១ ពង្សាវ‌តារ‌ក្សត្រ 5

5
ព្រះបាទ​សាឡូម៉ូន​រៀបចំ​សាង‌សង់​ព្រះ‌វិហារ
1 ស្តេច​ហ៊ីរ៉ាម នៅ​ស្រុក​ទីរ៉ុស ទ្រង់​បាន​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​ព្រះបាទ​សាឡូម៉ូន ពេល​ដែល​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង​ជា​សេ្តច​ជំនួស​បិតា ព្រោះ​ហ៊ីរ៉ាម​ជា​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​នឹង​ព្រះបាទ​ដាវីឌ​តាំង​តែ​ពី​ដើម​មក។ 2ព្រះបាទ​សាឡូម៉ូន​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​គាល់​ស្ដេច​ហ៊ីរ៉ាម​វិញ​ដែរ ដោយ​ទូល​ថា៖ 3«ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រះ​បាទ​ដាវីឌ បិតា​របស់​ទូល‌បង្គំ ចង់​សាងសង់​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់​មិន​បាន ដោយ​ព្រោះ​ចេះ​តែ​មាន​ចម្បាំង​នៅ​គ្រប់​ទិស​ជុំ‌វិញ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បាន​បង្ក្រាប​គេ​នៅ​ក្រោម​បាទា​របស់​ទ្រង់ ។ 4ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទូល‌បង្គំ ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ឈប់​សម្រាក​នៅ​គ្រប់​ទិស ឥត​មាន​សត្រូវ ឬ​ហេតុ​អាក្រក់​ណា​កើត​ឡើង​ទៀត​ឡើយ។ 5ដូច្នេះ ទូល‌បង្គំ​មាន​បំណង​នឹង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ​ថា "បុត្រ​របស់​អ្នក ដែល​យើង​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​អ្នក នោះ​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង"។ 6ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តា‌ត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូល‌បង្គំ​ផង។ ឯ​ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា‌មួយ​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ទូល‌បង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សម្រាប់​ពួក​អ្នក​បម្រើ​នោះ តាម​តែ​ទ្រង់​មាន​ព្រះ‌បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​របស់​ទូល‌បង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ»។
7ពេល​ស្ដេច​ហ៊ីរ៉ាម​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះបាទ​សាឡូម៉ូន ទ្រង់​មាន​អំណរ​ជា​ខ្លាំង ក៏​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ថ្ងៃ​នេះ សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ព្រះបាទ​ដាវីឌ​មាន​បុត្រ​មួយ​អង្គ ដែល​មាន​ប្រាជ្ញា​អាច​ត្រួត​លើ​សាសន៍​ដ៏​ធំ​យ៉ាង​នេះ​បាន»។ 8ស្ដេច​ហ៊ីរ៉ាម​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «ទូល‌បង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​ផ្ញើ​ទៅ​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​ទទួល​ធ្វើ​ឈើ​តា‌ត្រៅ និង​ឈើ​កកោះ តាម​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ទ្រង់។ 9ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូល‌បង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សម្រេច​តាម​បំណង​ចិត្ត​ទូល‌បង្គំ​វិញ នោះ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ពួក​នៅ​ដំណាក់​ទូល‌បង្គំ​ផង»។ 10ដូច្នេះ ស្ដេច​ហ៊ីរ៉ាម​ក៏​បាន​ថ្វាយ​ឈើ​តា‌ត្រៅ និង​ឈើ​កកោះ​ដល់​ព្រះបាទ​សាឡូម៉ូន តាម​សេចក្ដី​ត្រូវ​ការ​របស់​ទ្រង់ 11ហើយ​ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​ពីរ​ម៉ឺន​រង្វាល់​ដល់​ស្ដេច​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​សម្រាប់​ពួក​ដំណាក់​របស់​ទ្រង់ និង​ប្រេង​សម្រាំង​ម្ភៃ​រង្វាល់ គឺ​ព្រះបាទ​សាឡូម៉ូន​បញ្ជូន​ទៅ​ជូន​ស្ដេច​ហ៊ីរ៉ាម​រាល់​ឆ្នាំ។ 12ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ប្រាជ្ញា​ឲ្យ​ព្រះបាទ​សាឡូម៉ូន ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ស្ដេច​ហ៊ីរ៉ាម និង​ព្រះបាទ​សាឡូម៉ូន​ក៏​មាន​មេត្រី​នឹង​គ្នា ព្រម​ទាំង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។
13ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​បាន​ចំនួន​បី​ម៉ឺន​នាក់ 14ទ្រង់​បាន​ចាត់​គេ​ឲ្យ​ទៅ​ភ្នំ​ល្បាណូន ដោយ​វេន​ក្នុង​មួយ​ខែ​មួយ​ម៉ឺន​នាក់ គឺ​គេ​នៅ​ឯ​ភ្នំ​ល្បាណូន​មួយ​ខែ ហើយ​នៅ​ផ្ទះ​ពីរ​ខែ មាន​អ័ដូ‌នីរ៉ាម​ជា​អ្នក​ត្រួត​លើ​ពួក​មនុស្ស​ដែល​ត្រូវ​កេណ្ឌ​មក​ធ្វើ​ការ​នោះ។ 15ទ្រង់​ក៏​មាន​មនុស្ស​ប្រាំពីរ​ម៉ឺន​នាក់​ទៀត សម្រាប់​លី​សែង និង​មាន​ប្រាំបី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។ 16ក្រៅ​ពី​ពួក​នោះ មាន​ពួក​នាយ​របស់​ព្រះបាទ​សាឡូម៉ូន សម្រាប់​ត្រួត‌ត្រា​ការ​ចំនួន​បី​ពាន់​បី​រយ​នាក់​ទៀត គឺ​ជា​អ្នក​បង្គាប់​ដល់​ពួក​ជាង​ដែល​ធ្វើ​នោះ។ 17ស្តេច​បាន​បង្គាប់​ឲ្យ​គេ​ដាប់​យក​ថ្ម​យ៉ាង​ធំៗ​មក ជា​ថ្ម​មាន​តម្លៃ សម្រាប់​ដាក់​ធ្វើ​ជា​ឫស​ជញ្ជាំង​របស់​ព្រះ‌វិហារ។ 18ឯ​ពួក​ជាង​របស់​ព្រះបាទ​សាឡូម៉ូន និង​ពួក​ជាង​របស់​ស្ដេច​ហ៊ីរ៉ាម ព្រម​ទាំង​ពួក​ជាង​ដាប់​ក្រឡា​ថ្ម​នោះ គេ​បាន​ឈើ និង​ថ្ម ទុក​សម្រាប់​សាង​សង់​ព្រះដំណាក់។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល