១ យ៉ូហាន 4
4
ការល្បងមើលវិញ្ញាណ
1ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។ 2យើងស្គាល់ព្រះវិញ្ញាណរបស់ព្រះដោយសារសេចក្ដីនេះ គឺអស់ទាំងវិញ្ញាណណាដែលប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម វិញ្ញាណនោះហើយមកពីព្រះ 3តែវិញ្ញាណណាដែលមិនព្រមប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងព្រះគ្រីស្ទវិញ ជាវិញ្ញាណដែលអ្នករាល់គ្នាបានឮថា កំពុងតែមក ហើយឥឡូវនេះនៅក្នុងលោកីយ៍ស្រាប់។ 4ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។ 5ពួកនោះមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីដែលគេនិយាយចេញពីលោកីយ៍ ហើយលោកីយ៍ក៏ស្តាប់គេដែរ។ 6ឯយើងវិញ យើងមកពីព្រះ ហើយអ្នកណាដែលស្គាល់ព្រះ អ្នកនោះក៏ស្តាប់យើងដែរ តែអ្នកណាដែលមិនមកពីព្រះ អ្នកនោះមិនស្តាប់យើងឡើយ គឺដោយសារសេចក្ដីនេះឯង ដែលយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។
ព្រះទ្រង់ជាសេចក្ដីស្រឡាញ់
7ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។ 8អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់។ 9នេះជាសេចក្ដីស្រឡាញ់របស់ព្រះ ដែលបានសម្តែងមកក្នុងចំណោមយើង គឺព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គតែមួយឲ្យមកក្នុងលោកនេះ ដើម្បីឲ្យយើងបានរស់ដោយសារព្រះរាជបុត្រា។ 10នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនថាយើងបានស្រឡាញ់ព្រះនោះទេ គឺព្រះអង្គបានស្រឡាញ់យើង ហើយបានចាត់ព្រះរាជបុត្រាព្រះអង្គមក ទុកជាតង្វាយលោះបាបយើងផង។ 11ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងខ្លាំងដល់ម៉្លេះ នោះយើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ 12គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏នឹងពេញខ្នាតនៅក្នុងយើងដែរ។ 13យើងដឹងដោយសារសេចក្ដីនេះថា យើងស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងយើង ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ 14យើងបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា មកធ្វើជាព្រះសង្គ្រោះរបស់មនុស្សលោក។
15អ្នកណាដែលប្រកាសថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះ ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់ក្នុងព្រះដែរ។ 16យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ។ 17ដោយសារសេចក្ដីនេះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងក៏យ៉ាងនោះនៅក្នុងលោកនេះដែរ។ 18គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។ 19ឯយើងវិញ យើងស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។
20ប្រសិនបើអ្នកណាពោលថា «ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ អ្នកនោះក៏ពុំអាចស្រឡាញ់ព្រះ ដែលខ្លួនមើលមិនឃើញនោះបានដែរ។ 21យើងបានទទួលបទបញ្ជានេះមកពីព្រះអង្គថា អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវតែស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។
ទើបបានជ្រើសរើសហើយ៖
១ យ៉ូហាន 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies