១ ពង្សាវតារក្សត្រ 6
6
ព្រះបាទសាឡូម៉ូនសាងសង់ព្រះវិហារ
1ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។ 2ឯព្រះវិហារដែលព្រះបាទសាឡូម៉ូនបានស្អាងថ្វាយព្រះយេហូវ៉ា នោះមានបណ្តោយហុកសិបហត្ថ ទទឹងម្ភៃហត្ថ ហើយកម្ពស់សាមសិបហត្ថ 3មានថែវខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយម្ភៃហត្ថ ឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹងដប់ហត្ថ ចេញពីមុខព្រះវិហារទៅ 4ទ្រង់ក៏ធ្វើឲ្យមានបង្អួចក្នុងព្រះវិហារ មានចម្រឹងខ្ទាស់គ្នា 5ឯជាប់នឹងជញ្ជាំងព្រះវិហារ និងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ។ 6ឯជាន់ ក្រោមបង្អស់មានទទឹងប្រាំហត្ថ ជាន់កណ្ដាលមានទទឹងប្រាំមួយហត្ថ ហើយជាន់ទីបីមានទទឹងប្រាំពីរហត្ថ ព្រោះខាងក្រៅជញ្ជាំងនៃព្រះវិហារ ទ្រង់ធ្វើឲ្យរៀវទៅជាថ្នាក់ៗនៅជុំវិញ ដើម្បីកុំឲ្យរត់ចូលទៅក្នុងជញ្ជាំងនោះ។
7មួយទៀត កាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរ ឬពូថៅ ឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ។
8ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្ដាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្ដាលនោះ ហើយពីថ្នាក់កណ្ដាលទៅឯថ្នាក់ទីបីដោយសារជណ្តើរវង់ 9ដូច្នេះ ទ្រង់បានស្អាងព្រះវិហារនោះហើយជាស្រេច រួចទ្រង់ធ្វើគ្រោងដំបូល ហើយប្រក់ដោយឈើតាត្រៅ។ 10ស្ដេចក៏សង់បន្ទប់ខាងក្រៅដែលភ្ជាប់នឹងព្រះវិហារជុំវិញ ជាន់នីមួយៗ មានកម្ពស់ប្រាំហត្ថ បន្ទប់ទាំងនោះមានធ្នឹមឈើតាត្រៅថ្កល់លើជញ្ជាំងព្រះវិហារ។
11គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សាឡូម៉ូនថា៖ 12«ព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តិរបស់យើង ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ ព្រមទាំងរក្សាសេចក្ដីបង្គាប់របស់យើងទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះយើងនឹងសម្រេចដល់អ្នក តាមពាក្យដែលយើងបានសន្យានឹងដាវីឌ ជាឪពុកអ្នក 13ហើយយើងនឹងស្ថិតនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលប្រជារាស្ត្ររបស់យើងឡើយ»។
14ដូច្នេះ ព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហារនោះរួចជាស្រេច 15ទ្រង់ធ្វើជញ្ជាំងខាងក្នុងពីឈើតាត្រៅ ចាប់តាំងពីដីរហូតដល់ពិតាន ខាងក្នុងទាំងអស់សុទ្ធតែស្រោបដោយឈើ ក៏ក្រាលព្រះវិហារដោយក្តារកកោះ។ 16ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយម្ភៃហត្ថ ទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិតាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សម្រាប់ទទួលព្រះបន្ទូល។ 17ផ្នែកខាងមុខនៃព្រះវិហារ មានបណ្តោយសែសិបហត្ថ។ 18ឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ ឆ្លាក់ជាផ្កាក្រពុំ និងផ្ការីក គ្រប់ទាំងអស់បានបិទដោយឈើតាត្រៅ ឥតឃើញថ្មឡើយ។ 19ទ្រង់រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សម្រាប់ដាក់ហិបសញ្ញារបស់ព្រះយេហូវ៉ា។ 20ខាងក្នុងទីបរិសុទ្ធបំផុត មានបណ្តោយម្ភៃហត្ថ និងទទឹងម្ភៃហត្ថ ហើយកម្ពស់ម្ភៃហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ។ 21ដូច្នេះ ព្រះបាទសាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ។ 22ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
គ្រឿងសង្ហារិមក្នុងព្រះវិហារ
23នៅខាងក្នុងទីបរិសុទ្ធបំផុត ទ្រង់បានធ្វើរូបចេរូប៊ីមពីរ ដោយឈើអូលីវ មានកម្ពស់ដប់ហត្ថទាំងគូ។ 24ស្លាបម្ខាងៗរបស់ចេរូប៊ីមមួយ មានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាង ត្រូវជាដប់ហត្ថ 25ឯចេរូប៊ីមមួយទៀតនោះ ក៏មានដប់ហត្ថដែរ ចេរូប៊ីមទាំងពីរមានរាងមានទំហំប៉ុនគ្នា។ 26ចេរូប៊ីមមួយមានកម្ពស់ដប់ហត្ថ ហើយមួយទៀតក៏យ៉ាងនោះដែរ 27ទ្រង់ដាក់ចេរូប៊ីមទាំងពីរនៅកណ្ដាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីមទាំងពីរក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីមមួយ ទល់នឹងជញ្ជាំងម្ខាង និងចុងស្លាបចេរូប៊ីមមួយទៀតក៏ទល់ជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីមទាំងពីរនៅប្រទល់គ្នាត្រង់កណ្ដាលព្រះវិហារ។ 28ទ្រង់ក៏ស្រោបចេរូប៊ីមទាំងពីរដោយមាសដែរ។
29ទ្រង់ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ ហើយជាផ្ការីកនៅនាជញ្ជាំងព្រះវិហារជុំវិញ ទាំងខាងក្នុងខាងក្រៅ 30ហើយក្តារក្រាលព្រះវិហារ ទាំងខាងក្នុងខាងក្រៅ ទ្រង់ក៏ស្រោបដោយមាសដែរ។
31ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត ទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកម្ពស់មួយភាគក្នុងប្រាំនៃជញ្ជាំង។ 32ទ្វារទាំងពីរនោះធ្វើពីឈើអូលីវ ហើយទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ ហើយនឹងផ្ការីកដែរ រួចស្រោបដោយមាសទាំងអស់ គឺស្រោបមាសទាំងចេរូប៊ីម និងដើមលម៉ើផង។
33ដូច្នេះ នៅត្រង់ផ្លូវចូលទៅក្នុងព្រះវិហារ ទ្រង់ធ្វើក្របទ្វារពីឈើអូលីវបែបដូច្នោះដែរ ឯក្របទ្វារនោះមានកម្ពស់មួយភាគក្នុងប្រាំនៃជញ្ជាំង 34ហើយផ្ទាំងទ្វារទាំងពីរនោះធ្វើពីឈើកកោះ ឲ្យបត់បានគ្រប់សន្ធឹកទាំងសងខាង។ 35ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ និងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចម្លាក់ផង។ 36ទ្រង់ធ្វើទីលានខាងក្នុងដោយថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។
37នៅឆ្នាំទីបួន ខែទីពីរនោះ គេបានដាក់ចុះជើងជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា។ 38ដល់ឆ្នាំទីដប់មួយ ខែទីប្រាំបី គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់តាមគម្រោង។ ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់រយៈពេលប្រាំពីរឆ្នាំ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies