ណាពីសាការីយ៉ា 9
9
អុលឡោះតាអាឡាវិនិច្ឆ័យទោស និងសង្គ្រោះប្រជាជាតិជិតខាងអ៊ីស្រអែល
1សេចក្ដីប្រកាស។ នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងអំពីស្រុកហាដ្រាក់។
ទ្រង់មានបន្ទូលទៅកាន់
អ្នកក្រុងដាម៉ាស
ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់
អុលឡោះតាអាឡាដូចកុលសម្ព័ន្ធទាំងប៉ុន្មាន
នៃជនជាតិអ៊ីស្រអែលដែរ។
2ទ្រង់មានបន្ទូលទៅកាន់
អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស
ទ្រង់មានបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស
និងអ្នកក្រុងស៊ីដូន
ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។
3ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំ
ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី
ហើយមានមាសច្រើន ដូចភក់ដែលគេដើរ
ជាន់នៅតាមផ្លូវ។
4ប៉ុន្តែ អុលឡោះតាអាឡានឹងយកចេញពីពួកគេទាំងអស់
ទ្រង់នឹងរុញកំពែងក្រុងរបស់គេ
ទម្លាក់ទៅក្នុងសមុទ្រ
ក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។
5ពេលឃើញហេតុការណ៍នេះ
ក្រុងអាស្កាឡូននឹងភ័យតក់ស្លុត
ក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំង
ក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។
ក្រុងកាសានឹងលែងមានស្ដេច
ក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។
6ពូជសាសន៍នានានឹងរស់នៅចំរុះគ្នា
ក្នុងក្រុងអាស្តូឌ
យើងនឹងបំបាត់អំនួតរបស់ពួកភីលីស្ទីន។
7យើងនឹងយកសាច់ដែលមានជាប់ឈាម
ចេញពីមាត់របស់គេ។
គឺសាច់ដែលគេសែនដល់ព្រះដ៏គួរស្អប់ខ្ពើម
ប្រជាជនភីលីស្ទីនដែលនៅសេសសល់
នឹងធ្វើជាប្រជារាស្ត្ររបស់យើង
ពួកគេនឹងធ្វើជាមេដឹកនាំ
ដូចកុលសម្ព័ន្ធយូដាដែរ។
ប្រជាជននៅក្រុងអេក្រូន
នឹងចូលរួមជាមួយប្រជារាស្ត្ររបស់យើង
ដូចអ្នកក្រុងយេបូសដែរ។
8យើងនឹងការពារដំណាក់របស់យើងមិនឲ្យ
កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ
ហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិន
ប្រជារាស្ដ្ររបស់យើងបានទៀតដែរ
ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។
អុលឡោះតាអាឡាសង្គ្រោះក្រុងយេរូសាឡឹម
9ប្រជាជនក្រុងស៊ីយ៉ូនអើយ
ចូរមានអំណររីករាយដ៏ខ្លាំងឡើង
ប្រជាជនក្រុងយេរូសាឡឹមអើយ
ចូរស្រែកហ៊ោយ៉ាងសប្បាយ
មើលហ្ន៎ ស្តេចរបស់អ្នក
មករកអ្នកហើយ
គាត់សុចរិត គាត់នាំការសង្គ្រោះមក
គាត់មានចិត្តស្លូតបូត
គាត់នៅលើខ្នងលា
គឺគាត់នៅលើខ្នងកូនលា។
10គាត់នឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីម
យកទ័ពសេះចេញពីក្រុងយេរូសាឡឹម
គាត់កាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។
គាត់នឹងប្រកាសប្រាប់ប្រជាជាតិនានា
អំពីសន្តិភាព។
គាត់នឹងគ្រប់គ្រងពីសមុទ្រម្ខាង
ទៅសមុទ្រម្ខាងទៀត
ហើយចាប់ពីទន្លេអឺប្រាតរហូតដល់
ទីដាច់ស្រយាលនៃផែនដី។
11ចំណែកឯអ្នកវិញ ដោយយល់ដល់ឈាមនៃ
សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក
យើងនឹងដោះលែងប្រជាជនរបស់អ្នក
ដែលជាប់ទោស
ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
12អ្នកទោសដែលពោរពេញទៅដោយ
សេចក្ដីសង្ឃឹមអើយ
ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល
មានកំពែងដ៏រឹងមាំវិញចុះ!
ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា
អ្វីៗដែលអ្នករាល់គ្នាខាតបង់
យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
13យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង
យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ
ក្រុងស៊ីយ៉ូនអើយ
យើងនឹងចាត់កូនចៅរបស់អ្នក
ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន
យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។
14 អុលឡោះតាអាឡានឹងលេចមក ស្ថិតនៅពីលើពួកគេ
ព្រួញរបស់ទ្រង់ប្រៀបបាននឹងផ្លេកបន្ទោរ
អុលឡោះតាអាឡាជាម្ចាស់នឹងផ្លុំស្នែង
ទ្រង់នឹងទៅមុខក្នុងព្យុះសង្ឃរា
ដែលបក់មកពីទិសខាងត្បូង។
15 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ
ពួកគេបំផ្លាញ និងកិនកំទេចខ្មាំងសត្រូវដែល
ប្រើដង្ហក់បាញ់គ្រាប់គ្រួសមកលើពួកគេ។
ពួកគេបង្ហូរឈាមសត្រូវឲ្យហូរ
ដូចស្រាទំពាំងបាយជូរ
ឬដូចឈាមសត្វដែលគេសម្លាប់ធ្វើគូរបាន
ហូរពេញចាន នៅជ្រុងអាសនៈ។
16នៅថ្ងៃនោះ អុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ
នឹងសង្គ្រោះពួកគេ
ដូចអ្នកគង្វាលសង្គ្រោះហ្វូងចៀមរបស់ខ្លួន។
ពួកគេនឹងភ្លឺចិញ្ចែងចិញ្ចាចលើទឹកដីរបស់ខ្លួន
ដូចត្បូងពេជ្រភ្លឺចាំងពីមកុដ។
17នៅគ្រានោះ ពួកគេនឹងមានសុភមង្គល
ហើយសម្ផស្សដ៏ល្អបំផុត
ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្តល់ឲ្យ
យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
ទើបបានជ្រើសរើសហើយ៖
ណាពីសាការីយ៉ា 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.