១ ពង្សាវ‌តារ‌ក្សត្រ 16

16
1នៅ​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេហ៊ូវ ជា​កូន​ហា‌ណា‌នី​ទាស់​នឹង​ប្អាសា​ថា៖ 2«ដោយ​ព្រោះ​យើង​បាន​លើក​ឯង​ពី​ធូលី​ដីមក តាំង​ឡើង​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង តែ​ឯង​បាន​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ព្រម​ទាំង​បណ្ដាល​ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​យើង​ខឹង ដោយ‌សារ​អំពើ​បាប​របស់​គេ 3ហេតុ​នេះ យើង​នឹង​បោស​ឯង ទាំង​ពូជ‌ពង្ស​ឯង​ចេញ​អស់​រលីង ដូច​ជា​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែរ។ 4អ្នក​ណា​ក្នុង​វង្ស​ប្អាសា ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី»។
5កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ប្អាសា​បាន​ធ្វើ និង​អំណាច​ទ្រង់ បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ 6ប្អាសា​ក៏​ផ្ទំ​លក់ ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ​ទៅ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្រុង​ធើសា រួច​អេឡា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ 7ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​សម្ដែង​មក​ទាស់​នឹង​ប្អាសា ព្រម​ទាំង​ព្រះ‌រាជ្យ‌វង្ស​ទ្រង់ តាម​រយៈ​ហោរា​យេហ៊ូវ ជា​កូន​ហា‌ណា‌នី គឺ​ដោយ​ព្រោះ​ការ​ដ៏​លាមក​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ក្រោធ​ដោយ‌សារ​អំពើ​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​ដូច​ជា​ព្រះ‌វង្សា​យេរ៉ូ‌បោម​នោះ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ប្រហារ​ជីវិត​គេ​ថែម​ទៀត។
អេឡា​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
8លុះ​ដល់​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អេឡា​ជា​កូន​ប្អាសា សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​ធើសា ក៏​សោយ‌រាជ្យ​បាន​ពីរ​ឆ្នាំ។ 9ប៉ុន្តែ ស៊ីមរី ជា​មេ‌ទ័ព ដែល​ត្រួត​លើ​រទេះ​ចម្បាំង​ទ្រង់​ពាក់​កណ្ដាល លោក​បាន​ក្បត់ ពេល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា។ 10ស៊ីមរី​ក៏​ចូល​ទៅ​ធ្វើ​គុត​ទ្រង់ ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ​នៃ​រាជ្យ​អេសា ជា​ស្តេច​យូដា រួច​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។
11ពេល​បាន​គង់​លើ​បល្ល័ង្ក​សោយ‌រាជ្យ​ហើយ ក៏​ប្រហារ​ជីវិត​វង្សា‌នុវង្ស​របស់​ប្អាសា​ទាំង​អស់ ឥត​ទុក​ពួក​ប្រុសៗ​ណា​មួយ​ខាង​ប្អាសា ទោះ​ទាំង​វង្សា ឬ​ជា​មិត្ត​សម្លាញ់​ណា​ឲ្យ​នៅ​សល់​ឡើយ។ 12ដែល​ស៊ីមរី​បាន​រំលាយ​ពួក​វង្ស​របស់​ប្អាសា​ទាំង​អស់ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ប្អាសា តាម​រយៈ​ហោរា​យេហ៊ូវ 13ដោយ​ព្រោះ​អំពើ​បាប​របស់​ប្អាសា និង​អំពើ​បាប​របស់​អេឡា ជា​បុត្រា ដែល​ទ្រង់​បាន​ប្រព្រឹត្ត ព្រម​ទាំង​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល មាន​សេចក្ដី​ក្រោធ ដោយ‌សារ​រូប​ព្រះ​របស់​គេ។ 14ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អេឡា​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។
ស៊ីមរី​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
15លុះ​ដល់​ឆ្នាំ​ទីម្ភៃ​ប្រាំពីរ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ស៊ីមរី​បាន​សោយ‌រាជ្យ​អស់​ប្រាំពីរ​ថ្ងៃ នៅ​ក្រុង​ធើសា រីឯ​ពួក​ពល‌ទ័ព គេ​កំពុង​តែ​ច្បាំង​នឹង​គីបថោន ជា​ទី​ក្រុង​របស់​ពួក​ភីលី‌ស្ទីន 16ហើយ​ពួក​ទាំង​នោះ​ក៏​ឮ​ថា ស៊ីមរី​បាន​ក្បត់​ស្តេច ហើយ​ធ្វើ​គុត​ទ្រង់​ផង ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​លើក​អំរី ជា​មេ‌ទ័ព​ធំ តាំង​ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល នៅ​ឯ​ទី​បោះ​ទ័ព​ក្នុង​ថ្ងៃ​នោះ។ 17ដូច្នេះ អំរី និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​គីបថោន ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​ធើសា​វិញ 18កាល​ស៊ីមរី​បាន​ឃើញ​ថា គេ​ចាប់​បាន​ទី​ក្រុង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ក្នុង​រាជ‌វាំង រួច​ដុត​ដំណាក់ ហើយ​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ 19ដោយ​ព្រោះ​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​ផ្លូវ និង​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ។ 20ឯ​កិច្ច‌ការ​ផ្សេង​ទៀតរបស់​ស៊ីមរី និង​ការ​ដែល​លោក​ក្បត់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។
អំរី​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
21នៅ​គ្រា​នោះ ប្រជាជន​អ៊ីស្រា‌អែល​គេ​បាន​បែក​គ្នា​ជា​ពីរ​ពួក ពួក​មួយ​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​មួយ​ទៀត​កាន់​ខាង​អំរី 22តែ​ប្រជាជន​ដែល​ចូល​ដៃ​ខាង​អំរី គេ​ឈ្នះ​ពួក​ខាង​ធីបនី​ជា​កូន​គីណាត ដូច្នេះ ធីបនី​ក៏​ស្លាប់​ទៅ ហើយ​អំរី​ឡើង​សោយ‌រាជ្យ។
23គឺ​នៅ​ឆ្នាំ​ទី​សាម​សិប​មួយ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ដែល​អំរី​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​បាន​ដប់ពីរ​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ធើសា​បាន​ប្រាំមួយ​ឆ្នាំ។
សាម៉ារី​ជា​ទី​ក្រុង​ថ្មី
24ទ្រង់​ទិញ​ភ្នំ​សាម៉ារី​ពី​សេមើរ តម្លៃ​ពីរ​ហាប​ប្រាក់ ទ្រង់​ក៏​សង់​ទី​ក្រុង​នៅ​លើ​ភ្នំ​នោះ ឲ្យ​ឈ្មោះ​ថា សាម៉ារី តាម​ឈ្មោះ​សេមើរ​ជា​ម្ចាស់​ភ្នំ។
25ឯ​អំរី​ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​អាក្រក់​លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត 26ដ្បិត​ទ្រង់​បាន​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ផ្លូវ និង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​រូប​ព្រះ​របស់​គេ 27កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អំរីបាន​ធ្វើ និង​អំណាច​ទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។ 28អំរី​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​អ័ហាប់​ជា​បុត្រា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
អ័ហាប់​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
29លុះ​ដល់​ឆ្នាំ​ទី​សាម​សិប​ប្រាំ​បី ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី​បាន​ម្ភៃពីរ​ឆ្នាំ 30អ័ហាប់​ជា​បុត្រ​អំរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត។
អ័ហាប់រៀប​អភិសេក​ជា​មួយព្រះនាង​យេសិបិល ហើយ​ថ្វាយ​បង្គំព្រះបាល
31មិនត្រឹម​តែ​ទ្រង់​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន​មក​ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ​បង្គំ​ដល់​ព្រះ‌បាល​ថែម​ទៀត​ផង។ 32ទ្រង់​ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌បាល នៅ​ក្នុង​វិហារ​ព្រះ‌បាល​ដែល​ទ្រង់​បាន​ស្អាង​នៅ​ក្រុង​សាម៉ារី 33ព្រះបាទ​អ័ហាប់​ក៏​ធ្វើ​បង្គោល​សក្ការៈ​មួយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​ស្តេច​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​ក្រោធ។ 34នៅ​ក្នុង​រាជ្យ​ទ្រង់​នោះ ហ៊ីអែល ជា​អ្នក​ក្រុង​បេត-អែល ក៏​សង់​ក្រុង​យេរីខូរ​ឡើង​វិញ កាល​គាត់​ដាក់​ជើង​កំផែង​ចុះ នោះ​អ័ប៊ីរ៉ាម ជា​កូន​ច្បង​ក៏​ស្លាប់​ទៅ ហើយ​កាល​រៀបចំទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ពៅ​ក៏​ស្លាប់​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល