ណាពីសាការីយ៉ា 3
3
និមិត្តហេតុអស្ចារ្យអំពីមូស្ទី
1 អុលឡោះតាអាឡាបានឲ្យខ្ញុំឃើញមូស្ទីយេសួរ ឈរនៅមុខម៉ាឡាអ៊ីកាត់របស់ទ្រង់ ហើយអ៊ីព្លេសហ្សៃតនឈរខាងស្ដាំ ដើម្បីចោទប្រកាន់គាត់។ 2ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ពោលទៅកាន់អ៊ីព្លេសហ្សៃតនថា៖ «សូមអុលឡោះតាអាឡាផ្ដន្ទាទោសអ្នក! អ៊ីព្លេសហ្សៃតនអើយ សូមអុលឡោះតាអាឡាផ្ដន្ទាទោសអ្នក! ទ្រង់ពេញចិត្តជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ គាត់ប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។
3ពេលនោះ លោកយេសួរមានសម្លៀកបំពាក់កខ្វក់ គាត់ឈរនៅមុខម៉ាឡាអ៊ីកាត់។ 4ម៉ាឡាអ៊ីកាត់នេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីគាត់!»។ ម៉ាឡាអ៊ីកាត់ពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីអ្នក ហើយឲ្យអ្នកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។ 5បន្ទាប់មក ខ្ញុំពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនគាត់!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនគាត់។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅក្បែរនោះ។
6ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថ្លែងមកកាន់លោកយេសួរថា៖ 7អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។ 8ដូច្នេះ មូស្ទីយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ 9យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 10នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ទើបបានជ្រើសរើសហើយ៖
ណាពីសាការីយ៉ា 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.