១ សាំ‌យូ‌អែល 27

27
ដាវីឌ​ទៅ​បម្រើ​ស្តេច​អ័គីស​នៅ​ក្រុង​កាថ
1ដាវីឌ​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ស្លាប់​ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ប្រសើរ​ជាង​រត់​ទៅ​ជ្រក​នៅ​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​ទេ នោះ​ស្ដេច​សូល​នឹង​អស់​ចិត្ត​ក្នុង​ការរក​ខ្ញុំ​នៅ​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​បាន»។ 2ដូច្នេះ ដាវីឌ​ក៏​នាំ​ទាំង​ពួក​ប្រាំមួយ​រយ​នាក់ ដែល​នៅ​ជា‌មួយ​លោក ទៅ​ស្រុក​របស់​ព្រះបាទ​អ័គីស ជា​បុត្រ​ម៉ាអូក ដែល​ជា​ស្តេច​ក្រុង​កាថ។ 3ដាវីឌ​ស្នាក់​នៅ​ក្នុង​ក្រុង​កាថ ជា​ស្រុក​របស់​ព្រះបាទ​អ័គីស​នោះ ព្រម​ទាំង​ពួក​លោក​ទាំង​ប៉ុន្មាន ដែល​គ្រប់​គ្នា​មាន​គ្រួសារ​របស់​ខ្លួន​នៅ​ជា‌មួយ​ផង។ ដាវីឌ​បាន​នាំ​ប្រពន្ធ​ទាំង​ពីរ​នាក់​ទៅ​ដែរ គឺ​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណា‌បាល។ 4ពេល​មាន​គេ​ទូល​ដល់​ស្តេច​សូល​ថា ដាវីឌ​បាន​រត់​ទៅ​នៅ​ក្រុង​កាថ​ហើយ ដូច្នេះ ទ្រង់​ក៏​ឈប់​តាម​រក​ទៀត។
5ដាវីឌ​ទូល​ព្រះបាទ​អ័គីស​ថា៖ «បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់​ឥឡូវ នោះ​សូម​ទ្រង់​ឲ្យ​គេ​ចែក​ទី​កន្លែង​ដល់​ទូល‌បង្គំ នៅ​ទី​ក្រុង​ណា​មួយ ក្នុង​អាណា​ខេត្ត​របស់​ទ្រង់ ឲ្យ​ទូល‌បង្គំ​បាន​អា‌ស្រ័យ​នៅ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​ធំ​របស់​ស្តេច ជា‌មួយ​ទ្រង់​ឡើយ?» 6នៅ​ថ្ងៃ​នោះ អ័គីស​បាន​ប្រទាន​ក្រុង​ស៊ីក‌ឡាក់​ឲ្យ​ដាវីឌ ហេតុ​នោះ​បាន​ជា​ក្រុង​ស៊ីក‌ឡាក់ នៅ​ជា​កម្មសិទ្ធិ​របស់​ស្តេច​យូដា រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ 7ដាវីឌ​រស់​នៅ​ក្នុង​ស្រុក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​មួយ​ឆ្នាំ​បួន​ខែ។
8គ្រា​នោះ ដាវីឌ និង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ និង​ពួក​អាម៉ា‌ឡេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក​តាំង​តែ​ពី​ដើម​មក គេ​នៅ​តាម​ផ្លូវ​ដែល​ទៅ​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីព្ទ។ 9ដាវីឌ​វាយ​ស្រុក​គេ ឥត​ទុក​ឲ្យ​មាន​ប្រុស​ឬ​ស្រី​នៅ​រស់​ឡើយ ក៏​ចាប់​យក​ចៀម គោ លា អូដ្ឋ និង​សម្លៀក‌បំពាក់​របស់​គេ ហើយ​នាំ​គ្នា​ត្រឡប់​មក​គាល់​ព្រះបាទ​អ័គីស​វិញ។ 10ពេល​ព្រះបាទ​អ័គីស​សួរ​ថា៖ «តើ​អ្នក​បាន​វាយ​លុក​ចូល​ស្រុក​ណា​ខ្លះ​នៅ​ថ្ងៃ​នេះ?» ដាវីឌ​តែង​តែ​ទូល​ថា៖ «បាន​ទៅ​តំបន់​ណេកិប ស្រុក​យូដា» ឬ «តំបន់​ណេកិប​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «តំបន់​ណេកិប​របស់​ពួក​កែន»។ 11ដាវីឌ​មិន​ទុក​គេ ទោះ​ប្រុស​ទោះ​ស្រី​ក្តី​ឲ្យ​នៅ​រស់ ដើម្បី​នឹង​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​ខ្លាច​ក្រែង​គេ​ផ្សាយ​ដំណឹង​ថា ដាវីឌ​បាន​ធ្វើ​ដូច្នេះ​មួយៗ ក៏​ធ្លាប់​ធ្វើ​ដូច្នោះ​ចាប់​តាំង​ពី​វេលា​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ភីលី‌ស្ទីន​នេះ​ដែរ។ 12អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​គិត​ថា៖ «វា​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​សាសន៍​របស់​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះ វា​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង​ជា​រៀង​រហូត»។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល