លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដោយឥតត្អូញត្អែរឡើយ។ ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។ ប៉ុន្តែ ចូរអរសប្បាយវិញ ដោយព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអរ និងរីករាយជាខ្លាំង នៅពេលសិរីល្អរបស់ព្រះអង្គលេចមក។ ប្រសិនបើអ្នករាល់គ្នាត្រូវគេតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់រងទុក្ខ ដោយព្រោះសម្លាប់គេ លួចគេ ធ្វើការអាក្រក់ ឬចូលដៃក្នុងរឿងរបស់អ្នកដទៃឡើយ។ ប៉ុន្ដែ បើអ្នកណាម្នាក់រងទុក្ខក្នុងនាមជាគ្រីស្ទបរិស័ទ នោះមិនត្រូវខ្មាសឡើយ ចូរសរសើរតម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ។ ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា? ហើយ «បើមនុស្សសុចរិតបានសង្រ្គោះទាំងពិបាកទៅហើយ តើមនុស្សទមិឡល្មើស និងមនុស្សបាប នោះនឹងទៅជាយ៉ាងណា?» ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។
អាន ១ ពេត្រុស 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពេត្រុស 4:8-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ