១ របា‌ក្សត្រ 15

15
ហិប​នៃ​សេចក្ដី​សញ្ញា​មក​ដល់​ក្រុង​យេរូ‌សាឡិម
1ព្រះបាទ​ដាវីឌ​បាន​សង់​ដំណាក់​ផ្ទាល់​នៅ​ក្នុង​ក្រុង​ដាវីឌ ហើយ​ក៏​រៀបចំ​កន្លែង​សម្រាប់​ហិប​របស់​ព្រះ គឺ​បាន​ដំឡើង​ត្រសាល​សម្រាប់​ហិប​នោះ។ 2បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហិប​របស់​ព្រះ​ឡើយ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​គេ ទុក​ជា​អ្នក​សែង​ហិប​របស់​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់រហូត​តទៅ»។ 3ដូច្នេះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា មក​កន្លែង​ដែល​ទ្រង់​បាន​រៀប​ចំ។ 4ទ្រង់​ក៏​ប្រមូល​ពួក​កូន​ចៅ​លោក​អើរ៉ុន និង​ពួក​លេវី 5គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​អ៊ូរាល​ជា​មេ និង​បង‌ប្អូន​លោក​មួយរយ​ម្ភៃ​នាក់ 6ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​អ័សា‌យ៉ា​ជា​មេ និង​បង‌ប្អូន​លោក​ពីររយ​ម្ភៃ​នាក់ 7ក្នុង​ពួក​កូន​ចៅ​គើសុន មាន​យ៉ូអែល​ជា​មេ និង​បង‌ប្អូន​លោក​មួយ​រយ​សាម​សិប​នាក់ 8ក្នុង​ពួក​កូន​ចៅ​អេលីសា‌ផាន មាន​សេម៉ា‌យ៉ា​ជា​មេ និង​បង‌ប្អូន​លោក​ពីររយ​នាក់ 9ក្នុង​ពួក​កូន​ចៅ​ហេប្រុន មាន​អេលាល​ជា​មេ និង​បង‌ប្អូន​លោក​ប៉ែតសិប​នាក់ 10ក្នុង​ពួក​កូន​ចៅ​អ៊ូស៊ាល មាន​អ័មី‌ណាដាប់​ជា​មេ និង​បង‌ប្អូន​លោក​មួយ​រយ​ដប់​ពីរ​នាក់។ 11ព្រះបាទ​ដាវីឌ​ក៏​ហៅ​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​មក ព្រម​ទាំង​ពួក​លេវី គឺ​អ៊ូរាល អ័សា‌យ៉ា យ៉ូអែល សេម៉ា‌យ៉ា អេលាល និង​អ័មី‌ណា​ដាប់​ផង 12ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង‌ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មក​កន្លែង​ដែល​យើង​បាន​រៀបចំ 13ព្រោះ​លើក​មុន អ្នក​រាល់​គ្នា​មិន​បាន​សែង​ទេ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក​យើង ព្រះ‌អង្គ​បាន​ប្រហារ​ពួក​យើង គឺ​ព្រោះ​ពួក​យើង​មិន​បាន​ស្វែង​រក​ព្រះ‌អង្គ ឲ្យ​ត្រូវ​តាម​ក្បួន»។ 14ដូច្នេះ ពួក​សង្ឃ និង​ពួក​លេវី ក៏​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើង​មក។ 15ពួក​កូន​ចៅ​លេវី​បាន​សែង​ហិប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
16ព្រះបាទ​ដាវីឌមាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​លើ​ពួក​លេវី ដើម្បី​ឲ្យ​គេ​តម្រូវ​ពួក​ចម្រៀង ជា​បង‌ប្អូន​គេ កាន់​ប្រដាប់​ភ្លេង គឺ​ពិណ ស៊ុង និង​ឈិង លេង​ឲ្យ​ឮ​សូរ​ក្រលួច ហើយ​ឡើង​សំឡេង​ច្រៀង​ដោយ​អំណរ។ 17ពួក​លេវី​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក​នេះ គឺ​ហេម៉ាន ជា​កូន​យ៉ូអែល ហើយ​ក្នុង​ពួក​បង‌ប្អូន​របស់​លោក គឺ​អេសាភ ជា​កូន​រេបេ‌គា ឯ​ក្នុង​ពួក​ម្រ៉ារី ជា​បង‌ប្អូន​លោក គឺ​អេថាន ជា​កូន​គូសា‌យ៉ា 18ហើយ​ពួក​បង‌ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​ពីរ​ឲ្យ​បាន​នៅ​ជា‌មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេ‌ណា‌យ៉ា ម្អា‌សេ‌យ៉ា ម៉ាធិធា អេលី‌ផាលេ មីកនេ‌យ៉ា អូបិឌ-អេដុម និង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ។ 19ដូច្នេះ ពួក​អ្នក​ចម្រៀង គឺ​ហេម៉ាន អេសាភ និង​អេថាន ក៏​កាន់​ឈិង​លង្ហិន សម្រាប់​វាយ​ឲ្យ​ឮ​រងំ 20ហើយ​សាការី យ្អាស៊ាល សេមី‌រ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អា‌សេ‌យ៉ា និង​បេ‌ណា‌យ៉ា ក៏​កាន់​ពិណ សម្រាប់​ដេញ​តាម​សំឡេង​ស្រួច 21ហើយ​ម៉ាធិ‌ធា អេលី‌ផាលេ មីកនេ‌យ៉ា អូបិឌ-អេដុម យីអែល និង​អ័សា‌ស៊ា ក៏​កាន់​ស៊ុង​ខ្សែ​ប្រាំ​បី សម្រាប់​ចាប់​នាំ​មុខ​ពួក​ចម្រៀង 22ហើយ​កេណា‌នា ជា​មេ​ពួក​លេវី លោក​ត្រួត​លើការ​ចម្រៀង គឺ​លោក​ដែល​បង្ហាត់​ការ​នោះ ព្រោះ​លោក​ជា​អ្នក​ប្រសប់ 23ឯ​បេរេ‌គា និង​អែល‌កា‌ណា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សម្រាប់​បើក​ឲ្យ​ហិប​ចូល 24សេបានា យ៉ូសាផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេ‌ណា‌យ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហិប​នៃ​ព្រះ ឯ​អូបិឌ-អេដុម និង​យេហ៊ី‌យ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សម្រាប់​បើក​ឲ្យ​ហិប​ចេញ។
25ដូច្នេះ ព្រះបាទ​ដាវីឌ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​មេទ័ព ក៏​ទៅ​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដុម មក​ដោយ​អរ​សប្បាយ។ 26ដោយ​ព្រោះ​ព្រះ​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​ប្រាំពីរ និង​ពពែ​ប្រាំពីរ ទុក​ជា​យញ្ញ‌បូជា។ 27ឯ​ព្រះបាទ​ដាវីឌ​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត​ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហិប ពួក​ចម្រៀង និង​កេណា‌នា ជា​មេ​លើ​ពួក​ចម្រៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ។ 28គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ឡើង​មក ដោយ​សម្រែក​អរ​សប្បាយ និង​សូរ​ស្នែង ត្រែ ឈិង ព្រម​ទាំង​ដេញ​ពិណ ហើយ​ចាប់​ស៊ុង​ផង។
29កាល​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ក្នុង​ទី​ក្រុង​ដាវីឌ​ហើយ នោះ​មីកាល ជា​បុត្រី​សូល នាង​ទត​ទៅ​តាម​បង្អួច ឃើញ​ព្រះបាទ​ដាវីឌ​កំពុង​លោត​កញ្ឆេង ហើយ​លេង​ភ្លេង រួច​នាង​មាន​ព្រះ‌ហឫ‌ទ័យ​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល