១ ពង្សាវតារក្សត្រ 5
5
ព្រះបាទសាឡូម៉ូនរៀបចំសាងសង់ព្រះវិហារ
1 ស្តេចហ៊ីរ៉ាម នៅស្រុកទីរ៉ុស ទ្រង់បានចាត់ពួកមហាតលិកឲ្យមកគាល់ព្រះបាទសាឡូម៉ូន ពេលដែលឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើងជាសេ្តចជំនួសបិតា ព្រោះហ៊ីរ៉ាមជាមិត្តភក្ដិជិតស្និទ្ធនឹងព្រះបាទដាវីឌតាំងតែពីដើមមក។ 2ព្រះបាទសាឡូម៉ូនក៏បានចាត់គេឲ្យទៅគាល់ស្ដេចហ៊ីរ៉ាមវិញដែរ ដោយទូលថា៖ 3«ព្រះករុណាជ្រាបហើយថា ព្រះបាទដាវីឌ បិតារបស់ទូលបង្គំ ចង់សាងសង់ព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់មិនបាន ដោយព្រោះចេះតែមានចម្បាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទារបស់ទ្រង់ ។ 4ប៉ុន្តែ ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់ទូលបង្គំ ប្រោសប្រទានឲ្យទូលបង្គំបានឈប់សម្រាកនៅគ្រប់ទិស ឥតមានសត្រូវ ឬហេតុអាក្រក់ណាកើតឡើងទៀតឡើយ។ 5ដូច្នេះ ទូលបង្គំមានបំណងនឹងសង់ព្រះដំណាក់មួយថ្វាយព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតាទូលបង្គំថា "បុត្ររបស់អ្នក ដែលយើងនឹងតាំងឲ្យសោយរាជ្យជំនួសអ្នក នោះនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង"។ 6ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំផង។ ឯពួកអ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការជាមួយអ្នកបម្រើរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកអ្នកបម្រើនោះ តាមតែទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍របស់ទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ»។
7ពេលស្ដេចហ៊ីរ៉ាមបានឮព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ទ្រង់មានអំណរជាខ្លាំង ក៏មានរាជឱង្ការថា៖ «នៅថ្ងៃនេះ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានប្រទានឲ្យព្រះបាទដាវីឌមានបុត្រមួយអង្គ ដែលមានប្រាជ្ញាអាចត្រួតលើសាសន៍ដ៏ធំយ៉ាងនេះបាន»។ 8ស្ដេចហ៊ីរ៉ាមបានចាត់គេឲ្យទៅទូលព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានឮសេចក្ដីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅ និងឈើកកោះ តាមបំណងព្រះហឫទ័យរបស់ទ្រង់។ 9ពួកអ្នកបម្រើរបស់ទូលបង្គំនឹងយកដុលឈើចុះពីភ្នំល្បាណូនដល់សមុទ្រ ចងជាក្បូនបណ្តែតទៅតាមសមុទ្រ រហូតដល់កន្លែងណាដែលទ្រង់កំណត់ទុក រួចទូលបង្គំនឹងឲ្យគេស្រាយថ្វាយដល់ទ្រង់នៅទីនោះ បើទ្រង់ចង់ធ្វើសម្រេចតាមបំណងចិត្តទូលបង្គំវិញ នោះត្រូវផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ពួកនៅដំណាក់ទូលបង្គំផង»។ 10ដូច្នេះ ស្ដេចហ៊ីរ៉ាមក៏បានថ្វាយឈើតាត្រៅ និងឈើកកោះដល់ព្រះបាទសាឡូម៉ូន តាមសេចក្ដីត្រូវការរបស់ទ្រង់ 11ហើយព្រះបាទសាឡូម៉ូនបានថ្វាយស្រូវភោជ្ជសាលីពីរម៉ឺនរង្វាល់ដល់ស្ដេចហ៊ីរ៉ាម ទុកជាស្បៀងអាហារសម្រាប់ពួកដំណាក់របស់ទ្រង់ និងប្រេងសម្រាំងម្ភៃរង្វាល់ គឺព្រះបាទសាឡូម៉ូនបញ្ជូនទៅជូនស្ដេចហ៊ីរ៉ាមរាល់ឆ្នាំ។ 12ព្រះយេហូវ៉ាបានប្រទានប្រាជ្ញាឲ្យព្រះបាទសាឡូម៉ូន ដូចជាទ្រង់បានសន្យា ហើយស្ដេចហ៊ីរ៉ាម និងព្រះបាទសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកដែរ។
13ព្រះបាទសាឡូម៉ូនបានកេណ្ឌមនុស្សក្នុងពួកអ៊ីស្រាអែលបានចំនួនបីម៉ឺននាក់ 14ទ្រង់បានចាត់គេឲ្យទៅភ្នំល្បាណូន ដោយវេនក្នុងមួយខែមួយម៉ឺននាក់ គឺគេនៅឯភ្នំល្បាណូនមួយខែ ហើយនៅផ្ទះពីរខែ មានអ័ដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្សដែលត្រូវកេណ្ឌមកធ្វើការនោះ។ 15ទ្រង់ក៏មានមនុស្សប្រាំពីរម៉ឺននាក់ទៀត សម្រាប់លីសែង និងមានប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ។ 16ក្រៅពីពួកនោះ មានពួកនាយរបស់ព្រះបាទសាឡូម៉ូន សម្រាប់ត្រួតត្រាការចំនួនបីពាន់បីរយនាក់ទៀត គឺជាអ្នកបង្គាប់ដល់ពួកជាងដែលធ្វើនោះ។ 17ស្តេចបានបង្គាប់ឲ្យគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានតម្លៃ សម្រាប់ដាក់ធ្វើជាឫសជញ្ជាំងរបស់ព្រះវិហារ។ 18ឯពួកជាងរបស់ព្រះបាទសាឡូម៉ូន និងពួកជាងរបស់ស្ដេចហ៊ីរ៉ាម ព្រមទាំងពួកជាងដាប់ក្រឡាថ្មនោះ គេបានឈើ និងថ្ម ទុកសម្រាប់សាងសង់ព្រះដំណាក់។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies