១ សាំយូអែល 28
28
1នៅគ្រានោះ ពួកភីលីស្ទីនបានប្រមូលពលទ័ពមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយព្រះបាទអ័គីសមានរាជឱង្ការទៅដាវីឌថា៖ «អ្នកដឹងហើយថា អ្នក និងពួកពលរបស់អ្នកត្រូវចេញទៅក្នុងកងទ័ពជាមួយយើង»។ 2ដាវីឌទូលឆ្លើយថា៖ «បើដូច្នេះ ព្រះករុណានឹងជ្រាបថាទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាអាចធ្វើអ្វីមួយបានមិនខាន»។ នោះព្រះបាទអ័គីសមានរាជឱង្ការតបថា៖ «ល្អណាស់ យើងនឹងតាំងលោកជាអង្គរក្សការពារយើងរហូតតទៅ»។
ស្ដេចសូលទៅរកគ្រូបញ្ជាន់អារក្ស
3ពេលនោះ លោកសាំយូអែលបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខ ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច។ ស្តេចសូលបានបណ្តេញពួកគ្រូខាបទាំងអស់ និងពួកគ្រូអន្ទងខ្មោចចេញពីស្រុក។ 4ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយស្ដេចសូលក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ។ 5ពេលស្តេចសូលបានទតឃើញពលទ័ពខាងពួកភីលីស្ទីន ទ្រង់ក៏ភ័យ ហើយមានព្រះហឫទ័យញាប់ញ័រជាខ្លាំង។ 6នៅពេលស្តេចសូលទូលដល់ព្រះយេហូវ៉ា នោះព្រះអង្គមិនឆ្លើយតបសោះ ទោះបើដោយការពន្យល់សប្តិ ឬដោយសារអ៊ូរីម ឬដោយពួកហោរាក្តី។ 7ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួករាជបម្រើថា៖ «ចូរទៅរកស្ត្រីណាដែលចេះខាបខ្មោចឲ្យយើង ដើម្បីឲ្យយើងបានទៅសួរទំនាយពីនាង» ពួកអ្នកបម្រើរបស់ទ្រង់ទូលឆ្លើយថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប»។
8នោះស្តេចសូលបានក្លែងខ្លួន ហើយផ្លាស់សម្លៀកបំពាក់ចេញទៅ មានមនុស្សពីរនាក់ទៅជាមួយដែរ។ ស្ដេចសូលបានទៅជួបស្ត្រីនោះទាំងយប់ ហើយមានរាជឱង្ការថា៖ «សូមចូលរូប ហើយខាបយកព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់អ្នក»។ 9ស្ត្រីនោះឆ្លើយឡើងថា៖ «លោកជ្រាបច្បាស់ហើយថាស្ដេចសូលបានធ្វើយ៉ាងណា គឺទ្រង់បានបណ្ដេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញអស់ហើយ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ?» 10ប៉ុន្តែ ស្ដេចសូលបានស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនមានទោសចំពោះការនេះឡើយ»។ 11បន្ទាប់មក ស្ត្រីនោះសួរថា៖ «តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក?» ស្តេចឆ្លើយថា៖ «សូមខាបយកសាំយូអែលមកឲ្យខ្ញុំ»។ 12ពេលស្ត្រីនោះបានឃើញសាំយូអែល គាត់ក៏ស្រែកឡើងជាខ្លាំង ហើយទូលស្តេចសូលថា៖ «ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ? លោកនេះហើយ គឺជាស្តេចសូល»។ 13ស្តេចមានរាជឱង្ការថា៖ «កុំភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «ខ្ញុំម្ចាស់បានឃើញពួកព្រះ ឡើងពីដីមក»។ 14ទ្រង់មានរាជឱង្ការទៀតថា៖ «តើមានរូបរាងដូចម្តេច?»។ គាត់ទូលថា៖ «គឺមនុស្សចាស់ម្នាក់ឃ្លុំអាវឡើងមក»។ នោះស្តេចសូលយល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។
15លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?» 16លោកសាំយូអែលឆ្លើយថា៖ «បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំដូច្នេះ? 17ព្រះយេហូវ៉ាបានសម្រេចចំពោះទ្រង់ តាមសេចក្ដីទំនាយដែលបានថ្លែងតាមរយៈទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តរបស់ទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ 18ព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាឡេក តាមសេចក្ដីក្រេវក្រោធរបស់ព្រះដែរ ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះទ្រង់យ៉ាងដូច្នេះ។ 19មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។
20រំពេចនោះ ស្តេចសូលក៏ដួលចុះដល់ដីទាំងជំហរ មានសេចក្ដីភ័យខ្លាចជាខ្លាំង ដោយឮពាក្យដែលសាំយូអែលបានប្រាប់ ហើយគ្មានកម្លាំងនៅសល់ទៀតឡើយ ព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់មកហើយ។ 21ស្ត្រីនោះក៏មកជិតស្តេចសូល ឃើញទ្រង់តក់ស្លុតជាខ្លាំង ក៏ទូលថា៖ «ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតដើម្បីធ្វើតាមអស់ទាំងសេចក្ដីដែលទ្រង់បានមានរាជឱង្ការមកខ្ញុំម្ចាស់ដែរ។ 22ដូច្នេះ សូមទ្រង់ស្តាប់តាមពាក្យរបស់ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ឥឡូវចុះ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបនំបុ័ងបន្តិចថ្វាយទ្រង់សោយ ដើម្បីឲ្យមានកម្លាំងក្នុងការបន្តដំណើរទៅមុខទៀត»។ 23ស្ដេចសូលប្រកែកថា៖ «យើងមិនបរិភោគទេ» តែដោយពួកអ្នកបម្រើរបស់ទ្រង់ ព្រមទាំងស្ត្រីនោះចេះតែទទូចអង្វរ បានជាទ្រង់ក៏ស្តាប់តាម រួចក្រោកពីដីឡើងទៅគង់នៅលើគ្រែ។ 24ស្ត្រីនោះមានកូនគោមួយយ៉ាងធាត់នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់សម្លាប់គោនោះ ហើយយកម្សៅមកច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ 25រួចលើកយកមកថ្វាយស្តេចសូល និងពួកអ្នកបម្រើរបស់ទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចក្រោកឡើងចេញទៅទាំងយប់នោះវិញ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 28: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies