១ ពង្សាវតារក្សត្រ 19
19
លោកអេលីយ៉ាគេចខ្លួនពីយេសិបិល
1ព្រះបាទអ័ហាប់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការដែលលោកអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសម្លាប់ហោរាទាំងប៉ុន្មានដោយដាវ 2ដូច្នេះ ព្រះនាងយេសិបិលចាត់គេឲ្យនាំពាក្យទៅប្រាប់លោកអេលីយ៉ាថា៖ «ដល់ស្អែកនេះ ពេលថ្មើនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង»។ 3កាលលោកបានជ្រាបដូច្នោះហើយ លោកក៏ក្រោករត់ទៅឲ្យរួចជីវិត បានទៅដល់បៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបម្រើនៅទីនោះ។
4ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។ 5លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះ មានទេវតាមកដាស់លោកប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគសិន»។ 6លោកឃើញមាននំដុតឆ្អិនទៅលើធ្យូងភ្លើង នៅលើក្បាលដំណេក ហើយមានទឹកមួយក្អមផង លោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ។ 7ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកម្លាំងឯងណាស់»។ 8លោកក៏ក្រោកឡើង បរិភោគទៅ ហើយដោយសារកម្លាំងដែលបានពីអាហារនោះ លោកក៏ដើរទៅអស់សែសិបថ្ងៃសែសិបយប់ បានទៅដល់ភ្នំហោរែប ជាភ្នំនៃព្រះ។
9កាលលោកបានទៅដល់ហើយ ក៏ចូលទៅអាស្រ័យក្នុងរអាងមួយនៅទីនោះ។
មើល៍! ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោក ហើយសួរលោកថា៖ «អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ?» 10លោកទូលថា៖ «ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកហោរាព្រះអង្គដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។
លោកអេលីយ៉ាជួបព្រះនៅភ្នំហោរែប
11ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ»។ ព្រះយេហូវ៉ាយាងទៅតាមទីនោះ ហើយមានខ្យល់ព្យុះបក់គំហុកយ៉ាងខ្លាំង បក់មកប៉ះភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក មានកក្រើកដី តែព្រះយេហូវ៉ាមិនគង់នៅក្នុងការកក្រើកដីនោះទេ។ 12បន្ទាប់ពីការកក្រើកដី មានភ្លើងឆេះ តែព្រះយេហូវ៉ាមិនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើង មានឮសំឡេងតូចរហៀងៗ។ 13កាលអេលីយ៉ាបានឮហើយ លោកយកក្រមាឃ្លុំមុខ ចេញមកឈរនៅមាត់រអាង មានឮសំឡេងមកដល់លោកថា៖ «អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ?» 14លោកទូលឆ្លើយថា៖ «ទូលបង្គំមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារយ៉ាងខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនាព្រះអង្គ ហើយបានសម្លាប់ពួកហោរាដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។ 15ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកថា៖ «ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាទៅដល់ហើយ ចូរចាក់ប្រេងតាំងហាសែលឲ្យឡើងធ្វើជាស្តេចស្រុកស៊ីរីចុះ។ 16បន្ទាប់មក ត្រូវចាក់ប្រេងតាំងយេហ៊ូវ ជាកូននីមស៊ីឲ្យឡើងធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា ត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង។ 17ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល យេហ៊ូវនឹងសម្លាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហូវ៉ា អេលីសេនឹងសម្លាប់ចោល។ 18ប៉ុន្តែ យើងនឹងទុកឲ្យមានមនុស្សប្រាំពីរពាន់នាក់នៅសល់ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាបនៅចំពោះព្រះបាល ឬថើបវាឡើយ»។
អេលីសេក្លាយជាសិស្សរបស់លោកអេលីយ៉ា
19ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោដប់ពីរនឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណៈនោះ លោកអេលីយ៉ាក៏ដើរតម្រង់ទៅរកគាត់ ហើយបោះក្រមាទៅលើគាត់។ 20គាត់ក៏ទុកគោចោល រត់ទៅតាមលោកអេលីយ៉ា ដោយពោលថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក»។ លោកអេលីយ៉ាមានប្រសាសទៅគាត់ថា៖ «ចូរទៅវិញទៅ តើខ្ញុំបានធ្វើអ្វីដល់អ្នក?» 21ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោមួយនឹមទៅសម្លាប់ ហើយយកនឹមធ្វើឱសដុតស្ងោរគោ ចែកគ្នាបរិភោគ ហើយគាត់ក្រោកឡើងទៅតាមលោកអេលីយ៉ា ដើម្បីបម្រើលោក។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 19: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies