១ កូរិនថូស 14
14
អំណោយទានថ្លែងទំនាយ និងនិយាយភាសាដទៃ
1ចូរដេញតាមសេចក្តីស្រឡាញ់ ហើយសង្វាតឲ្យបានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសឲ្យអ្នករាល់គ្នាចេះថ្លែងទំនាយ។ 2ដ្បិតអ្នកណានិយាយភាសាដទៃ មិនមែននិយាយទៅកាន់មនុស្សទេ គឺនិយាយទៅកាន់ព្រះវិញ ព្រោះគ្មានអ្នកណាយល់បានទេ ព្រោះអ្នកនោះនិយាយជាសេចក្តីអាថ៌កំបាំង ដោយព្រះវិញ្ញាណ។ 3ផ្ទុយទៅវិញ អ្នកដែលថ្លែងទំនាយ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់នឹងស្អាងចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។ 4អ្នកណាដែលនិយាយភាសាដទៃ អ្នកនោះស្អាងចិត្តខ្លួនឯង តែអ្នកណាដែលថ្លែងទំនាយ ស្អាងចិត្តក្រុមជំនុំ។ 5ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់គ្នា តែចង់ឲ្យអ្នករាល់គ្នាថ្លែងទំនាយជាជាង ដ្បិតអ្នកដែលថ្លែងទំនាយ វិសេសជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកលែងតែអ្នកនោះបកប្រែផង ដើម្បីស្អាងចិត្តក្រុមជំនុំឡើង។
6ឥឡូវនេះ បងប្អូនអើយ បើខ្ញុំមករកអ្នករាល់គ្នាដោយនិយាយភាសាដទៃ តើខ្ញុំមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសម្ដែង ឬដោយចំណេះដឹង ដោយសេចក្តីទំនាយ ឬដោយសេចក្តីបង្រៀនវិញ។ 7សូម្បីតែឧបករណ៍តន្ដ្រីដែលគ្មានជីវិត ដូចជាខ្លុយ ឬស៊ុងក្តី ក៏ដូចគ្នា បើវាមិនបញ្ចេញសំឡេងខុសពីគ្នាទេ ធ្វើដូចម្តេចឲ្យដឹងបានថា ឧបករណ៍ដែលកំពុងលេងនោះ ជាខ្លុយ ឬជាស៊ុងទៅបាន? 8ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងប្រុងប្រៀបខ្លួនទៅច្បាំងបាន? 9ឯអ្នករាល់គ្នាក៏ដូច្នោះដែរ ប្រសិនបើអណ្តាតមិនបញ្ចេញពាក្យដែលស្តាប់បាន ធ្វើដូចម្តេចឲ្យគេដឹងថាអ្នករាល់គ្នានិយាយពីអ្វីទៅបាន? ដូច្នេះ អ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។ 10នៅក្នុងលោកនេះ មានសំឡេងច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ។ 11ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់សំឡេងនោះទេ ខ្ញុំនឹងដូចជាជនបរទេសចំពោះអ្នកនិយាយ ហើយអ្នកនិយាយក៏ដូចជាជនបរទសចំពោះខ្ញុំដែរ។ 12អ្នករាល់គ្នាក៏ដូច្នោះដែរ ដោយព្រោះអ្នករាល់គ្នាសង្វាតចង់បានអំណោយទានខាងវិញ្ញាណ នោះចូរខំឲ្យបានល្អវិសេសចុះ ដើម្បីស្អាងចិត្តក្រុមជំនុំ។
13ហេតុនេះ អ្នកណាដែលនិយាយភាសាដទៃ ត្រូវអធិស្ឋានសូមឲ្យចេះបកប្រែផង។ 14ដ្បិតបើខ្ញុំអធិស្ឋានជាភាសាដទៃ នោះវិញ្ញាណខ្ញុំអធិស្ឋាន តែគំនិតរបស់ខ្ញុំឥតរិះគិតអ្វីឡើយ។ 15ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏អធិស្ឋានដោយគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយក៏ច្រៀងដោយគំនិតរបស់ខ្ញុំដែរ។ 16ម្យ៉ាងវិញទៀត បើអ្នកសូមពរដោយវិញ្ញាណតែប៉ុណ្ណោះ ធ្វើម្តេចឲ្យអ្នកចូលរួមដែលមិនដឹងអាចនឹងពោលពាក្យ «អាម៉ែន» ចំពោះពាក្យអរព្រះគុណរបស់អ្នករាល់គ្នាបាន បើអ្នកនោះមិនដឹងថាអ្នកនិយាយពីអ្វីផងនោះ? 17ដ្បិតអ្នកអរព្រះគុណបានល្អមែនហើយ តែអ្នកដទៃមិនបានទទួលការស្អាងចិត្តទេ។ 18ខ្ញុំអរព្រះគុណព្រះ ដ្បិតខ្ញុំនិយាយភាសាដទៃច្រើនជាងអ្នករាល់គ្នាទាំងអស់ 19ប៉ុន្តែ ក្នុងក្រុមជំនុំ ខ្ញុំស៊ូនិយាយតែពាក្យប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីនឹងបង្រៀនមនុស្សឯទៀត ជាជាងនិយាយភាសាដទៃមួយម៉ឺនម៉ាត់វិញ។
20បងប្អូនអើយ កុំឲ្យអ្នករាល់គ្នាមានគំនិតដូចជាកូនក្មេងឡើយ ខាងឯសេចក្ដីអាក្រក់ ចូរដូចជាកូនង៉ែតចុះ តែខាងឯការយល់ដឹង ចូរពេញវ័យឡើង។ 21មានសេចក្តីចែងទុកមកក្នុងក្រឹត្យវិន័យថា៖ «យើងនឹងនិយាយទៅកាន់សាសន៍នេះ ដោយមនុស្សដែលនិយាយភាសាផ្សេងៗ ហើយដោយបបូរមាត់មនុស្សដទៃ តែទោះជាយ៉ាងនោះក៏ដោយ ក៏គេមិនស្តាប់យើងដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ 22ភាសាដទៃជាទីសម្គាល់មួយ មិនមែនសម្រាប់ពួកអ្នកជឿទេ គឺសម្រាប់ពួកអ្នកមិនជឿ ឯការថ្លែងទំនាយវិញ មិនមែនសម្រាប់ពួកអ្នកមិនជឿទេ គឺសម្រាប់ពួកអ្នកជឿវិញ។ 23ដូច្នេះ បើក្រុមជំនុំទាំងមូលមកជួបប្រជុំគ្នា ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានអ្នកដែលមិនដឹង ឬអ្នកមិនដែលជឿចូលមក តើគេនឹងមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ? 24តែបើថ្លែងទំនាយទាំងអស់គ្នាវិញ ហើយមានអ្នកដែលមិនជឿ ឬអ្នកខ្លះដែលមិនដឹងចូលមក នោះគេភ្ញាក់ដឹងខ្លួនឡើងដោយសារអ្នករាល់គ្នា ហើយគេត្រូវវិនិច្ឆ័យដោយសារអ្នករាល់គ្នាដែរ។ 25យ៉ាងនោះ សេចក្តីលាក់កំបាំងក្នុងចិត្តរបស់គេ នឹងបង្ហាញចេញមក ហើយគេនឹងក្រាបមុខដល់ដីថ្វាយបង្គំព្រះ ទាំងប្រកាសថា៖ «ព្រះពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន» ។
សណ្ដាប់ធ្នាប់ក្នុងការថ្វាយបង្គំ
26ដូច្នេះ បងប្អូនអើយ តើត្រូវធ្វើដូចម្តេច? ពេលអ្នករាល់គ្នាមកជួបប្រជុំគ្នា គ្រប់គ្នាមានទំនុកតម្កើង មានសេចក្តីបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ។ ចូរធ្វើគ្រប់ការទាំងអស់សម្រាប់ស្អាងចិត្តចុះ។ 27បើមានអ្នកណានិយាយភាសាដទៃ ត្រូវនិយាយតែពីរ ឬបីនាក់យ៉ាងច្រើន ហើយម្នាក់ម្តងៗ រួចត្រូវមានម្នាក់បកប្រែផង។ 28តែបើគ្មានអ្នកណាបកប្រែទេ ត្រូវឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយនិយាយទៅកាន់ព្រះតែក្នុងចិត្តទៅ។ 29ឯអ្នកដែលថ្លែងទំនាយ ចូរឲ្យពីរ ឬបីនាក់និយាយ ហើយឲ្យអ្នកឯទៀតៗពិចារណាមើល។ 30បើមានអ្នកណាម្នាក់ទៀតអង្គុយនៅទីនោះ បានទទួលការបើកសម្ដែងដែរ ត្រូវឲ្យអ្នកមុននៅស្ងៀមសិន។ 31ដ្បិតអ្នករាល់គ្នាទាំងអស់ អាចថ្លែងទំនាយបានម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយឲ្យគ្រប់គ្នាបានទទួលការលើកទឹកចិត្ត 32ឯវិញ្ញាណរបស់ពួកអ្នកដែលថ្លែងទំនាយ គឺស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងទំនាយនោះឯង 33ដ្បិតព្រះមិនមែនជាព្រះដែលឥតសណ្ដាប់ទេ គឺជាព្រះនៃសេចក្តីសុខសាន្តវិញ។
ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ 34ស្ត្រីៗត្រូវស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំ ដ្បិតមិនអនុញ្ញាតឲ្យនិយាយឡើយ គឺនាងត្រូវចុះចូល ដូចមានក្រឹត្យវិន័យចែងទុកមកស្រាប់។ 35ប្រសិនបើមានអ្វីមួយដែលនាងចង់ដឹង ត្រូវសួរប្តីនៅឯផ្ទះចុះ ដ្បិតដែលស្រ្ដីៗនិយាយនៅក្នុងក្រុមជំនុំ នោះគួរខ្មាសហើយ។ 36តើព្រះបន្ទូលបានចេញពីអ្នករាល់គ្នាមកឬ? ឬមួយមានតែអ្នករាល់គ្នាប៉ុណ្ណោះដែលទទួលបាន?
37ប្រសិនបើអ្នកណាម្នាក់ស្មានថា ខ្លួនជាអ្នកថ្លែងទំនាយ ឬថា ខ្លួនជាអ្នកមានអំណោយទានខាងវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាព្រះឱវាទរបស់ព្រះអម្ចាស់។ 38បើអ្នកណាមិនទទួលស្គាល់សេចក្ដីនេះទេ ត្រូវឲ្យអ្នកនោះគ្មានការទទួលស្គាល់ទៅចុះ។ 39ដូច្នេះ បងប្អូនអើយ ចូរសង្វាតឲ្យបានថ្លែងទំនាយ ហើយមិនត្រូវហាមឃាត់មិនឲ្យនិយាយភាសាដទៃឡើយ 40តែត្រូវធ្វើការទាំងអស់ដោយសមរម្យ ហើយដោយមានសណ្ដាប់ធ្នាប់ចុះ។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 14: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies