១ ពង្សាវ‌តារ‌ក្សត្រ 22

22
ស្តេច​អ័ហាប់ និង​ស្តេច​យេ‌ហូសា‌ផាត លើក​ទ័ព​ចេញ​ទៅ​ច្បាំង​ជា‌មួយ​ស្រុក​ស៊ីរី
1ក្នុង​រវាង​បី​ឆ្នាំ​នោះ សាសន៍​ស៊ីរី និង​សាសន៍​អ៊ីស្រា‌អែល ឥត​មាន​ចម្បាំង​នឹង​គ្នា​ឡើយ 2តែ​ដល់​ឆ្នាំ​ទី​បី​នោះ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​យាង​ចុះ​មក​គាល់​ស្តេច​អ៊ីស្រា‌អែល 3ហើយ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្ដាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ» 4រួច​ទ្រង់​ទូល​សួរ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?»។ យេ‌ហូសា‌ផាត​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូល‌បង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ»។
5ប៉ុន្តែ យេ‌ហូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន»។ 6ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​បួនរយ​នាក់​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន?» គេ​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ» 7តែ​យេ‌ហូសា‌ផាត​សួរ​ថា៖ «នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ?» 8ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ប៉ុណ្ណោះ»។ យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ»។ 9ពេល​នោះ ស្តេច​អ៊ីស្រា‌អែល​បាន​ហៅ​មហា‌តលិក​ម្នាក់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ទៅ​នាំ​មីកា‌យ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ»។ 10ឯ​ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​ខ្លួ​ន ត្រង់​ទី​ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ​នៅ​ចំពោះ​ទ្រង់។ 11សេដេ‌គា​ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ"»។ 12ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ថ្លែងទំនាយ​ដូច្នោះ​ដែរ​ថា៖ «សូម​យាង​ឡើង​ទៅ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»។
ហោរា​មីកា‌យ៉ា​ប្រកាស​ប្រាប់​ពី​បរាជ័យ
13រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកា‌យ៉ា​មក ក៏​ប្រាប់​គាត់​ថា៖ «មើល៍! ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ថ្លែងទំនាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ចុះ»។ 14ប៉ុន្តែ មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ»។
15ពេល​គាត់​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «មីកា‌យ៉ា​អើយ តើ​យើង​ត្រូវ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​មិន​ត្រូវ​ទៅ?» គាត់​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»។ 16ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ឲ្យ​អ្នក​ស្បថ​ថា អ្នក​ត្រូវ​តែ​និយាយ​ការ​ពិត​ប្រាប់​យើង ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា?» 17មីកា‌យ៉ា ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "ពួក​ទាំង​នេះ​គ្មាន​ចៅ‌ហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ"»។ 18ស្តេច​អ៊ីស្រា‌អែល​បាន​ទូល​ទៅ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ ថា​គាត់​មិន​ដែល​ថ្លែងទំនាយ​ល្អ​ពី​ទូល‌បង្គំ​ទេ គឺ​ថ្លែងទំនាយ​តែ​អាក្រក់​ប៉ុណ្ណោះ»។
19នោះ​មីកា‌យ៉ា ទូល​ថា៖ «ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង 20ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ 21រួច​មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូល‌បង្គំ​ចង់​ទៅ 22ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា នឹង​ធ្វើ​យ៉ាង​ណា​ទៅ វិញ្ញាណ​នោះ​ទូល​ថា ទូល‌បង្គំ​នឹង​ចេញ​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត​កុហក នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សម្រេច​បាន"។ 23ដូច្នេះ មើល៍! ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ដាក់​វិញ្ញាណ​ភូត​កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពីមហន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា​ហើយ»។
24ពេល​នោះ សេដេ‌គា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកា‌យ៉ា​សួរ​ថា៖ «ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​ខ្ញុំ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ណា?» 25មីកា‌យ៉ា​ឆ្លើយ​ថា៖ «ចាំ​មើល នៅ​ថ្ងៃ​នោះ​ឯង​នឹង​បាន​ឃើញ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង»។ 26ស្តេច​អ៊ីស្រា‌អែល​ទ្រង់​បង្គាប់​ថា៖ «ចូរ​នាំ​យក​មីកា‌យ៉ា​ត្រឡប់​ទៅ​ឯ​អាំម៉ូន ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រ​ទៅ 27ហើយ​បង្គាប់​ថា ស្ដេច​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង​នឹង​ទឹក​ដ៏​វេទនា ដរាប​ដល់​យើង​មក​វិញ​ដោយ​សុខ‌សាន្ត»។ 28នោះ​មីកា‌យ៉ា​ទូល​ថា៖ «ប្រសិន‌បើ​ទ្រង់​ដែល​យាង​មក​វិញ ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ទូល‌បង្គំ​ទេ» រួច​គាត់​ថែម​ពាក្យ​នេះ​ថា៖ «ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ»។
បរាជ័យ និង​ការ​សុគត​របស់​ព្រះបាទ​អ័ហាប់
29ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ក្រុង​រ៉ាម៉ូត-កាឡាត។ 30ស្តេច​អ៊ីស្រា‌អែល​ទូល​ទៅ​យេ‌ហូសា‌ផាត​ថា៖ «ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​សូម​ឲ្យ​ព្រះ​ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទូលបង្គំ​ចុះ!»។ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ 31រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចម្បាំង​ទាំង​សាម​សិប​ពីរ​នាក់​ថា៖ «កុំ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ»។ 32ពេល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យេ‌ហូសា‌ផាត គេ​និយាយ​ថា៖ «នេះ​ប្រាកដ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ» ដូច្នេះ ពួក​គេ​បាន​បែរ​ទៅបម្រុង​នឹងវាយ​ប្រហារ​ទ្រង់ តែ​យេ‌ហូសា‌ផាត​ស្រែក​ឡើង 33កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ ក៏​លែង​តាម​ទៅ។ 34ប៉ុន្តែ មាន​មនុស្ស​ម្នាក់​យឹត​ធ្នូរ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​អ្នក​បរ​ព្រះ‌រាជ‌រថ​ថា៖ «ចូរ​បក​ត្រឡប់​ក្រោយ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ យើង​មាន​របួស​ហើយ»។ 35នៅ​ថ្ងៃ​នោះ ចម្បាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង គេ​គ្រាហ៍​ស្តេច​នៅ​ក្នុង​ព្រះ‌រាជ‌រថ ដើម្បី​តស៊ូ​នឹង​ពួក​ស៊ីរី លុះ​ដល់​ពេល​ល្ងាច ទ្រង់​សុគត​ទៅ ហើយ​ឈាម​ក៏​ហូរ​ពី​របួស​ទៅ​ក្នុង​បាត​ព្រះ‌រាជ‌រថ។ 36ដល់​ពេល​ថ្ងៃ​លិច មាន​ឮ​សម្រែក​នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា៖ «ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ»។
37ដូច្នេះ ស្ដេច​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី។ 38គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិឍ​ឈាម រីឯ​ពួក​ស្រី​ពេស្យា​តែង​ងូត​ទឹក​នៅ​ទី​នោះ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក។ 39ឯ​កិច្ច‌ការ​ឯ​ទៀត​ពី​ព្រះ​បាទ​អ័ហាប់ និង​រាជ​កិច្ច​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ និង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ តើ​គេ​មិន​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ? 40ដូច្នេះ ព្រះបាទ​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
យេ‌ហូសា‌ផាត​សោយ‌រាជ្យ​នៅ​ស្រុក​យូដា
41យេ‌ហូសា‌ផាត ជា​កូន​អេសា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ព្រះ​បាទ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល។ 42ព្រះបាទ​យេ‌ហូសា‌ផាត​មាន​ព្រះ‌ជន្ម​សាមសិប​ប្រាំ​ឆ្នាំ ពេល​ឡើង​សោយ‌រាជ្យ ទ្រង់សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំ​ឆ្នាំ។ មាតា​ទ្រង់ គឺ​ព្រះ‌នាង​អ័ស៊ូ‌បា បុត្រី​ស៊ីល‌ហ៊ី។ 43ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​ប្រជាជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។ 44យេ‌ហូសា‌ផាត​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រា‌អែល​ដែរ។
45រីឯកិច្ច​ការ​ឯ​ទៀត​ពី​យេ‌ហូសា‌ផាត និង​អំណាច​ដែល​ទ្រង់​បាន​សម្ដែង ហើយ​ពី​ការ​សង្គ្រាម តើ​មិន​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ឬ​ទេ? 46ឯ​សំណល់​ពួក​រួម​សង្វាស់​ភេទ​ដូច​គ្នា ដែល​នៅ​សល់​ពី​ក្នុង​រាជ្យ​អេសា ជា‌បិតា ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក។
47គ្រា​នោះ នៅ​ស្រុក​អេដុម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​តំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ។ 48យេ‌ហូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ។ 49ពេល​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យេ‌ហូសា‌ផាត​ថា៖ «សូម​ឲ្យ​ពួក​បម្រើ​ទូល‌បង្គំ បាន​ចុះ​នាវា​ទៅ​ជា‌មួយ​ពួក​បម្រើ​ទ្រង់​ផង»។ ប៉ុន្តែ យេ‌ហូសា‌ផាត​មិន​ព្រម​ទេ។ 50យេ‌ហូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា‌មួយ​បុព្វ‌បុរស ក្នុង​ក្រុង​របស់​ដាវីឌ ជា​បុព្វបុរស រួច​យេ‌ហូរ៉ាម ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
អ័ហា‌ស៊ីយ៉ា​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
51អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ចាប់​ផ្ដើម​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​ដប់ប្រាំ​ពីរ​នៃ​រាជ្យ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។ 52ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា​ទ្រង់ ហើយ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ដែរ។ 53ទ្រង់​បាន​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ​បង្គំ​ព្រះ‌បាល ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​សេចក្ដី​ក្រោធ ដូច​ជា​បិតា​បាន​ធ្វើ​ដែរ។:៚

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល