ណាពី​សាកា‌រីយ៉ា 10

10
មាន​តែ​អុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​ដែល​សង្គ្រោះ​អ៊ីស្រ‌អែល
1ចូរ​ទូរអា​សូមអុលឡោះ‌តាអាឡា​ប្រទាន
ទឹក​ភ្លៀង​មក​អ្នក​រាល់​គ្នា នៅ​ចុង​រដូវ!
អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ
ទ្រង់​ប្រទាន​ទឹក​ភ្លៀង​មក​យ៉ាង​បរិបូណ៌
ទ្រង់​ធ្វើ​ឲ្យ​ដំណាំ​លូត​លាស់
នៅ​តាម​ចម្ការ​របស់​អ្នក​រាល់​គ្នា។
2រីឯ​រូប​ព្រះ​ក្លែង‌ក្លាយ
ដែល​អ្នក​រាល់​គ្នា​ទៅ​សាក​សួរ
ផ្ដល់​តែ​ចម្លើយ​បោក​បញ្ឆោត​ប៉ុណ្ណោះ
ពួក​ហោរា​ថ្លែង​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយ
សុបិន‌និមិត្ត​របស់​ពួក​គេ​សុទ្ធ​តែ​គ្មាន​ខ្លឹមសារ
ពាក្យ​លើក​ទឹក​ចិត្ត​របស់​ពួក​គេ
ក៏​ឥត​បាន​ការ​ដែរ។
ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ត្រូវ​វេទនា
វង្វេង​ខ្ចាត់‌ខ្ចាយ​ដូច​ហ្វូង​ចៀម គ្មាន​អ្នក​គង្វាល។
3«យើង​ខឹង​នឹង​ពួក​គង្វាល​ខ្លាំង​ណាស់
យើង​នឹង​ដាក់​ទោស​ជន​បរទេស​ដែល​ដឹក​នាំ
ប្រជា‌រាស្ត្រ​របស់​យើង»។
អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​មក​រំដោះ
កូន​ចៅ​យូដា​ដែល​ជា​ហ្វូង​ចៀម​របស់​ទ្រង់។
ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ
ទទួល​កិត្តិយស ដូច​សេះ​ចំបាំង​ដ៏​ចំណាន។
4មេ​ដឹក​នាំ​ទាំង​អស់​នឹង​កើត​ចេញ
ពី​កុល‌សម្ព័ន្ធ​យូដា
ពួក​គេ​រឹង‌មាំ​ដូច​ថ្ម​គ្រឹះ​ដ៏​សំខាន់
រឹង‌ប៉ឹង​ដូច​ចម្រឹង និង​ពូកែ​ដូច​ធ្នូ​ចំបាំង។
5ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច
ដែល​ជាន់​ឈ្លី​បច្ចា‌មិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។
ពួក​គេ​វាយ​សំរុក​ទៅ​លើ​ខ្មាំង
ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​គេ។
រីឯ​ទ័ព​សេះ​របស់​ខ្មាំង​សត្រូវ
នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។
6«យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា
យើង​នឹង​សង្គ្រោះ​កូន​ចៅ​យូសុះ
យើង​នឹង​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ
ដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។
ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជា‌ជន
ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ
ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ
យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។
7អេប្រាអ៊ីម​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច
ពួក​គេ​មាន​ចិត្ត​សប្បាយ ដូច​បាន​ស្រា​ផឹក។
ពេល​ឃើញ​ដូច្នេះ
កូន​ចៅ​របស់​ពួក​គេ​នឹង​មាន​ចិត្ត​ត្រេក‌អរ
ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ
ព្រោះ​តែអុលឡោះ‌តាអាឡា
8យើង​នឹង​ហៅ​ប្រជា‌រាស្ត្រ​របស់​យើង
ឲ្យ​មក​ជួប‌ជុំ​គ្នា
ដ្បិត​យើង​បាន​រំដោះ​ពួក​គេ។
ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។
9យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ
ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើង
ពួក​គេ​នឹង​បង្កើត​កូន​ចៅ
ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។
10យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប
យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី
យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ
ស្រុក​កាឡាដ និង​ស្រុក​លីបង់
រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។
11ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ
យើង​នឹង​វាយ​រលក​សមុទ្រ
ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។
យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត
ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។
12យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើង
ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង»
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា

ទើបបានជ្រើសរើសហើយ៖

ណាពី​សាកា‌រីយ៉ា 10: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល