១ ពង្សាវតារក្សត្រ 9
9
ព្រះអម្ចាស់លេចមកជួបព្រះបាទសាឡូម៉ូនម្ដងទៀត
1ក្រោយដែលព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ 2ព្រះយេហូវ៉ាបានលេចមក ឲ្យព្រះបាទសាឡូម៉ូនឃើញម្តងទៀត ដូចជាបានលេចមកឲ្យឃើញនៅត្រង់គីបៀនដែរ។ 3ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឮសេចក្ដីដែលអ្នកបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះយើងនោះ យើងក៏បានញែកព្រះវិហារនេះ ដែលអ្នកបានស្អាងចេញជាបរិសុទ្ធ ទុកសម្រាប់នឹងតាំងឈ្មោះយើង នៅអស់កល្បជានិច្ច ភ្នែក និងចិត្តយើងនឹងស្ថិតនៅទីនោះ ជាដរាបតទៅ។ 4រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះយើង ដូចជាដាវីឌ បិតារបស់អ្នក ដោយចិត្តស្មោះ ហើយទៀងត្រង់ ដើម្បីប្រព្រឹត្តតាមគ្រប់សេចក្ដីដែលយើងបានបង្គាប់ដល់អ្នក ព្រមទាំងកាន់តាមបញ្ញត្តិ និងសេចក្ដីយុត្តិធម៌របស់យើងទាំងប៉ុន្មាន 5នោះយើងនឹងតាំងរាជ្យរបស់អ្នកលើសាសន៍អ៊ីស្រាអែលឲ្យនៅជាប់ជារៀងរាបតទៅ តាមដែលយើងបានសន្យានឹងដាវីឌ ជាបិតារបស់អ្នកថា "នឹងមិនដែលខានមានពូជឯងអង្គុយលើបល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ"។
6តែបើកាលណាអ្នកបែរចេញលែងប្រព្រឹត្តតាមយើង ទោះទាំងអ្នក ឬកូនចៅរបស់អ្នក ហើយមិនកាន់តាមបទបញ្ជា និងក្រឹត្យរបស់យើងទាំងប៉ុន្មាន ដែលយើងបានដាក់នៅមុខអ្នកទេ គឺទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ 7នោះយើងនឹងកាត់សាសន៍អ៊ីស្រាអែលចេញពីស្រុកដែលយើងបានឲ្យដល់គេ ហើយព្រះវិហារនេះដែលយើងបានញែកចេញជាបរិសុទ្ធ សម្រាប់ឈ្មោះរបស់យើង នោះយើងនឹងបោះបង់ចោលពីមុខយើងចេញ ដូច្នេះ សាសន៍អ៊ីស្រាអែលនឹងត្រឡប់ជាទីប្រៀបផ្ទឹម ហើយជាទីដំណៀល នៅក្នុងពួកសាសន៍ទាំងអស់។ 8ព្រះដំណាក់នេះនឹងក្លាយទៅជាគំនរបែកបាក់ អស់អ្នកណាដែលដើរកាត់តាមនោះ នឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយហួសចិត្ត ដោយពាក្យថា "ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ?" 9នោះគេនឹងឆ្លើយឡើងថា "គឺព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃគេ ដែលព្រះអង្គបាននាំបុព្វបុរសគេចេញពីស្រុកអេស៊ីព្ទមក ហើយគេបានទៅភ្ជាប់ខ្លួននឹងព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាម គឺហេតុនោះ បានជាព្រះយេហូវ៉ាបាននាំគ្រប់ទាំងសេចក្ដីអាក្រក់នេះមកលើគេ"»។
10លុះផុតម្ភៃឆ្នាំដែលព្រះបាទសាឡូម៉ូនស្អាងទាំងព្រះវិហាររបស់ព្រះយេហូវ៉ា និងព្រះរាជវាំងទាំងពីររួចជាស្រេចហើយ 11ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានផ្គត់ផ្គង់ឈើតាត្រៅ ឈើកកោះ និងមាស ថ្វាយព្រះបាទសាឡូម៉ូន តាមដែលទ្រង់ត្រូវការ។ ព្រះបាទសាឡូម៉ូនក៏ប្រទានទីក្រុងម្ភៃ ក្នុងស្រុកកាលីឡេ ឲ្យដល់ហ៊ីរ៉ាម។ 12ប៉ុន្តែ ពេលហ៊ីរ៉ាមចេញពីក្រុងទីរ៉ុស ទៅមើលទីក្រុងទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនបានប្រទាននោះ ទ្រង់មិនសព្វព្រះហឫទ័យនឹងក្រុងទាំងនោះទេ។ 13ក៏មានរាជឱង្ការថា៖ «ប្អូនអើយ តើទីក្រុងប្រភេទណាដែលឲ្យមកខ្ញុំនេះ?» រួចទ្រង់ហៅទីក្រុងទាំងនោះថា ស្រុកកាបួល ដរាបដល់សព្វថ្ងៃនេះ។ 14ស្ដេចហ៊ីរ៉ាមបានផ្ញើមាសមួយរយម្ភៃហាបមកថ្វាយដល់ព្រះបាទសាឡូម៉ូន។
កិច្ចការផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន
15មូលហេតុដែលព្រះបាទសាឡូម៉ូនកេណ្ឌកំណែន គឺដើម្បីនឹងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង ប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ក្រុងហាសោរ ក្រុងមេគីដោ ក្រុងកេស៊ើរ 16(ដ្បិតមុនដែលផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទបានឡើងមកចាប់យកក្រុងកេស៊ើរនោះ ទាំងដុត ហើយសម្លាប់ពួកសាសន៍កាណានដែលនៅក្រុងដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាព្រះបាទសាឡូម៉ូន ទុកជាចំណងដៃ។ 17ដូច្នេះ ព្រះបាទសាឡូម៉ូនក៏សង់ក្រុងកេស៊ើរនោះឡើងវិញ) និងក្រុងបេត-ហូរ៉ូននៅខាងក្រោម 18ព្រមទាំងក្រុងប្អាឡាត ក្រុងថាត់ម៉ោរដែលនៅទីរហោស្ថាន ក្នុងស្រុកនោះ 19និងអស់ទាំងទីក្រុងសម្រាប់ជាឃ្លាំងរបស់ព្រះបាទសាឡូម៉ូន និងទីក្រុងសម្រាប់ទុករទេះចម្បាំង ហើយសម្រាប់ពួកពលសេះទ្រង់ ក៏ធ្វើរបស់ទាំងអស់ដែលព្រះបាទសាឡូម៉ូនសព្វព្រះហឫទ័យចង់ធ្វើ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន និងក្នុងគ្រប់ទាំងស្រុកដែលនៅក្រោមអំណាចទ្រង់ផង។ 20ចំណែកពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលនៅសល់ ជាមនុស្សដែលមិនមែនជាពួកកូនចៅអ៊ីស្រាអែល 21គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។ 22តែពួកកូនចៅអ៊ីស្រាអែលវិញ ព្រះបាទសាឡូម៉ូនមិនបានយកគេធ្វើជាអ្នកបម្រើទេ គឺជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចម្បាំង និងពួកទ័ពសេះ។
23ឯពួកមេដែលត្រួតមើលការរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន មានចំនួនប្រាំរយហាសិបនាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
24ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។
25បីដងក្នុងមួយឆ្នាំ ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅលើអាសនាដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនានៅចំពោះព្រះយេហូវ៉ា។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ចប់សព្វគ្រប់។
សកម្មភាពជំនួញរបស់ព្រះបាទសាឡូម៉ូន
26ព្រះបាទសាឡូម៉ូនធ្វើនាវាជាច្រើននៅត្រង់អេស៊ាន-គេប៊ើរ នៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដុម 27ឯហ៊ីរ៉ាមបានចាត់ពួកអ្នកបម្រើខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយពួកបម្រើរបស់ព្រះបាទសាឡូម៉ូន 28គេទៅស្រុកអូភារ យកមាសពីស្រុកនោះមក បានបួនរយម្ភៃហាប នាំមកថ្វាយព្រះបាទសាឡូម៉ូន។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies