១ យ៉ូហាន 2:5-11

១ យ៉ូហាន 2:5-11 គកស១៦

តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​ខ្នាត​នៅ​ក្នុង​អ្នក​នោះ។ យើងអាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​ពោល​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​ដើរ​ដូច​ព្រះ‌អង្គ​ដែរ។ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា​ថ្មី​មក​អ្នក​រាល់​គ្នា​ទេ គឺ​ជា​បទ‌បញ្ជា​ចាស់​ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បទ‌បញ្ជា​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​រួច​មក​ហើយ។ ព្រម​ជាមួយ​គ្នា​នេះ បទ‌បញ្ជា​មួយ​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ជា​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះ‌អង្គ និង​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រោះ​សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង​ហើយ។ អ្នក​ណា​ដែល​ពោល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹតនៅ​ឡើយ។ អ្នក​ណា​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​រស់​នៅ​ក្នុង​ពន្លឺ ហើយ​នៅ​ក្នុង​អ្នក​នោះ គ្មាន​ហេតុ​នឹង​ជំពប់​ដួល​ឡើយ។ ប៉ុន្ដែ អ្នក​ណា​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត ហើយ​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត ក៏​មិន​ដឹង​ជា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។

អាន ១ យ៉ូហាន 2