១ ពង្សាវតារក្សត្រ 8
8
ហិបសញ្ញាតម្កល់ក្នុងព្រះដំណាក់
1គ្រានោះ ព្រះបាទសាឡូម៉ូនបានប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកអ្នកដែលជាប្រធានលើកុលសម្ពន័្ធទាំងប៉ុន្មាន ហើយពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក 2ដូច្នេះ ពួកប្រជាជនសាសន៍អ៊ីស្រាអែលទាំងអស់ ក៏ប្រជុំគ្នាឯព្រះបាទសាឡូម៉ូន នៅវេលាបុណ្យក្នុងខែទីប្រាំពីរ។ 3ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មក ហើយពួកសង្ឃក៏លើកហិបសែងទៅ។ 4គេនាំយកហិបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ និងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ និងពួកលេវីដែលសែងឡើងមក។ 5រួចព្រះបាទសាឡូម៉ូន និងក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយទ្រង់ នៅត្រង់មុខហិប កំពុងតែបូជាថ្វាយចៀម និងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ។ 6រួចពួកសង្ឃក៏សែងយកហិបសញ្ញារបស់ព្រះយេហូវ៉ាចូលទៅ តម្កល់ទុកនៅកន្លែងដែលបម្រុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីម ក្នុងព្រះវិហារ 7ដ្បិតចេរូប៊ីមទាំងពីរត្រដាងស្លាប ពីលើកន្លែងដែលតម្កល់ទុកហិបនោះ ចេរូប៊ីមក៏គ្របនៅពីលើហិប និងឈើស្នែងរបស់ហិបផង។ 8គេបានធ្វើឈើស្នែងនោះឲ្យវែង ដល់ម៉្លេះបានជាមើលឃើញពីត្រង់ទីបរិសុទ្ធ ជាទីដែលនៅមុខទីទទួលព្រះបន្ទូលបាន តែមិនបានឃើញពីខាងក្រៅទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ។ 9ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក 10លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ 11ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។
12គ្រានោះ ព្រះបាទសាឡូម៉ូនបានពោលថា៖
«ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា
ព្រះអង្គនឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់។
13ដូច្នេះ ទូលបង្គំបានស្អាងព្រះដំណាក់
ថ្វាយព្រះអង្គគង់ទុកជាទីលំនៅឲ្យព្រះអង្គគង់
នៅអស់កល្បជានិច្ច»។
សេចក្ដីថ្លែងការរបស់ព្រះបាទសាឡូម៉ូន
14រួចស្ដេចបែរព្រះភក្ត្រមក ប្រទានពរដល់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងឈរនៅ 15ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលសម្រេចតាមរយៈព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌបិតារបស់យើងថា 16"ចាប់តាំងពីថ្ងៃដែលយើងបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះយើងបាននៅទីនោះឡើយ តែយើងបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្រអញ"។ 17រីឯបំណងព្រះហឫទ័យនៃដាវីឌជាបិតាយើង ទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ 18តែព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់យើងថា "ដែលឯងមានចិត្តចង់ស្អាងវិហារសម្រាប់ឈ្មោះយើង នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ 19ប៉ុន្តែ ឯងមិនត្រូវស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសម្រាប់ឈ្មោះយើងវិញ"។ 20ដូច្នេះ ព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ 21យើងបានតាំងកន្លែងនៅទីនេះ ទុកសម្រាប់ហិបដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលព្រះអង្គបានតាំងនឹងបុព្វបុរសយើង កាលពីព្រះអង្គនាំគេចេញពីស្រុកអេស៊ីព្ទ»។
ពាក្យអធិស្ឋានរបស់ព្រះបាទសាឡូម៉ូន
22បន្ទាប់មក ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខក្រុមជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា៖ 23«ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចព្រះអង្គឡើយ ទោះនៅផ្ទៃមេឃខាងលើ ឬនៅផែនដីខាងក្រោមក្តី ព្រះអង្គកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសដល់ពួកអ្នកបម្រើរបស់ព្រះអង្គ ដែលខំដើរនៅចំពោះព្រះអង្គអស់ពីចិត្ត។ 24ព្រះអង្គបានរក្សាសេចក្ដីសន្យាដែលព្រះអង្គមានព្រះបន្ទូលនឹងដាវីឌ អ្នកបម្រើរបស់ព្រះអង្គ ជាបិតាទូលបង្គំ គឺព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋ ហើយថ្ងៃនេះបានសម្រេចដោយសារព្រះហស្តរបស់ព្រះអង្គ។ 25ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គរក្សាសេចក្ដីនេះទៀត ជាសេចក្ដីដែលព្រះអង្គបានសន្យានឹងបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គថា "នឹងមិនដែលខានមានពូជអ្នកអង្គុយលើបល្ល័ង្ករាជ្យរបស់សាសន៍អ៊ីស្រាអែល នៅមុខយើងឡើយ ឲ្យតែកូនចៅអ្នកបានប្រុងប្រយ័ត្ននឹងដើរតាមផ្លូវ នៅមុខយើង ដូចជាអ្នកបានដើរនោះដែរ"។ 26ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមព្រះអង្គបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបម្រើរបស់ព្រះអង្គចុះ។
27តើព្រះនឹងគង់លើផែនដីប្រាកដឬ? មើល៍ ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត 28ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះព្រះអង្គនៅថ្ងៃនេះ 29ប្រយោជន៍ឲ្យព្រះនេត្ររបស់ព្រះអង្គបានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលព្រះអង្គបានមានព្រះបន្ទូលហើយថា ព្រះនាមរបស់ព្រះអង្គនឹងនៅទីនេះ ដើម្បីស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គនឹងទូលតម្រង់មកទីនេះ។ 30ហើយកាលណាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ នឹងអធិស្ឋានតម្រង់មកឯទីនេះ នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលណាព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
31ប្រសិនបើអ្នកណាធ្វើបាបចំពោះអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនារបស់ព្រះអង្គ ក្នុងព្រះវិហារនេះ 32នោះសូមព្រះអង្គព្រះសណ្តាប់ពីលើស្ថានសួគ៌ ហើយសម្រេចការងារដោយជំនុំជម្រះពួកអ្នកបម្រើរបស់ព្រះអង្គ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទម្លាក់អំពើអាក្រក់របស់គេទៅលើក្បាលគេវិញ ហើយសម្រេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងដល់គេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
33បើកាលណាសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងព្រះអង្គ នោះបើគេត្រឡប់មកឯព្រះអង្គវិញ ព្រមទាំងគោរពដល់ព្រះនាមព្រះអង្គ ហើយអធិស្ឋានទូលអង្វរដល់ព្រះអង្គក្នុងព្រះវិហារនេះ 34នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុក ដែលព្រះអង្គបានប្រទានមកបុព្វបុរសគេវិញ។
35បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងព្រះអង្គ នោះបើគេអធិស្ឋានមកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមព្រះអង្គ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះព្រះអង្គបានផ្ចាញ់ផ្ចាលគេ 36នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកអ្នកបម្រើរបស់ព្រះអង្គ គឺពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដោយបង្រៀនឲ្យដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀងឲ្យធ្លាក់មកលើស្រុករបស់ព្រះអង្គ ដែលបានប្រទានមកប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌កផង។
37បើកាលណាកើតមានគ្រោះទុរ្ភិក្សនៅក្នុងស្រុក ឬបើមានជំងឺរាតត្បាត ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើខ្មាំងសត្រូវឡោមព័ទ្ធគេនៅក្នុងស្រុក តាមទ្វាក្រុងនានារបស់គេ ឬកើតមានគ្រោះកាចណា ឬជំងឺណាក៏ដោយ 38ប្រសិនបើមនុស្សណាម្នាក់ ឬប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទាំងប៉ុន្មាន ដែលស្គាល់សេចក្ដីវេទនាក្នុងចិត្តខ្លួន លើកដៃតម្រង់មកឯព្រះដំណាក់នេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ 39សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ហើយអត់ទោស ព្រមទាំងសម្រេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែព្រះអង្គជ្រាបចិត្តគេ (ដ្បិតគឺព្រះអង្គតែមួយ ដែលជ្រាបចិត្តរបស់មនុស្សលោកទាំងអស់) 40ដើម្បីឲ្យគេបានកោតខ្លាចដល់ព្រះអង្គនៅពេញមួយជីវិត ដែលគេរស់នៅក្នុងស្រុក ដែលព្រះអង្គបានប្រទានមកបុព្វបុរសយើងខ្ញុំទាំងឡាយ។
41មួយទៀត ពេលពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមព្រះអង្គ 42(ដ្បិតគេនឹងឮនិយាយពីព្រះនាមដ៏ជាធំឧត្តមរបស់ព្រះអង្គ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសម្រេចដែរ) ហើយគេមកអធិស្ឋានតម្រង់ចំពោះព្រះវិហារនេះ 43នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ហើយសម្រេចសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ព្រះអង្គ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមរបស់ព្រះអង្គ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ព្រះអង្គ ដូចជាសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមរបស់ព្រះអង្គ។
44បើកាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលព្រះអង្គនឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះយេហូវ៉ា ទាំងបែរមកឯទីក្រុងនេះ ដែលព្រះអង្គបានរើស និងព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមរបស់ព្រះអង្គ 45នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសម្រេចតាមសេចក្ដីយុត្តិធម៌ឲ្យគេផង។
46បើកាលណាគេធ្វើបាបនឹងព្រះអង្គ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយព្រះអង្គកើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយ ឬជិតក្តី 47នោះបើគេនឹកចាំនៅក្នុងស្រុកដែលបានដឹកនាំទៅជាឈ្លើយនោះ ហើយបែរត្រឡប់ចិត្តមកវិញ ព្រមទាំងទូលអង្វរដល់ព្រះអង្គ នៅក្នុងស្រុករបស់ពួកសាសន៍ដែលដឹកនាំគេទៅជាឈ្លើយនោះ ដោយពាក្យថា យើងខ្ញុំបានធ្វើបាបហើយ ក៏បានប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ផង 48ប្រសិនបើគេវិលត្រឡប់មករកព្រះអង្គដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលព្រះអង្គបានប្រទានឲ្យបុព្វបុរសគេ គឺជាទីក្រុង ដែលព្រះអង្គបានរើសតាំង និងព្រះវិហារដែលទូលបង្គំបានស្អាងថ្វាយព្រះនាមរបស់ព្រះអង្គ 49នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅព្រះអង្គ ចំពោះពាក្យដែលគេអធិស្ឋានហើយទូលអង្វរនោះ ព្រមទាំងសម្រេចសេចក្ដីត្រឹមត្រូវឲ្យគេផង 50សូមអត់ទោសដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានធ្វើបាបនឹងព្រះអង្គដូច្នេះ ហើយអស់ទាំងការរំលងច្បាប់ ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គដែរ សូមបណ្ដាលឲ្យពួកអ្នកដែលនាំគេទៅជាឈ្លើយនោះ បានអាណិតមេត្តាដល់គេវិញ 51(ដ្បិតគេជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាមត៌ករបស់ព្រះអង្គ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីព្ទមក គឺពីកណ្ដាលគុករំលាយដែកនោះ) 52ដើម្បីឲ្យព្រះនេត្ររបស់ព្រះអង្គបានបើក សម្រាប់ទតក្នុងវេលាណាដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ទូលអង្វរ ហើយព្រះសណ្ដាប់តាមសេចក្ដីដែលគេទូលសូមដល់ព្រះអង្គ។ 53ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានញែកគេចេញពីអស់ទាំងសាសន៍នៅផែនដី ទុកសម្រាប់ជាមត៌ករបស់ព្រះអង្គហើយ ដូចជាព្រះអង្គបានមានព្រះបន្ទូលតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ពីពេលព្រះអង្គបាននាំបុព្វបុរសយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក»។
ព្រះបាទសាឡូម៉ូនប្រទានពរក្រុមជំនុំ
54កាលសាឡូម៉ូនបានអធិស្ឋាន ហើយទូលអង្វរដល់ព្រះយេហូវ៉ា តាមគ្រប់សេចក្ដីទាំងនោះរួចហើយ ទ្រង់ក៏ក្រោកពីមុខអាសនានៃព្រះយេហូវ៉ា គឺពីកន្លែងដែលទ្រង់បានលុតព្រះជង្ឃ លើកព្រះហស្តតម្រង់ទៅឯមេឃនោះឡើង 55ទ្រង់ក៏ឈរឡើង ប្រទានពរ ដល់ក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដោយព្រះសៀងដ៏ខ្លាំងថា៖
56«សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលព្រះអង្គបានប្រទានសេចក្ដីសម្រាកដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះអង្គបានសន្យា ឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្ដីល្អ ដែលព្រះអង្គបានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គនោះឡើយ។ 57សូមព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា បានគង់ជាមួយយើង ដូចជាព្រះអង្គបានគង់ជាមួយបុព្វបុរសយើងដែរ សូមកុំឲ្យព្រះអង្គលះបង់ ឬទុកយើងរាល់គ្នាចោលឡើយ 58ដើម្បីឲ្យព្រះអង្គបានបង្វែរចិត្តយើងទៅរកព្រះអង្គ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមសេចក្ដីបង្គាប់ និងក្រឹត្យក្រម ព្រមទាំងបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ដល់បុព្វបុរសរបស់យើងរាល់គ្នា។ 59សូមឲ្យពាក្យដែលយើងបានទូលអង្វរទាំងនេះ បាននៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យព្រះអង្គបានសម្រេចតាមសេចក្ដីត្រឹមត្រូវចំពោះយើង ជាអ្នកបម្រើរបស់ព្រះអង្គ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង តាមត្រូវការរាល់តែថ្ងៃ 60ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះយេហូវ៉ាជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ។ 61ដូច្នេះ សូមឲ្យចិត្តអ្នករាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្តិ ហើយកាន់តាមក្រឹត្យព្រះអង្គទាំងប៉ុន្មានដូចជាមានសព្វថ្លៃនេះ»។
ព្រះបាទសាឡូម៉ូនថ្វាយយញ្ញបូជា
62បន្ទាប់មក ស្តេច និងពួកអ៊ីស្រាអែលទាំងអស់បានថ្វាយយញ្ញបូជានៅចំពោះព្រះយេហូវ៉ា។ 63ឯយញ្ញបូជាដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយមេត្រី នោះគឺគោពីរម៉ឺនពីរពាន់ និងចៀមមួយសែនពីរម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហាររបស់ព្រះយេហូវ៉ា 64នៅថ្ងៃនោះឯង ស្តេចបានញែកទីលានកណ្ដាល ដែលនៅមុខព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់នៃតង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមដុតអស់ទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់របស់តង្វាយមេត្រីផងបានទេ។
65នៅវេលានោះ ព្រះបាទសាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង អស់ប្រាំពីរថ្ងៃ រួចរាប់ប្រាំពីរថ្ងៃទៀត សរុបទាំងអស់ដប់បួនថ្ងៃ។ 66នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនត្រឡប់ទៅវិញ គេក៏ថ្វាយព្រះពរព្រះរាជា រួចវិលទៅលំនៅដ្ឋានរបស់គេវិញរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies