១ ពង្សាវតារក្សត្រ 16
16
1នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេហ៊ូវ ជាកូនហាណានីទាស់នឹងប្អាសាថា៖ 2«ដោយព្រោះយើងបានលើកឯងពីធូលីដីមក តាំងឡើងជាស្តេចលើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង តែឯងបានដើរតាមផ្លូវរបស់យេរ៉ូបោម ព្រមទាំងបណ្ដាលឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងធ្វើបាបដែរ ជាការដែលនាំឲ្យយើងខឹង ដោយសារអំពើបាបរបស់គេ 3ហេតុនេះ យើងនឹងបោសឯង ទាំងពូជពង្សឯងចេញអស់រលីង ដូចជាពូជពង្សរបស់យេរ៉ូបោម ជាកូននេបាតដែរ។ 4អ្នកណាក្នុងវង្សប្អាសា ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ី»។
5កិច្ចការផ្សេងទៀតដែលប្អាសាបានធ្វើ និងអំណាចទ្រង់ បានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ 6ប្អាសាក៏ផ្ទំលក់ ទៅជាមួយបុព្វបុរសរបស់ព្រះអង្គទៅ គេបញ្ចុះសពទ្រង់នៅក្រុងធើសា រួចអេឡាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ 7ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសម្ដែងមកទាស់នឹងប្អាសា ព្រមទាំងព្រះរាជ្យវង្សទ្រង់ តាមរយៈហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
អេឡាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
8លុះដល់ឆ្នាំទីម្ភៃប្រាំមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡាជាកូនប្អាសា សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា ក៏សោយរាជ្យបានពីរឆ្នាំ។ 9ប៉ុន្តែ ស៊ីមរី ជាមេទ័ព ដែលត្រួតលើរទេះចម្បាំងទ្រង់ពាក់កណ្ដាល លោកបានក្បត់ ពេលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា។ 10ស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យអេសា ជាស្តេចយូដា រួចក៏ឡើងសោយរាជ្យជំនួស។
11ពេលបានគង់លើបល្ល័ង្កសោយរាជ្យហើយ ក៏ប្រហារជីវិតវង្សានុវង្សរបស់ប្អាសាទាំងអស់ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្តសម្លាញ់ណាឲ្យនៅសល់ឡើយ។ 12ដែលស៊ីមរីបានរំលាយពួកវង្សរបស់ប្អាសាទាំងអស់ តាមសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលទាស់នឹងប្អាសា តាមរយៈហោរាយេហ៊ូវ 13ដោយព្រោះអំពើបាបរបស់ប្អាសា និងអំពើបាបរបស់អេឡា ជាបុត្រា ដែលទ្រង់បានប្រព្រឹត្ត ព្រមទាំងបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ នាំឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែល មានសេចក្ដីក្រោធ ដោយសាររូបព្រះរបស់គេ។ 14ឯកិច្ចការផ្សេងទៀតដែលអេឡាបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ស៊ីមរីសោយរាជ្យនៅស្រុកអ៊ីស្រាអែល
15លុះដល់ឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យអេសា ជាស្តេចយូដា ស៊ីមរីបានសោយរាជ្យអស់ប្រាំពីរថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន 16ហើយពួកទាំងនោះក៏ឮថា ស៊ីមរីបានក្បត់ស្តេច ហើយធ្វើគុតទ្រង់ផង ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏លើកអំរី ជាមេទ័ពធំ តាំងឡើងជាស្តេចលើពួកអ៊ីស្រាអែល នៅឯទីបោះទ័ពក្នុងថ្ងៃនោះ។ 17ដូច្នេះ អំរី និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងគីបថោន ឡើងទៅឡោមព័ទ្ធក្រុងធើសាវិញ 18កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយក៏ស្លាប់ក្នុងភ្លើងនោះទៅ 19ដោយព្រោះអំពើបាបដែលទ្រង់បានធ្វើ ដោយប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមផ្លូវ និងអំពើបាបដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ។ 20ឯកិច្ចការផ្សេងទៀតរបស់ស៊ីមរី និងការដែលលោកក្បត់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
អំរីសោយរាជ្យនៅស្រុកអ៊ីស្រាអែល
21នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលគេបានបែកគ្នាជាពីរពួក ពួកមួយកាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួកមួយទៀតកាន់ខាងអំរី 22តែប្រជាជនដែលចូលដៃខាងអំរី គេឈ្នះពួកខាងធីបនីជាកូនគីណាត ដូច្នេះ ធីបនីក៏ស្លាប់ទៅ ហើយអំរីឡើងសោយរាជ្យ។
23គឺនៅឆ្នាំទីសាមសិបមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបានដប់ពីរឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបានប្រាំមួយឆ្នាំ។
សាម៉ារីជាទីក្រុងថ្មី
24ទ្រង់ទិញភ្នំសាម៉ារីពីសេមើរ តម្លៃពីរហាបប្រាក់ ទ្រង់ក៏សង់ទីក្រុងនៅលើភ្នំនោះ ឲ្យឈ្មោះថា សាម៉ារី តាមឈ្មោះសេមើរជាម្ចាស់ភ្នំ។
25ឯអំរីទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ធ្វើអាក្រក់លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត 26ដ្បិតទ្រង់បានប្រតិបត្តិតាមអស់ទាំងផ្លូវ និងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ជាអ្នកដែលបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ គឺជាការដែលនាំឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ ដោយសាររូបព្រះរបស់គេ 27កិច្ចការផ្សេងទៀតដែលអំរីបានធ្វើ និងអំណាចទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។ 28អំរីក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងសាម៉ារី រួចអ័ហាប់ជាបុត្រា បានឡើងសោយរាជ្យជំនួសបិតា។
អ័ហាប់សោយរាជ្យនៅស្រុកអ៊ីស្រាអែល
29លុះដល់ឆ្នាំទីសាមសិបប្រាំបី ក្នុងរាជ្យអេសា ជាស្តេចស្រុកយូដា នោះអ័ហាប់ ជាបុត្រអំរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារីបានម្ភៃពីរឆ្នាំ 30អ័ហាប់ជាបុត្រអំរី បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត។
អ័ហាប់រៀបអភិសេកជាមួយព្រះនាងយេសិបិល ហើយថ្វាយបង្គំព្រះបាល
31មិនត្រឹមតែទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតប៉ុណ្ណោះទេ គឺទ្រង់បានយកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូនមកធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលថែមទៀតផង។ 32ទ្រង់ស្អាងអាសនាមួយថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី 33ព្រះបាទអ័ហាប់ក៏ធ្វើបង្គោលសក្ការៈមួយ ហើយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងស្តេចដែលនៅមុនទ្រង់ទៅទៀត ជាការដែលបណ្ដាលឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ។ 34នៅក្នុងរាជ្យទ្រង់នោះ ហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារលោកយ៉ូស្វេ ជាកូនរបស់លោកនុន ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies