១ ពង្សាវតារក្សត្រ 10
10
ព្រះមហាក្សត្រិយានីស្រុកសេបាយាងមកគាល់ព្រះបាទសាឡូម៉ូន
1កាលមហាក្សត្រិយ៍ស្រុកសេបាបានឮពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូនខាងព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ។ 2ព្រះនាងយាងមកដល់ក្រុងយេរូសាឡិម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប មាសជាច្រើន និងត្បូងមានតម្លៃផង។ ពេលព្រះនាងបានចូលមកគាល់ព្រះបាទសាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ។ 3ព្រះបាទសាឡូម៉ូនបានឆ្លើយស្រាយន័យគ្រប់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ។ 4កាលមហាក្សត្រិយ៍ស្រុកសេបាបានឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន និងដំណាក់ដែលទ្រង់ធ្វើ 5ឃើញព្រះស្ងោយនៅលើតុរបស់ស្ដេច កន្លែងអង្គុយរបស់ពួកនាម៉ឺនមន្ត្រី របៀបរបបរបស់ពួករាជបម្រើ និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញពួកអ្នកថ្វាយពែងរបស់ស្ដេច និងតង្វាយដុតដែលស្ដេចថ្វាយក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី។ 6ហើយមានសវនីយ៍ទៅស្តេចថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន 7ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល៍ ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្ដាលផង គឺប្រាជ្ញា និងសេចក្ដីចម្រើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទដែលខ្ញុំម្ចាស់បានឮទៅទៀត 8មានពរហើយ មនុស្សរបស់ព្រះករុណា! មានពរហើយពួកអ្នកបម្រើ ដែលឈរនៅចំពោះព្រះករុណាជានិច្ច ទាំងស្តាប់រាជឱង្ការប្រកបដោយប្រាជ្ញារបស់ព្រះករុណា! 9សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។ 10បន្ទាប់មក ព្រះនាងបានថ្វាយមាសមួយរយម្ភៃហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃដល់ស្តេច។ ក្រោយនោះមក មិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះ បានចូលមកឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រិយ៍ស្រុកសេបាបានថ្វាយដល់ព្រះបាទសាឡូម៉ូននោះទៀតឡើយ។
11ឯក្រុមនាវារបស់ស្ដេចហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ 12ស្ដេចយកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។
13ព្រះបាទសាឡូម៉ូនបានប្រទានដល់មហាក្សត្រិយ៍ស្រុកសេបា តាមបំណងព្រះហឫទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
14មាសដែលមកដល់ព្រះបាទសាឡូម៉ូនក្នុងមួយឆ្នាំ មានទម្ងន់ជាប្រាំមួយរយហុកសិបប្រាំមួយហាប 15ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ ដោយការធ្វើជំនួញ ហើយពីស្តេចស្រុកអារ៉ាប់ទាំងឡាយ និងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត។ 16ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលធំៗពីររយ គឺយកមាសប្រាំមួយរយសេកែល ដើម្បីធ្វើខែលនីមួយៗ។ 17ទ្រង់បានផែមាសធ្វើខែលតូចបីរយ ក្នុងខែលនីមួយៗមានមាសប្រាំមួយនាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន។ 18មួយទៀតស្តេចធ្វើបល្ល័ង្កមួយធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខមួយ 19មានជណ្តើរប្រាំមួយថ្នាក់ឡើងទៅដល់បល្ល័ង្កនោះ ឯបង្អែកបល្ល័ង្កនោះរាងមូល ហើយមានកំណល់ដៃនៅទាំងសងខាងទីអង្គុយ មានរូបសិង្ហពីរឈរនៅខាងកំណល់ដៃ 20ហើយមានសិង្ហដប់ពីរឈរនៅថ្នាក់ជណ្តើរប្រាំមួយម្ខាង គ្មានបល្ល័ង្កណានៅក្នុងនគរណាដែលនឹងផ្ទឹមស្មើបានឡើយ 21ឯអស់ទាំងប្រដាប់សម្រាប់ព្រះបាទសាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងគ្រឿងប្រដាប់ នៅក្នុងដំណាក់នៃព្រៃល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ គ្មានណាមួយធ្វើពីប្រាក់ទេ នៅក្នុងរាជ្យព្រះបាទសាឡូម៉ូន នោះគេមិនសូវរាប់អានប្រាក់ប៉ុន្មានទេ 22ដ្បិតស្តេចមានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយវានារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុងបីឆ្នាំម្ដង។
23ដូច្នេះ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី។ 24ប្រជាជននៅលើផែនដីទាំងមូល គេចង់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្តាប់ប្រាជ្ញារបស់ទ្រង់ ដែលព្រះបានដាក់នៅក្នុងព្រះហឫទ័យ។ 25គ្រប់គ្នាក៏នាំយកតង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ។
26ព្រះបាទសាឡូម៉ូនបានប្រមូលរទេះចម្បាំង និងពលសេះ ទ្រង់មានរទេះចម្បាំងមួយពាន់បួនរយ ហើយពលសេះមួយម៉ឺនពីរពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ។ 27ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរដូចជាថ្មនៅក្នុងក្រុងយេរូសាឡិម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប។
28សេះរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន ដែលបានយកមកពីស្រុកអេស៊ីព្ទនោះ គឺពួកជំនួញរបស់ស្តេចទិញមកតាមតម្លៃទាំងហ្វូងៗ។ 29គេយករទេះចម្បាំងពីស្រុកអេស៊ីព្ទមក មួយថ្លៃប្រាំមួយរយសេកែល ហើយសេះមួយថ្លៃមួយរយហាសិប គេបានទិញដឹកយកមក សម្រាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត និងពួកស្តេចស្រុកស៊ីរីដែរ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies