១ ពេត្រុស 4:8-19
១ ពេត្រុស 4:8-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដោយឥតត្អូញត្អែរឡើយ។ ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។ ប៉ុន្តែ ចូរអរសប្បាយវិញ ដោយព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអរ និងរីករាយជាខ្លាំង នៅពេលសិរីល្អរបស់ព្រះអង្គលេចមក។ ប្រសិនបើអ្នករាល់គ្នាត្រូវគេតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់រងទុក្ខ ដោយព្រោះសម្លាប់គេ លួចគេ ធ្វើការអាក្រក់ ឬចូលដៃក្នុងរឿងរបស់អ្នកដទៃឡើយ។ ប៉ុន្ដែ បើអ្នកណាម្នាក់រងទុក្ខក្នុងនាមជាគ្រីស្ទបរិស័ទ នោះមិនត្រូវខ្មាសឡើយ ចូរសរសើរតម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ។ ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា? ហើយ «បើមនុស្សសុចរិតបានសង្រ្គោះទាំងពិបាកទៅហើយ តើមនុស្សទមិឡល្មើស និងមនុស្សបាប នោះនឹងទៅជាយ៉ាងណា?» ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។
១ ពេត្រុស 4:8-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលុប ។ ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។ បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទាន គ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។ បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ត។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្តិការណ៍អ្វីមួយដ៏ចម្លែកឡើយ។ ផ្ទុយទៅវិញ ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះគ្រិស្ត*។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។ ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះគ្រិស្ត* នោះបងប្អូនមានសុភមង្គល*ហើយ ដ្បិតព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ ក្នុងចំណោមបងប្អូន សូមកុំឲ្យមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្តអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។ ប៉ុន្តែ បើបងប្អូនណារងទុក្ខលំបាក ក្នុងនាមជាគ្រិស្តបរិស័ទ កុំអៀនខ្មាសឲ្យសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ព្រោះតែនាមនេះ។ ពេលកំណត់ដែលព្រះជាម្ចាស់ចាប់ផ្តើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺព្រះអង្គវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គមុនគេ។ ប្រសិនបើព្រះអង្គចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទម្រាំបើអស់អ្នកដែលពុំព្រមជឿដំណឹងល្អរបស់ព្រះជាម្ចាស់វិញ តើនឹងធ្លាក់ទៅដល់កម្រិតណា!។ បើមនុស្សសុចរិត*រួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាក ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ ត្រូវប្រព្រឹត្តអំពើល្អ ហើយផ្ញើជីវិតលើព្រះអាទិករ*ដែលមានព្រះហឫទ័យស្មោះត្រង់។
១ ពេត្រុស 4:8-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្ដីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ បើអ្នកណាអធិប្បាយ នោះត្រូវតែអធិប្បាយ ដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះ ហើយបើអ្នកណាបំរើ នោះត្រូវបំរើដោយកំឡាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។ ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ កុំបីឲ្យអ្នករាល់គ្នាណាមួយរងទុក្ខទោស ដោយព្រោះសំឡាប់គេ ឬលួចគេ ឬធ្វើការអាក្រក់ ឬសៀតចូលក្នុងការរបស់អ្នកដទៃឡើយ តែបើរងទុក្ខ ដោយព្រោះជាពួកគ្រីស្ទានវិញ នោះកុំឲ្យខ្មាសឲ្យសោះ ចូរសរសើរដំកើងដល់ព្រះ ដោយព្រោះនាមនោះវិញ ដ្បិតពេលវេលាដែលសេចក្ដីជំនុំជំរះត្រូវចាប់ផ្តើមពីដំណាក់នៃព្រះទៅ នោះបានមកដល់ហើយ បើសិនជាចាប់តាំងពីយើងរាល់គ្នាជាមុនដូច្នេះ នោះតើចុងបំផុតរបស់ពួកអ្នក ដែលមិនជឿតាមដំណឹងល្អនៃព្រះ នឹងបានជាយ៉ាងដូចម្តេចទៅ បើមនុស្សសុចរិតបានរួចដោយពិបាកផង នោះពួកទមិលល្មើស នឹងពួកមានបាបនឹងលេចមកនៅឯណា ដូច្នេះ ពួកអ្នកដែលរងទុក្ខ តាមព្រះហឫទ័យនៃព្រះ នោះត្រូវផ្ញើព្រលឹងខ្លួនទុកនឹងព្រះដ៏បង្កបង្កើត ដែលទ្រង់ស្មោះត្រង់ ដោយខ្លួនប្រព្រឹត្តការល្អចុះ។