១ ពង្សាវ‌តារ‌ក្សត្រ 2

2
បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ
1នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ​ជិត​សុគត ទ្រង់​ផ្តាំ​សាឡូម៉ូន​ជា​បុត្រា​ថា៖ 2«បិតា​ជិត​នឹង​លា​ចាក​លោក​នេះ​ហើយ ដូច្នេះ ចូរ​រឹង​មាំ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ក្លាហាន​ឡើង 3ចូរ​ស្ដាប់​បង្គាប់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុត្រ ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​ស្ដាប់​តាម​បញ្ជា តាម​បញ្ញត្តិ និង​បន្ទាល់​របស់​ព្រះ‌អង្គ ដូច​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បុត្រ​ធ្វើ និង​នៅ​កន្លែង​ណា​ដែល​បុត្រ​ទៅ។ 4ធ្វើ​ដូច្នោះ ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ថា "បើ​កូន​ចៅ​របស់​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។
5មួយ​ទៀត បុត្រ​ដឹង​ហើយ​ថា យ៉ូអាប់​ជា​កូន​សេរូយ៉ា បាន​ប្រព្រឹត្ត​នឹង​បិតា​យ៉ាង​ណា ដោយ​បាន​សម្លាប់​មេ‌ទ័ព​សាសន៍​អ៊ីស្រា‌អែល​ពីរ​នាក់ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​អ័ម៉ា‌សា​ជា​កូន​យេធើ ទាំង​បាន​កម្ចាយ​ឈាម​នៅ​វេលា​ដែល​ស្រុក​កំពុង​សុខ‌សាន្ត​ត្រាណ ឈាម​ចម្បាំង​បាន​ប្រឡាក់​សំពត់​ក្រវាត់​ដែល​នៅ​ចង្កេះ​ខ្លួន និង​ស្បែក​ជើង​ដែល​គេ​ពាក់។ 6ដូច្នេះ ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​របស់​បុត្រ កុំ​ឲ្យ​សក់​ស្កូវ​របស់​គាត់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​សុខ‌សាន្ត​ឡើយ។ 7ប៉ុន្តែ ចូរ​សម្ដែង​សេចក្ដី​សប្បុរស​ដល់​ពួក​កូន​បារស៊ី‌ឡាយ អ្នក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិ‌ភោគ​នៅ​តុ​របស់​បុត្រ ដ្បិត​គេ​បាន​មក​ទទួល​បិតា នៅ​គ្រា​ដែល​បិតា​បាន​រត់​ពី​អាប់សា‌ឡុម​បង​របស់​បុត្រ​ទៅ។ 8មួយ​ទៀត មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ជា​អ្នក​ស្រុក​បា‌ហ៊ូ‌រីម នៅ​ជា‌មួយ​បុត្រ​ដែរ គេ​បាន​ជេរ​ប្រមាថ​ដល់​បិតា ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​បិតា​បាន​ទៅ​ឯ​ស្រុក​ម៉ា‌ហា‌ណែម ប៉ុន្តែ គេ​បាន​ចុះ​មក​ក្រាប​ទទួល​បិតា​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​បិតា​បាន​ស្បថ​នឹង​គេ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា "យើង​នឹង​មិន​សម្លាប់​អ្នក​ដោយ​ដាវ​ទេ"។ 9ដូច្នេះ កុំ​លើក​លែង​ទោស​ឲ្យ​គេ​ឡើយ ដ្បិត​បុត្រ​ជា​អ្នក​មាន​ប្រាជ្ញា បុត្រ​ដឹង​ហើយ​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គេ ត្រូវ​ឲ្យ​សក់​ស្កូវ​គេ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ឈាម»។
ព្រះបាទ​ដាវីឌ​សោយ​ទិវង្គត
10ព្រះបាទ​ដាវីឌ​ក៏​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​ក្នុង​ទី​ក្រុង​ដាវីឌ។ 11ព្រះបាទ​ដាវីឌ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ គឺ​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​ប្រាំពីរ​ឆ្នាំ និង​នៅ​ក្រុង​យេរូ‌សាឡិម​សាមសិប​បី​ឆ្នាំ។ 12ព្រះបាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ហើយ​រាជ្យ​ទ្រង់​ក៏​បាន​រឹងមាំ​ឡើង។
ព្រះ‌បាទ​សាឡូម៉ូន​ពង្រឹង​អំណាច​របស់​ទ្រង់
13ពេល​នោះ អ័ដូ‌នីយ៉ា​ជា​បុត្រ​នាង​ហាគីត ចូល​មក​គាល់​បាត‌សេ‌បា ជា​មាតា​សាឡូម៉ូន ព្រះ‌នាង​សួរ​ថា៖ «តើ​ទ្រង់​មក​នេះ​ដោយ​មេត្រី​ឬ?» ទ្រង់​ទូល​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ»។ 14បន្ទាប់​មក ទ្រង់​ទូល​ទៀត​ថា៖ «ទូល‌បង្គំ​មាន​ការ​ចង់​ទូល​ព្រះ‌នាង​បន្តិច» ព្រះ‌នាង​ក៏​ប្រាប់​ថា៖ «ចូរ​និយាយ​មក​ចុះ»។ 15ទ្រង់​ទូល​ថា៖ «ព្រះ‌នាង​ជ្រាប​ហើយថា រាជ្យ​នេះ​ជា​របស់​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ។ 16ឥឡូវ​នេះ ទូល‌បង្គំ​សូម​តែ​សេចក្ដី​មួយ​ពី​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ» ព្រះ‌នាង​ឆ្លើយ​តប​ថា៖ «ចូរ​ពោល​ឲ្យ​អស់​សេចក្ដី​ទៅ​ចុះ»។ 17ទ្រង់​ទូល​ថា៖ «ទូល‌បង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ធ្វើ​ជា​ភរិយា​របស់​ទូល‌បង្គំ»។ 18បាត‌សេ‌បា​ទទួល​ថា៖ «មិន​អី​ទេ យើង​នឹង​ទូល​ស្តេច​ឲ្យ»។
19ដូច្នេះ បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ទូល​ទ្រង់​ឲ្យ​អ័ដូ‌នីយ៉ា ស្តេច​បាន​ក្រោក​ឡើង​ទទួល ដោយ​ឱន​គោរព រួច​គង់​ទ្រង់​លើ​បល្ល័ង្ក​វិញ ហើយ​បង្គាប់​ឲ្យ​គេ​យក​បល្ល័ង្ក​មួយ​មក​ដាក់​ថ្វាយ​មាតា ព្រះ‌នាង​ក៏​គង់​ខាង​ស្តាំ​ទ្រង់ ទូល​ថា៖ 20«មាតា​ចង់​សូម​ការ​តូច​មួយ​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ»។ ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «សូម​មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ទូល‌បង្គំ​មិន​ប្រកែក​ទេ»។ 21ព្រះ‌នាង​ទូល​ថា៖ «សូម​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​ទៅ​ធ្វើ​ជា​ភរិយា​របស់​អ័ដូ‌នីយ៉ា​ជា​ជេដ្ឋា​ទៅ» 22ព្រះបាទ​សាឡូម៉ូន​ឆ្លើយ​តប​ទៅ​មាតា​ថា៖ «ហេតុ​អ្វី​បាន​ជា​មាតា​សូម​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​អ័ដូ‌នីយ៉ា​ដូច្នេះ? ត្រូវ​សូម​ទាំង​រាជ‌សម្បត្តិ​ឲ្យ​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​បង​របស់​ទូល‌បង្គំ​ស្រាប់ បើ​សូម​ឲ្យ​អ័ដូ‌នីយ៉ា ត្រូវ​សូម​ឲ្យ​សង្ឃ​អ័បៀ‌ថើរ និង​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ដែរ​ទៅ»។ 23នោះ​ព្រះបាទ​សាឡូម៉ូន​ក៏​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា៖ «បើ​អ័ដូ‌នីយ៉ា​មិន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​ពោល​ពាក្យ​នេះ​ទេ នោះ​សូម​ឲ្យ​ព្រះ​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​នេះ ហើយ​លើស​ទៅ​ទៀត​ផង 24ដូច្នេះ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង​ឲ្យ​អង្គុយ​លើប​ល្ល័ង្ក​របស់​ស្ដេច​ដាវីឌ ជា​បិតា ហើយ​បាន​ឲ្យ​ទូល‌បង្គំ​មាន​ជំនួរ​វង្ស ដូច​ជា​ទ្រង់​បាន​សន្យា​ទុក គឺ​ស្បថ​ថា នៅ​ថ្ងៃ​នេះ អ័ដូ‌នីយ៉ា​ត្រូវ​ស្លាប់​ជា​ពិត»។ 25ស្តេច​ក៏​ចាត់​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អ័ដូ‌នីយ៉ា ហើយ​ទ្រង់​ក៏​សុគត​ទៅ។
26ខណៈ​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​សង្ឃ​អ័បៀ‌ថើរ​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​ស្រែ​ចម្ការ​របស់​ឯង ដែល​នៅ​ស្រុក​អាណា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ យើង​មិន​សម្លាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៅ​ចំពោះ​ស្ដេច​ដាវីឌ​ជា​បិតា​របស់​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្ដី​លំបាក​របស់​បិតា​យើង​ដែរ»។ 27ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​បណ្តេញ​អ័បៀ‌ថើរ ចេញ​ពី​ដំណែង​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​បាន​សម្រេច​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​វង្សា​អេលី​នៅ​ត្រង់​ស៊ីឡូរ។
28ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​យ៉ូអាប់ ហើយ​លោក​ក៏​រត់​ទៅ​ត្រសាល​របស់​ព្រះ‌យេហូវ៉ា ចាប់​កាន់​ស្នែង​អាស‌នា ដ្បិត​ទោះ​បើ​លោក​មិន​បាន​ទៅ​តាម​អាប់សា‌ឡុម​ក៏​ពិត ប៉ុន្តែ បាន​និយម​តាម​អ័ដូ‌នីយ៉ា​ដែរ។ 29មាន​គេ​មក​ក្រាប​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «យ៉ូអាប់​បាន​រត់​ទៅ​ត្រសាល​របស់​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាស‌នា» ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ទៅ​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រហារ​ជីវិត​យ៉ូអាប់​ទៅ»។ 30បេ‌ណា‌យ៉ា​ក៏​ទៅ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​យ៉ូអាប់​ថា៖ «ស្តេច​បង្គាប់​ឲ្យ​ចេញ​មក» តែ​លោក​ប្រកែក​ថា៖ «ទេ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ​វិញ» ដូច្នេះ បេ‌ណា‌យ៉ា​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​តាម​ពាក្យ​ដែល​យ៉ូអាប់​ប្រាប់។ 31ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់​ចុះ ចូរ​សម្លាប់​គាត់ ហើយ​កប់​គាត់​ទៅ ដើម្បី​លុប​ឈាម​ដែល​យ៉ូអាប់​បាន​កម្ចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង និង​ពី​ជំនួរ​វង្ស​របស់​បិតា​យើង​ទៅ។ 32ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។ 33ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់​ជា​ដរាប​ត​ទៅ តែ​ចំណែក​ព្រះបាទ​ដាវីឌ និង​ពូជ‌ពង្ស​របស់​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស រាជ្យ​របស់​ទ្រង់ នោះ​នឹង​បាន​សេចក្ដី​សុខ‌សាន្ត មក​ពី​ព្រះ‌យេហូវ៉ា​ជា‌និច្ច​ត​ទៅ»។ 34ដូច្នេះ បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ក៏​ឡើង​ទៅ​សម្លាប់​យ៉ូអាប់ ហើយ​គេ​បញ្ចុះ​ក្នុង​ម៉ុង​របស់​លោក​នៅ​ទី​រហោ‌ស្ថាន។ 35ស្តេច​បាន​តាំង​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សង្ឃ​សាដុក​ជំនួស​អ័បៀ‌ថើរ​ដែរ។
36បន្ទាប់​មក ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីម៉ាយ​មក បង្គាប់​ថា៖ «ចូរ​ឯង​សង់​ផ្ទះ​មួយ​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ កុំ​ចេញ​ទៅ​ណា​ទៀត​ឡើយ 37ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ចេញ​ទៅ ឆ្លង​ជ្រោះ​កេដ្រុន នោះ​ចូរ​ឯង​ដឹង​ខ្លួន​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​ឯង​នឹង​ធ្លាក់​លើ​ក្បាល​ឯង​វិញ»។ 38ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា៖ «រាជឱង្ការ​ល្អ​ណាស់ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​រាជឱង្ការ»។ ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​យ៉ាង​យូរ។
39ប៉ុន្តែ បី​ឆ្នាំ​ក្រោយ​មក មាន​អ្នក​បម្រើ​របស់​ស៊ីម៉ាយ​ពីរ​នាក់​បាន​រត់​ទៅ​ឯ​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​របស់​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា៖ «អ្នក​បម្រើ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ» 40ស៊ីម៉ាយ​ក៏​បាន​ចាត់​ចែង​ចង​កែប​លា ចេញ​ទៅ​ជួប​ព្រះបាទ​អ័គីស​នៅ​ក្រុង​កាថ ដើម្បី​រក​អ្នក​បម្រើ​របស់​ខ្លួន ក៏​ទៅ​នាំ​យក​ពី​ក្រុង​កាថ​មក​វិញ។ 41ពេល​ព្រះបាទ​សាឡូម៉ូន​បាន​ឮ​ថា ស៊ីម៉ាយ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ដល់​ក្រុង​កាថ ឥឡូវ​ត្រឡប់​មក​វិញ​ហើយ 42ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីម៉ាយ​មក មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​យើង​មិន​បាន​ឲ្យ​ឯង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ទេ​ឬ? តើ​មិន​បាន​ប្រាប់​បញ្ជាក់​ដល់​ឯង​ឲ្យ​ដឹង​ជា​ប្រាកដ​ថា "នៅ​ថ្ងៃ​ណា​ដែល​ឯង​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​ដទៃ​ណា​មួយ នោះ​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ទេ​ឬ"? ហើយ​ឯង​បាន​ទទួល​ព្រម​ថា "ព្រះ​បន្ទូល​ល្អ​ណាស់ ទូល‌បង្គំ​នឹង​ធ្វើ​តាម"។ 43ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​កាន់​តាម​សម្បថ​នៃ​ព្រះ‌យេហូវ៉ា និង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​នោះ?» 44ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស៊ីម៉ាយ​ទៀត​ថា៖ «ឯង​ស្គាល់​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លាក់​ក្នុង​ចិត្ត​ឯង គឺ​ជា​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង​ហើយ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ការ​អាក្រក់​របស់​ឯង​នោះ មក​លើ​ក្បាល​ឯង​វិញ។ 45ប៉ុន្តែ ព្រះបាទ​សាឡូម៉ូន​នឹង​បាន​ពរ ហើយ​រាជ្យ​របស់​ព្រះបាទ​ដាវីឌ​នឹង​បាន​តាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ត​ទៅ»។ 46ពេល​នោះ ស្តេច​បាន​បង្គាប់​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​លោក​ក៏​ចេញ​ទៅ​ប្រហារ​ជីវិត​ស៊ីម៉ាយ​ឲ្យ​ស្លាប់​ទៅ។
ដូច្នេះ រាជ្យ​នោះ​បាន​តាំង​ជា​មាំ‌មួន ក្នុង​អំណាច​ព្រះបាទ​សាឡូម៉ូន​ហើយ។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល