១ សាំ‌យូ‌អែល 31

31
ស្ដេច​សូល និង​បុត្រា​សោយ‌ទិវង្គត
1ពួក​ភីលី‌ស្ទីន​បាន​ចូល​ប្រយុទ្ធ​នឹង​ពួក​អ៊ីស្រា‌អែល ឯ​ពួក​អ៊ីស្រា‌អែល​ក៏​រត់​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលី‌ស្ទីន ហើយ​ពួក​អ៊ីស្រា‌អែល​ជា​ច្រើន​បាន​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។ 2ពួក​ភីលី‌ស្ទីន​ដេញ​តាម​ស្ដេច​សូល និង​ពួក​បុត្រា​របស់​ព្រះ‌អង្គ​យ៉ាង​ប្រកិត គេ​បាន​សម្លាប់​យ៉ូណា‌ថាន អ័ប៊ី‌ណាដាប់ និង​ម៉ាល‌គី-ស៊ូអា ជា​បុត្រា​សូល។ 3ចម្បាំង​នោះ​ធ្វើ​ឲ្យ​លំបាក​ដល់​ស្តេច​សូល​ណាស់ ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​តក់‌ស្លុត​ជា​ខ្លាំង។ 4ស្តេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ថា៖ «ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទម្លុះ​យើង​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ មក​កាប់​ចាក់ ហើយ​មើល​ងាយ​ដល់​យើង»។ ប៉ុន្តែ អ្នក​កាន់​គ្រឿង​សស្រ្តា‌វុធ​របស់​ទ្រង់​មិន​ហ៊ាន​ទេ ដោយ​គាត់​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង ដូច្នេះ ស្តេច​សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់​ផ្តួល​ខ្លួន​ទៅ​លើ 5ពេល​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ​បាន​ឃើញ​ស្ដេច​សូល​បាន​សុគត​ហើយ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​ស្លាប់​ទៅ​ជា‌មួយ​ដែរ។ 6ដូច្នេះ ស្តេច​សូល បុត្រា​របស់​ទ្រង់​បី​អង្គ អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ និង​ពួក​ពល​ទាំង​ប៉ុន្មាន​បាន​ស្លាប់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ។ 7ពេល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​ម្ខាង និង​ពួក​អ្នក​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​បាន​ឃើញ​ពួក​ទ័ព​សាសន៍​អ៊ីស្រា‌អែល​រត់ ហើយ​ស្តេច​សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​ទី​ក្រុង​អស់​ទៅ ឯ​ពួក​ភីលី‌ស្ទីន​ក៏​មក​តាំង​ទី​លំ‌នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។
8ដល់​ថ្ងៃ​បន្ទាប់ ពេល​ពួក​ភីលី‌ស្ទីន​បាន​ចូល​ទៅ​ដោះ​យក​របស់​ពី​ខ្មោច​ទាំង​ប៉ុន្មាន គេ​ប្រទះ​ឃើញ​សព​ស្តេច​សូល និង​បុត្រា​ទាំង​បី​អង្គ​នៅ​លើ​ភ្នំ​គីល‌បោ។ 9ពួក​គេ​ក៏​កាត់​ព្រះ‌សិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ស្រុក​ភីលី‌ស្ទីន ដើម្បី​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​នៃ​ពួក​ព្រះ​របស់​គេ ហើយ​ដល់​ប្រជាជន​ផង។ 10ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​នោះ ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះអាសថា​រ៉ូត ឯ​សព​របស់​ស្ដេច​ចង​ភ្ជាប់​នឹង​កំផែង​ក្រុង​បេត-សាន។ 11ប៉ុន្តែ ពេល​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាត​បាន​ឮ​និយាយ​ពី​ការ​ដែល​ពួក​ភីលី‌ស្ទីន​ធ្វើ​ដល់​សព​របស់​សូល 12នោះ​ពួក​អ្នក​ក្លាហាន​ទាំង​ប៉ុន្មាន​របស់​គេ ក៏​នាំ​គ្នា​ទៅ​ទាំង​យប់ នាំ​យក​សព​របស់​សូល និង​សព​របស់​ពួក​បុត្រា​ទ្រង់ ពី​កំផែង​បេត-សាន ត្រឡប់​មក​ក្រុង​យ៉ា‌បេស ដើម្បី​បូ​ជា។ 13បន្ទាប់​មក ពួក​គេ​រើស​អដ្ឋិ​យក​ទៅ​បញ្ចុះ​នៅ​ក្រោម​ដើម​ឈើ​មួយ នៅ​ក្រុង​យ៉ា‌បេស ហើយ​នាំ​គ្នា​តម​អាហារ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។:៚

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល