ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតរបស់ព្រះបាទសាឡូម៉ូន ជាបិតារបស់ទ្រង់ ពីពេលទ្រង់គង់ព្រះជន្មនៅឡើយថា៖ «តាមគំនិតរបស់លោករាល់គ្នា តើត្រូវយើងឆ្លើយនឹងពួកប្រជារាស្ត្រនេះយ៉ាងដូចម្តេច?» លោកទាំងនោះទូលឆ្លើយថា៖ «នៅថ្ងៃនេះ បើទ្រង់សព្វព្រះហឫទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ»។ ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ ដោយមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាមានយោបល់យ៉ាងណា ដែលយើងឆ្លើយនឹងប្រជារាស្ត្រ ដែលគេបានសូមយើងថា "សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង"?» រួចពួកដែលស្រករនឹងទ្រង់ គេទូលឆ្លើយថា៖ «ប្រជារាស្ត្រនេះ ដែលមកទូលសូមទ្រង់ថា "បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង" ទ្រង់ត្រូវឆ្លើយនឹងគេយ៉ាងនេះថា "កូនដៃយើងនឹងបានធំជាងភ្លៅរបស់បិតាយើងទៅទៀត។ ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។ លុះដល់ថ្ងៃទីបី យេរ៉ូបោម និងប្រជាជន ក៏ចូលមកគាល់រេហូបោម ដូចជាស្តេចបានបង្គាប់ថា "នៅថ្ងៃទីបី ត្រូវវិលមកជួបយើងវិញ" ស្ដេចមានរាជឱង្ការទៅកាន់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ គឺទ្រង់មានរាជឱង្ការទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា៖ «បិតាយើងបានធ្វើឲ្យនឹមអ្នករាល់គ្នាធ្ងន់ណាស់ តែយើងនឹងបន្ថែម ឲ្យនឹមអ្នករាល់គ្នាធ្ងន់ជាងទៅទៀត បិតាបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរី»។ ស្ដេចមិនព្រមស្តាប់តាមប្រជាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
អាន ១ ពង្សាវតារក្សត្រ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 12:6-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ