១ ពង្សាវតារក្សត្រ 2
2
បណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ
1នៅពេលដែលព្រះបាទដាវីឌជិតសុគត ទ្រង់ផ្តាំសាឡូម៉ូនជាបុត្រាថា៖ 2«បិតាជិតនឹងលាចាកលោកនេះហើយ ដូច្នេះ ចូររឹងមាំ ហើយធ្វើខ្លួនឲ្យក្លាហានឡើង 3ចូរស្ដាប់បង្គាប់ព្រះយេហូវ៉ា ជាព្រះរបស់បុត្រ ចូរប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងស្ដាប់តាមបញ្ជា តាមបញ្ញត្តិ និងបន្ទាល់របស់ព្រះអង្គ ដូចដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងនៅកន្លែងណាដែលបុត្រទៅ។ 4ធ្វើដូច្នោះ ព្រះយេហូវ៉ានឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលនឹងបិតាថា "បើកូនចៅរបស់ឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខយើង ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ"។
5មួយទៀត បុត្រដឹងហើយថា យ៉ូអាប់ជាកូនសេរូយ៉ា បានប្រព្រឹត្តនឹងបិតាយ៉ាងណា ដោយបានសម្លាប់មេទ័ពសាសន៍អ៊ីស្រាអែលពីរនាក់ គឺអ័ប៊ីនើរ ជាកូននើរ និងអ័ម៉ាសាជាកូនយេធើ ទាំងបានកម្ចាយឈាមនៅវេលាដែលស្រុកកំពុងសុខសាន្តត្រាណ ឈាមចម្បាំងបានប្រឡាក់សំពត់ក្រវាត់ដែលនៅចង្កេះខ្លួន និងស្បែកជើងដែលគេពាក់។ 6ដូច្នេះ ចូរប្រព្រឹត្តដោយប្រាជ្ញារបស់បុត្រ កុំឲ្យសក់ស្កូវរបស់គាត់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ។ 7ប៉ុន្តែ ចូរសម្ដែងសេចក្ដីសប្បុរសដល់ពួកកូនបារស៊ីឡាយ អ្នកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់បុត្រ ដ្បិតគេបានមកទទួលបិតា នៅគ្រាដែលបិតាបានរត់ពីអាប់សាឡុមបងរបស់បុត្រទៅ។ 8មួយទៀត មានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយបុត្រដែរ គេបានជេរប្រមាថដល់បិតា ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលបិតាបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែ គេបានចុះមកក្រាបទទួលបិតានៅទន្លេយ័រដាន់វិញ ហើយបិតាបានស្បថនឹងគេដោយនូវព្រះយេហូវ៉ាថា "យើងនឹងមិនសម្លាប់អ្នកដោយដាវទេ"។ 9ដូច្នេះ កុំលើកលែងទោសឲ្យគេឡើយ ដ្បិតបុត្រជាអ្នកមានប្រាជ្ញា បុត្រដឹងហើយថា ត្រូវប្រព្រឹត្តយ៉ាងណាចំពោះគេ ត្រូវឲ្យសក់ស្កូវគេចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម»។
ព្រះបាទដាវីឌសោយទិវង្គត
10ព្រះបាទដាវីឌក៏បានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពស្ដេចនៅក្នុងទីក្រុងដាវីឌ។ 11ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ និងនៅក្រុងយេរូសាឡិមសាមសិបបីឆ្នាំ។ 12ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករបស់ព្រះបាទដាវីឌជាបិតា ហើយរាជ្យទ្រង់ក៏បានរឹងមាំឡើង។
ព្រះបាទសាឡូម៉ូនពង្រឹងអំណាចរបស់ទ្រង់
13ពេលនោះ អ័ដូនីយ៉ាជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា៖ «តើទ្រង់មកនេះដោយមេត្រីឬ?» ទ្រង់ទូលឆ្លើយថា៖ «ដោយមេត្រីទេ»។ 14បន្ទាប់មក ទ្រង់ទូលទៀតថា៖ «ទូលបង្គំមានការចង់ទូលព្រះនាងបន្តិច» ព្រះនាងក៏ប្រាប់ថា៖ «ចូរនិយាយមកចុះ»។ 15ទ្រង់ទូលថា៖ «ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ។ 16ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដីមួយពីព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ» ព្រះនាងឆ្លើយតបថា៖ «ចូរពោលឲ្យអស់សេចក្ដីទៅចុះ»។ 17ទ្រង់ទូលថា៖ «ទូលបង្គំសូមព្រះនាងទូលដល់ព្រះបាទសាឡូម៉ូន ដ្បិតទ្រង់នឹងមិនប្រកែកចំពោះព្រះនាងទេ គឺសូមឲ្យទ្រង់ប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែមមកធ្វើជាភរិយារបស់ទូលបង្គំ»។ 18បាតសេបាទទួលថា៖ «មិនអីទេ យើងនឹងទូលស្តេចឲ្យ»។
19ដូច្នេះ បាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលទ្រង់ឲ្យអ័ដូនីយ៉ា ស្តេចបានក្រោកឡើងទទួល ដោយឱនគោរព រួចគង់ទ្រង់លើបល្ល័ង្កវិញ ហើយបង្គាប់ឲ្យគេយកបល្ល័ង្កមួយមកដាក់ថ្វាយមាតា ព្រះនាងក៏គង់ខាងស្តាំទ្រង់ ទូលថា៖ 20«មាតាចង់សូមការតូចមួយពីបុត្រ សូមកុំប្រកែកឡើយ»។ ស្តេចមានរាជឱង្ការតបថា៖ «សូមមាតាមានព្រះសវនីយ៍មកចុះ ទូលបង្គំមិនប្រកែកទេ»។ 21ព្រះនាងទូលថា៖ «សូមប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យទៅធ្វើជាភរិយារបស់អ័ដូនីយ៉ាជាជេដ្ឋាទៅ» 22ព្រះបាទសាឡូម៉ូនឆ្លើយតបទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ? ត្រូវសូមទាំងរាជសម្បត្តិឲ្យទ្រង់ផង ដ្បិតទ្រង់ជាបងរបស់ទូលបង្គំស្រាប់ បើសូមឲ្យអ័ដូនីយ៉ា ត្រូវសូមឲ្យសង្ឃអ័បៀថើរ និងយ៉ូអាប់ ជាកូនសេរូយ៉ាដែរទៅ»។ 23នោះព្រះបាទសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា៖ «បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង 24ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ស្ដេចដាវីឌ ជាបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះ អ័ដូនីយ៉ាត្រូវស្លាប់ជាពិត»។ 25ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។
26ខណៈនោះ ស្តេចក៏មានរាជឱង្ការទៅសង្ឃអ័បៀថើរថា៖ «ចូរឯងត្រឡប់ទៅស្រែចម្ការរបស់ឯង ដែលនៅស្រុកអាណាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែ យើងមិនសម្លាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហិបរបស់ព្រះអម្ចាស់យេហូវ៉ា នៅចំពោះស្ដេចដាវីឌជាបិតារបស់យើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់បិតាយើងដែរ»។ 27ដូច្នេះ ព្រះបាទសាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសម្រេចព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានមានព្រះបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។
28ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅត្រសាលរបស់ព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡុមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ។ 29មានគេមកក្រាបទូលព្រះបាទសាឡូម៉ូនថា៖ «យ៉ូអាប់បានរត់ទៅត្រសាលរបស់ព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា» ព្រះបាទសាឡូម៉ូនបានចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយមានព្រះបន្ទូលថា៖ «ចូរទៅប្រហារជីវិតយ៉ូអាប់ទៅ»។ 30បេណាយ៉ាក៏ទៅត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា៖ «ស្តេចបង្គាប់ឲ្យចេញមក» តែលោកប្រកែកថា៖ «ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ» ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចតាមពាក្យដែលយ៉ូអាប់ប្រាប់។ 31ស្តេចមានរាជឱង្ការតបថា៖ «ចូរធ្វើតាមពាក្យគាត់ចុះ ចូរសម្លាប់គាត់ ហើយកប់គាត់ទៅ ដើម្បីលុបឈាមដែលយ៉ូអាប់បានកម្ចាយ ដោយឥតហេតុចេញពីយើង និងពីជំនួរវង្សរបស់បិតាយើងទៅ។ 32ព្រះយេហូវ៉ានឹងទម្លាក់ឈាមរបស់គាត់ ទៅលើក្បាលរបស់គាត់វិញ ព្រោះគាត់បានប្រហារជីវិតមនុស្សពីរនាក់ ដែលសុចរិត ហើយល្អជាងគាត់ ដោយកាប់នឹងដាវ តែព្រះបាទដាវីឌជាបិតារបស់យើងមិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា។ 33ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ និងពូជពង្សរបស់គាត់ជាដរាបតទៅ តែចំណែកព្រះបាទដាវីឌ និងពូជពង្សរបស់ទ្រង់ ព្រមទាំងជំនួរវង្ស រាជ្យរបស់ទ្រង់ នោះនឹងបានសេចក្ដីសុខសាន្ត មកពីព្រះយេហូវ៉ាជានិច្ចតទៅ»។ 34ដូច្នេះ បេណាយ៉ាជាកូនយេហូយ៉ាដា ក៏ឡើងទៅសម្លាប់យ៉ូអាប់ ហើយគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន។ 35ស្តេចបានតាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសង្ឃសាដុកជំនួសអ័បៀថើរដែរ។
36បន្ទាប់មក ស្តេចបានចាត់គេឲ្យទៅហៅស៊ីម៉ាយមក បង្គាប់ថា៖ «ចូរឯងសង់ផ្ទះមួយនៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំចេញទៅណាទៀតឡើយ 37ដ្បិតនៅថ្ងៃណាដែលឯងចេញទៅ ឆ្លងជ្រោះកេដ្រុន នោះចូរឯងដឹងខ្លួនថា ឯងនឹងត្រូវស្លាប់ជាមិនខាន ឈាមឯងនឹងធ្លាក់លើក្បាលឯងវិញ»។ 38ស៊ីម៉ាយទូលឆ្លើយថា៖ «រាជឱង្ការល្អណាស់ ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ នឹងធ្វើដូចជាព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានរាជឱង្ការ»។ ស៊ីម៉ាយក៏នៅក្នុងក្រុងយេរូសាឡិមយ៉ាងយូរ។
39ប៉ុន្តែ បីឆ្នាំក្រោយមក មានអ្នកបម្រើរបស់ស៊ីម៉ាយពីរនាក់បានរត់ទៅឯព្រះបាទអ័គីស ជាស្តេចក្រុងកាថ ជាបុត្ររបស់ម្អាកា រួចមានគេប្រាប់ដល់ស៊ីម៉ាយថា៖ «អ្នកបម្រើរបស់អ្នកនៅឯក្រុងកាថ» 40ស៊ីម៉ាយក៏បានចាត់ចែងចងកែបលា ចេញទៅជួបព្រះបាទអ័គីសនៅក្រុងកាថ ដើម្បីរកអ្នកបម្រើរបស់ខ្លួន ក៏ទៅនាំយកពីក្រុងកាថមកវិញ។ 41ពេលព្រះបាទសាឡូម៉ូនបានឮថា ស៊ីម៉ាយបានចេញពីក្រុងយេរូសាឡិមទៅដល់ក្រុងកាថ ឥឡូវត្រឡប់មកវិញហើយ 42ស្តេចបានចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានរាជឱង្ការសួរថា៖ «តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬ? តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា "នៅថ្ងៃណាដែលឯងនឹងចេញដំណើរទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬ"? ហើយឯងបានទទួលព្រមថា "ព្រះបន្ទូលល្អណាស់ ទូលបង្គំនឹងធ្វើតាម"។ 43ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសម្បថនៃព្រះយេហូវ៉ា និងសេចក្ដីដែលយើងបានបង្គាប់នោះ?» 44ស្តេចមានរាជឱង្ការទៅស៊ីម៉ាយទៀតថា៖ «ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តចំពោះព្រះបាទដាវីឌ ជាបិតារបស់យើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទម្លាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ។ 45ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងបានពរ ហើយរាជ្យរបស់ព្រះបាទដាវីឌនឹងបានតាំងនៅចំពោះព្រះយេហូវ៉ាជាដរាបតទៅ»។ 46ពេលនោះ ស្តេចបានបង្គាប់បេណាយ៉ាជាកូនយេហូយ៉ាដា ហើយលោកក៏ចេញទៅប្រហារជីវិតស៊ីម៉ាយឲ្យស្លាប់ទៅ។
ដូច្នេះ រាជ្យនោះបានតាំងជាមាំមួន ក្នុងអំណាចព្រះបាទសាឡូម៉ូនហើយ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies