅ កុំ​ឲ្យ​ចុះ​ទៅ​ទី​ចម្បាំង​ជា‌មួយ​យើង​ឡើយ ក្រែង​លោ​កំពុង​តែ​ច្បាំង គេ​បែរ​ជា​ត្រឡប់​មក​ទាស់​នឹង​យើង​វិញ នោះ​តើ​គេ​មិន​បាន​មេត្រី​នឹង​ចៅ‌ហ្វាយ​គេ ដោយ‌សារ​យក​ក្បាល​របស់​មនុស្ស​ទាំង​នេះ​ទេ​ឬ? 5តើ​នេះ​មិន​មែន​ដាវីឌ ជា​អ្នក​ដែល​គេ​បាន​ច្រៀង​ឆ្លើយ​គ្នា​ពី​គាត់​ក្នុង​ចម្បាំង​របស់​គេ​ថា "សូល​បាន​សម្លាប់​ទាំង​ពាន់ តែ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ"?»។
6ព្រះបាទ​អ័គីស​បាន​ហៅ​ដាវីឌ​មក​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ ហើ​យ​ដែល​អ្នក​ចេញ​ចូល​ក្នុង​ពល​ទ័ព​ជា‌មួយ​យើង យើង​ពេញ​ចិត្ត​ណាស់ ដោយ​មិន​ឃើញ​ថា​អ្នក​មាន​ទោស​អ្វី​ឡើយ ចាប់​តាំង​ពី​ពេល​ដែល​អ្នក​មក​រហូត​ដល់​ថ្ងៃ​នេះ ប៉ុន្តែ ពួក​មេ​ដឹកនាំ​របស់​យើង​មិន​ចូល​ចិត្ត​អ្នក​ទេ។ 7ដូច្នេះ សូម​អ្នក​ត្រឡប់​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ ក្រែង​នាំ​ឲ្យ​ពួក​មេ​ដឹកនាំ​សាសន៍​ភីលី‌ស្ទីន​ទាំង​នោះ​អាក់​អន់​ចិត្ត»។ 8ដាវីឌ​ទូល​សួរ​ព្រះបាទ​អ័គីស​ថា៖ «តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​ខ្លះ? ចាប់​តាំង​ពី​ទូល‌បង្គំ​មក​នៅ​ចំពោះ​ទ្រង់ រហូត​ដល់​ថ្ងៃ​នេះ តើ​ទ្រង់​បាន​ឃើញ​ទូល‌បង្គំ​មាន​ទោស​យ៉ាង​ណា បាន​ជា​មិន​ឲ្យ​ទូល‌បង្គំ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ស្តេច ជា​ចៅ‌ហ្វាយ​នៃ​ទូល‌បង្គំ​ដូច្នេះ?»។ 9ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​តប​ទៅ​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ​ថា អ្នក​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​យើង ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ប៉ុន្តែ ពួក​មេ​ដឹកនាំ​ភីលី‌ស្ទីន​បាន​សម្រេច​ថា "អ្នក​មិន​ត្រូវ​ឡើង​ទៅ​ទី​ចម្បាំង​ជា‌មួយ​យើង​ឡើយ"។ 10ហេតុ​នេះ ចូរ​អ្នក ព្រម​ទាំង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​អ្នក​ដែល​មក​ជា‌មួយ ក្រោក​ពី​ព្រលឹម [ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ ដែល​យើង​បានតម្រូវ​ទុក​ឲ្យ​អ្នក។ ឯ​ដំណឹង​អាក្រក់ សូម​កុំ​អំពល់អ្វី​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង​ហើយ] ។ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ហើយ​ចេញ​ដំណើរ​ទៅ នៅ​ពេលថ្ងៃរះ​ចុះ»។ 11ដូច្នេះ ដាវីឌ និង​ពួក​លោក​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​កាល​ណា​ភ្លឺ​ស្រាង​ឡើង នោះ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ តែ​ពួក​ភីលី‌ស្ទីន​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​យេស‌រាល​ទៅ។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 29: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល