នៅថ្ងៃនោះ ព្រះបាទដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា តាមរយៈអេសាភ និងពួកបងប្អូនលោកថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គចុះ ចូរសម្ដែងពីអស់ទាំងការនៃព្រះអង្គ នៅកណ្ដាលគ្រប់ទាំងសាសន៍ ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរដល់ព្រះអង្គចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ចូរឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ គឺពីការចំឡែករបស់ព្រះអង្គ និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឧស្ឋ របស់ព្រះអង្គមក ឱពូជពង្សអ៊ីស្រាអែល ជាពួកបម្រើរបស់ព្រះអង្គ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ព្រះអង្គអើយ ព្រះអង្គជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ នៅពេញពាសលើផែនដី ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គជាដរាប គឺជាព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់ ដល់មនុស្សទាំងពាន់តំណ ជាសេចក្ដីសញ្ញាដែលព្រះអង្គបានតាំង នឹងលោកអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងលោកអ៊ីសាក ព្រមទាំងបញ្ជាក់សេចក្ដីនោះឯងទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សម្រាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច ដោយព្រះបន្ទូលថា យើងនិងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមត៌ករបស់ឯង ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង គេចេញដំណើរពីនគរមួយទៅនគរមួយ ហើយពីសាសន៍មួយដល់សាសន៍មួយទៀត ព្រះអង្គមិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ព្រះអង្គបានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង ដោយព្រះបន្ទូលថា កុំពាល់ពួកដែលយើងបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់យើងដែរ ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គរាល់ៗថ្ងៃ ចូរថ្លែងប្រាប់ពីសិរីល្អរបស់ព្រះអង្គ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ព្រះអង្គ នៅកណ្ដាលអស់ទាំងសាសន៍ ដ្បិតព្រះយេហូវ៉ាជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ ព្រោះអស់ទាំងព្រះនៃសាសន៍ដទៃសុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ ឯសេចក្ដីរុងរឿង ហើយសិរីលម្អ នោះនៅចំពោះព្រះអង្គ ឥទ្ធានុភាព និងអំណរក៏នៅទីកន្លែងរបស់ព្រះអង្គ ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាមានសិរីល្អ និងព្រះចេស្តា ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះព្រះអង្គចុះ ឯលោកីយ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ ចូរឲ្យផ្ទៃមេឃមានអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យសមុទ្រ និងបណ្ដាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចម្ការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដើម្បីជំនុំជម្រះផែនដី ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរតម្កើងដល់ព្រះអង្គ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ បន្ទាប់មក ប្រជាជនទាំងអស់ក៏ថា អាម៉ែន ហើយសរសើរតម្កើងដល់ព្រះយេហូវ៉ា។
អាន ១ របាក្សត្រ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ របាក្សត្រ 16:7-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ